ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តដឹកកំណាត់ឈើឈប់អត់ភ្លើងសញ្ញា ម៉ូតូមកពីក្រោយបុកពេញទំហឹងស្លាប់២នាក់

ខេត្តកំពង់ធំ៖ គ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូ បុករថយន្តកែឆ្នៃ ក្នុងទិសដៅស្របគ្នា (ពីជើងទៅត្បង) បណ្តាលឲ្យស្លាប់ មនុស្ស២នាក់ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១៨និង៣៥នាទី នៅថ្ងៃពុធ ១១កើត ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៨ លើកំណាត់ផ្លូវជាតិលេខ០៦ ត្រង់ចំណុចស្ពានអូរប្រសាទ ភូមិជ័យជំនះ ឃុំកកោះ ស្រុកសន្ទុក ខេត្តកំពង់ធំ ។

សមត្ថកិច្ចបានឲ្យដឹងថា អ្នកបើកបរម៉ូតូម៉ាកយ៉ាម៉ាហា ពណ៌ខ្មៅ គ្មានផ្លាកលេខឈ្មោះ ឡាញ់ លុច ភេទប្រុស អាយុ៣៨ឆ្នាំ នៅភូមិស្លាកែត ឃុំក្រវ៉ា ស្រុកបារាយណ៍ ខេត្តកំពង់ធំ(ស្លាប់នៅកន្លែងកើតហេតុ)(ពាក់មួកសុវត្ថិភាព) អ្នករួមដំណើរឈ្មោះ លាន់ ល័ន ភេទប្រុស អាយុ១១ឆ្នាំ នៅស្រុកកំពង់ស្វាយ ត្រូវជាក្មួយអ្នកបើកបរម៉ូតូ (ស្លាប់នៅមន្ទីរពេទ្យខេត្តកំពង់ធំ)(មិនពាក់មួកសុវត្ថិភាព)។

រថយន្តកែឆ្នៃ មិនមានស្លាកលេខដឹកកំណាត់ឈើ បើកបរដោយឈ្មោះ គៀន រិទ្ធ ភេទប្រុស អាយុ៣៩ឆ្នាំ នៅភូមិបល្ល័ង្ក ឃុំបល្ល័ង្ក ស្រុកបារាយណ៍ ខេត្តកំពង់ធំ ត្រូវឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកសន្ទុក ។

មូលហេតុ ជាបឋមបង្ក ដោយសាររថយន្តកែឆ្នៃឈប់លើទ្រូងផ្លូវ គ្មានភ្លើងបំភ្លឺខាងក្រោយ ។

ក្រោយកើតហេតុសមត្ងកិច្ចបានចុះវាស់វែងធ្វើកំណត់ហេតុ ប្រមូលវត្ថុតាងរក្សាមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកសន្ទុករង់ចាំដោះស្រាយគ្នាជាក្រោយ ៕ ប៊ុនរិទ្ធី