ព័ត៌មានទាន់ហេតុការណ៍៖

មនុស្ស ប្រុស ស្រី៤នាក់ រងរបួសធ្ងន់ ស្រាល ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ រថយន្តសាំយ៉ុង បុកគោយន្ត

ប៉ោយប៉ែត៖ មនុស្ស៤នាក់ របួសធ្ងន់ ស្រាល ដោយសារគ្រោះថ្នាក់ចរាចរសាំយ៉ុង បុកគោយន្តដឹកឈើពីក្រោយ កាលពីវេលាម៉ោង៨ និង២៥នាទីយប់ ថ្ងៃទី៨ ខែកញ្ញា ឆ្នាំ ២០១៨ លើដងផ្លូវជាតិលេខ៥៨ ក្នុងភូមិទួលពង្រ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។

សមត្ថកិច្ចបញ្ជាក់ថា ជនរងគ្រោះ ឈ្មោះ ជួន ឆាយ ភេទប្រុស អាយុ៥៧ឆ្នាំ (បាក់ជើងស្ដាំ) ជាអ្នកបើកបររថយន្តសាំយ៉ុង និងមានទីលំនៅភូមិក្បាលទំនប់ ឃុំអូរសំព័រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ , ឈ្មោះ ខាខឿន ភេទប្រុស អាយុ៣៧ឆ្នាំ របួសដៃឆ្វេង អ្នករួមដំណើរលើគោយន្តកន្ត្រៃ សណ្តោងរ៉ឺម៉ក និងមានទីលំនៅភូមិសិលាខ្មែរ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ៣ ខេត្តបន្ទាយមានជ័យ, ឈ្មោះ ស្រឿង គង់ ភេទប្រុស អាយុ២០ឆ្នាំ ជាអ្នកបើកបរគោយន្ត រងរបួសធ្ងន់លើផ្ទៃមុខ មានទីលំនៅភូមិអណ្តូងថ្មមាស សង្កាត់កើតហេតុ និងឈ្មោះ យួន ទេវ៉ា ភេទប្រុស អាយុ១២ឆ្នាំ ជាក្មួយអ្នកបើកបរគោយន្ត ។

ប្រភពបន្តថា មុនកើតហេតុមានគោយន្តមួយគ្រឿងដឹកគ្រឿងផ្ទះចេញពីភូមិផ្សារកណ្តាល បើកតាមផ្លូវជាតិខាងលើក្នុងទិសដៅស្របគ្នា លុះដល់ចំណុចកើហេតុសង្ស័យ ងងឹតរថយន្តសាំយ៉ុង ដែលបើកបរចេញពីស្រុកម៉ាឡៃបម្រុងទៅដឹកកម្មកររោងចក្រ ពាក់ស្លាកលេខ ភ្នំពេញ 2F.9946 បុកគោយន្តពីក្រោយបណ្ដាលឲ្យគ្រោះថ្នាក់តែម្ដង ។

ជនរងគ្រោះដឹកបញ្ជូនចូលទៅមន្ទីរពេទ្យបង្អែកក្រុងប៉ោយប៉ែត ដើម្បីសង្គ្រោះ ។

ចំពោះយានយន្តពាក់ព័ន្ធទាំពីរគ្រឿង ក្រោយពេលវាស់វែង សមត្ថកិច្ចបានយកទៅរក្សាទុកនៅកន្លែងអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត រង់ចាំដោះស្រាយតាមផ្លូវច្បាប់ ៕ វណ្ណា