ព័ត៌មានទាន់ហេតុការណ៍៖

មនុស្ស២នាក់ស្លាប់ និង២នាក់ទៀត របួសធ្ងន់ ក្នុងហេតុការណ៍រថយន្តបុកម៉ូតូ រួចបន្តទៅបុករទេះក្របី

ខេត្តកំពង់ធំ៖ រថយន្ត បុកម៉ូតូរួចបន្តទៅបុករទេះក្របី ក្នុងទឹសដៅស្របពីជើងទៅត្បូង បណ្តាលឲស្លាប់មនុស្ស០២នាក់ និងរបួសធ្ងន់០២នាក់ ហេតុការណ៍នេះ វេលាម៉ោង០៦ៈ១៥(ព្រឹក) ថ្ងៃពុធ ០៨កើត ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៨ លើកំណាត់ផ្លូវជាតិលេខ០៦ ភូមិស្ពានគ្រង ឃំុចំណារក្រោម ស្រុកស្ទោង ខេត្តកំពង់ធំ ។

សមត្ថកិច្ចបានឲ្យដឹងថា រថយន្តម៉ាកហ៊ីយ៉ាន់ដាយ (ផ្លូវបី) ពណ៌ស ពាក់ផ្លាកលេខព្រះសីហនុ3A.7250 បើកបរដោយឈ្មោះ រឿន.វណ្ណេត ភេទប្រុស អាយុ២៦ឆ្នាំ នៅភូមិចុងកៅស៊ូ ឃុំស្លក្រាម ក្រុងសៀមរាម ខេត្តសៀមរាប (នាំខ្លួនទៅអធិការដ្ឋាននគរបាលស្រុកស្ទោង) ។

ម៉ូតូម៉ាកហុងដា C125 ពណ៌ខ្មៅ ផ្លាកលេខគ្មាន បើកបរ ដោយឈ្មោះ ពុធ.ធីតា ភេទស្រី អាយុ១៨ឆ្នាំ នៅភូមិ ឃុំកើតហេតុខាងលើ(របួសធ្ងន់)(មិនពាក់មួកសុវត្ថិភាព)។ អ្នករួមដំណើរឈ្មោះ ហ៊ាន តន ភេទស្រី អាយុ៧៤ឆ្នាំ នៅភូមិ ឃុំកើតហេតុខាងលើ(ស្លាប់នៅកន្លែងកើតហេតុ)(មិនពាក់មួកសុវត្ថិភាព)។

រទេះក្របី បរដោយឈ្មោះ កង ញន ភេទប្រុស អាយុ៦១ឆ្នាំ នៅភូមិ ឃុំកើតហេតុខាងលើ(របួសធ្ងន់)។ អ្នករួមដំណើរឈ្មោះ ហុីង លី ភេទស្រី អាយុ៦៤ឆ្នាំ នៅភូមិ ឃុំកើតហេតុខាងលើ (ស្លាប់នៅមណ្ឌលសុខភាពបង្អែកស្ទោង) ។

មូលហេតុជាបឋមបង្កឡើងដោយអ្នកបើកបររថយន្តបើកបរក្នុងស្ថានភាពងងុយគេង ហើយមានល្បឿនលឿន និងមិនប្រកាន់គន្លងរបស់ខ្លួន ចូលទៅបុកក្នុងគន្លងម៉ូតូ និងរទេះក្របី ។

ក្រោយកើតហេតសមត្ថកិច្ចបញ្ជូនជនរងគ្រោះទៅមន្ទីរពេទ្យ វត្ថុតាងរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកស្ទោង ឯអ្នកស្លាប់បានប្រគល់ឲ្យសាច់ញាតិក្រុមគ្រួសារុកទៅធ្វើបុណ្យតសមប្រពៃណី ៕ ប៊ុនរិទ្ធី