ព័ត៌មានទាន់ហេតុការណ៍៖
New Peace Studio

មនុស្ស៣នាក់រងរបួសធ្ងន់ និងស្រាលក្នុងហេតុការណ៍បើករថយន្តប្រដេញរថយន្តដឹកឈើបុកបង្គោលភ្លើង

ខេត្តកំពង់ឆ្នាំង៖ មនុស្ស៣នាក់បានរងរបួសធ្ងន់ និងស្រាលនៅក្នុងហេតុការណ៍គ្រោះថ្នាក់រាចរណ៍រថយន្តបុក បង្គោលភ្លើងនៅតាមផ្លូវ ខណៈដែលគេប្រដេញតាមរថយន្តដឹកឈើ ។

ហេតុការណ៍ខាងលើនេះបានកើតឡើងនៅវេលាម៉ោង១៧ និង៥០នាទី ថ្ងៃអង្គារ ១កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៨

នៅលើកំណាត់ផ្លូវជាតិលេខ៥ ចន្លោះបង្គោលគីឡូម៉ែត្រលេខ១២១ និង១២២ ស្ថិតក្នុងភូមិក្រាំងខ្មែរ ឃុំពពេល ស្រុកបរិបូណ៍ ខេត្តកំពង់ឆ្នាំង ។

រថយន្តដែលរងគ្រោះថ្នាក់បុកបង្គោលភ្លើង ម៉ាកកាមរីបាឡែន ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2T3054 បើកបរដោយមន្ត្រីស្នាក់ការសន្តិសុខ៥០១ ឃុំត្រពាំងចាន់ មានគ្នា៣នាក់ ក្នុងទិដៅពីជើងទៅត្បូង ក្នុងល្បឿនលឿន មកដល់ចំណុចកើតហេតុខាងលើ ខណៈដែលមានផ្លូវកោងខ្លាំង បានរេចង្កូតបុកផ្ទុបនឹងបង្គោលភ្លើងបណ្តាលឲ្យបាក់មួយដើម និងបង្គោលចំណាំងផ្លាតដែលដាក់តាមផ្លូវមួយដើមទៀតទៅមុខលែងរួច ។

ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុ គេបានឃើញរថយន្តខាងលើបានបើកបរក្នុងល្បឿនលឿន ប្រដេញរថយន្តដឹកឈើមួយទៀតខាងមុខ ស្រាប់តែជ្រុលទៅបុកបង្គោលភ្លើងបណ្តាកឲ្យខ្ទេចមុខរថយន្តទៅមុខមិនរួច ខណៈដែលមនុស្សក្នុងរថយន្តរងរបួសធ្ងន់ និងស្រាល និងមិនត្រូវបានគេស្គាល់ឈ្មោះឡើយ ។

ក្រោយពេលកើតហេតុគេឃើញរថយន្តផ្សេងទៀតមកយកអ្នករងរបួសចេញពីកន្លែងកើតហេតុភ្លាមៗផងដែរ ដោយឡែករថយន្ត ក៏ត្រូវបានគេអូសចេញពីកន្លែងកើតហេតុ នាំយកទៅជួសជុលបាត់ភ្លាមៗ ។

ប្រភពដោយឡែកមួយផ្សេងទៀតបានបង្ហើបឲ្យដឹងថា ជារៀងរាល់យប់រថយន្តដឹកឈើឆ្លងកាត់ខេត្តកំពង់ឆ្នាំងមិនខ្វះនោះឡើយ ខណៈដែលសមត្ថកិច្ចតាមផ្លូវជាតិបណ្តាក់គ្នាដូចខ្យងប្រដេញតាមផ្លូវស្ទើររាល់យប់ តែមិនដែលចាប់បានម្តងណានោះឡើយ ។

ពាក់ពន្ធ័នឹងករណីខាងលើនេះ ប្រជាពលរដ្ឋនៅក្នុងតំបន់ខាងលើ បានអំពាវនាវដល់ផ្នែកពាក់ព័ន្ធមេត្តាចាត់វិធានការដល់ក្រុមមន្ត្រីរបស់ខ្លួនផងដែរ ដែលធ្វើឲ្យប្រជាពករដ្ឋមានភ្ញាក់ផ្អើល និងភ័យខ្លាចពីសុវត្ថភាពក្នុងការធ្វើដំណើរ ៕ ចន្ថា