ព័ត៌មានទាន់ហេតុការណ៍៖
New Peace Studio

មនុស្ស៣នាក់ ថ្នាំញៀន៣កញ្ចប់ធំត្រូវសមត្ថកិច្ចក្របួចនៅផ្ទះសំណាក់ហ្វិឡា

ខេត្តត្បូងឃ្មុំ៖ នៅវេលាម៉ោង ១០ និង ៣០ នាទី ថ្ងៃទី ២០ ខែមេសា ឆ្នាំ២០១៨ កម្លាំងនគរបាលប្រឆាំងគ្រឿងញៀនស្រុកមេមត់ សហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលមេមត់ ចុះធ្វើការឃាត់ខ្លួនជនសង្ស័យ ០៣ នាក់ នៅចំណុចផ្ទះសំណាក់ហ្វិឡា ស្ថិតក្នុងភូមិម៉ាស៊៏នទឹក ឃុំមេមត់ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ពាក់ព័ន្ធករណីរក្សាទុក ដឹកជញ្ជូន ជួញដូរគ្រឿងញៀន ។

ខណៈពេលកម្លាំងយើងចុះទៅដល់កន្លែងខាងលើបានធ្វើការឃាត់ខ្លួនជនសង្ស័យ ០៣ នាក់ ៖ ១.ឈ្មោះ ធឿន វ៉ក ភេទប្រុស អាយុ ២៧ ឆ្នាំ ជាតិខ្មែរ រស់នៅភូមិរូង ឃុំរូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ, ២.ឈ្មោះ យ៉ាត់ ប៉ិ ភេទប្រុស អាយុ ៣៤ ឆ្នាំ ជាតិខ្មែរ រស់នៅភូមិបេង ឃុំរូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ និង ៣.ឈ្មោះ ពេជ្រ ក្រឹម ភេទប្រុស អាយុ ២៩ ឆ្នាំ ជាតិខ្មែរ រស់នៅភូមិរូង ឃុំរូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ។

ក្រោយពីបានឃើញជនសង្ស័យទាំងបីកម្លាំងបានឃាត់ខ្លួន រួចឆែកឆេររកឃើញម្សៅក្រាមពណ៌សសង្ស័យជាគ្រឿងញៀនប្រភេទម៉ាទឹកកកចំនួន ០៣ កញ្ចប់ធំ រួចបញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកមេមត់ ដើម្បីសាកសួរបន្ត និងកសាងសំណុំរឿងទៅតាមនីតិវិធី ។

បច្ចុប្បន្នជនសង្ស័យទាំង ០៣ នាក់ និងវត្ថុតាងថ្នាំញៀន ០៣ កញ្ចប់ធំ ត្រូវបានសមត្ថកិច្ចជំនាញនៃផ្នែកប្រឆាំងបទល្មើសគ្រឿងញៀនស្រុកមេមត់ បានកសាងសំណុំរឿងរួចរាល់ និងបញ្ជូនខ្លួនទៅឲ្យតុលាការខេត្តត្បូងឃ្មុំ ដើម្បីចាត់ការតាមច្បាប់ ៕ វណ្ណៈ