ព័ត៌មានទាន់ហេតុការណ៍៖

មនុស្ស ៣ នាក់របួសធ្ងន់ស្រាលដោយសាររថយន្តប្រភេទ ១២ កៅអីបើកកៀរបណ្តាលអោយដួល

ភ្នំពេញ ៖ បុរសម្នាក់បានរងរបួសធ្ងន់និងស្រាល២នាក់ ខណៈដែលពួកគេកំពុងជិះម៉ូតូវ៉េវមួយគ្រឿង ហើយត្រូវរថយន្តទេសចរណ៍មួយគ្រឿង បើកកៀរបណ្តាលឲ្យដួលបោកទៅនឹងថ្នល់ ហើយរថយន្តបង្កបានបើកគេចខ្លួន បាត់ស្រមោល កាលពីវេលាម៉ោង១២និង១០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៥ នៅចំណុចខាងជើងរង្វង់មូលវិមានឯករាជ្យ តាមបណ្តោយផ្លូវលេខ២៦៨ កែងផ្លូវនរោត្តម ស្ថិតក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ ។

ជនរងគ្រោះទី១ឈ្មោះ សែម សុលី ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរជាជាងកាត់សក់ ទី២ ឈ្មោះ សែម សុរិន ភេទប្រុស អាយុ២៧ឆ្នាំ មុខរបជាងកាត់សក់ ទី៣ ឈ្មោះ តយ ភេទប្រុស អាយុ៣៥ ឆ្នាំ នាក់ទាំង៣ស្នាក់នៅផ្ទះជួលដំបូលខៀវ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ជិះម៉ូតូម៉ាកវ៉េវ ពណ៌ខ្មៅ គ្មានស្លាកលេខ ។

តាមសំដីឈ្មោះ សែន សុលី បានរៀបរាប់ថា មុនពេលកើតហេតុពូកគេបានជូបជុំគ្នាដោយ ជប់លៀងមិត្តភក្តិទើបតែមកពីប្រទេសថៃ ផឹកស៊ីនៅផ្ទះជួល ហើយក៏បាននាំគ្នាជិះម៉ូតូមកដើរ លេងនៅម្តុំកោះពេជ្រ ពេលជិះមកវិញ ដោយធ្វើដំណើរតាមបណ្តោយផ្លូវលេខ២៦៨ ក្នុងទិសដៅពី លិចទៅកើត ខណៈមកដល់ចំណុចកើតហេតុ ស្រាប់តែមានរថយន្តទេសចរណ៍មិនចាំស្លាកលេខ ធ្វើដំណើរស្របទិសគ្នាហើយបានបើកបត់ស្តាំទៅជើងតាមផ្លូវនរោត្តម ក៏បានកៀរម៉ូតូពូកគេបណ្តាល ឲ្យដួលរងរបួសធ្ងន់ ហើយរថយន្តបង្កបានបើកគេចខ្លួនបាត់ស្រមោល ។

ក្រោយពេលកើតហេតុជនរងគ្រោះដែលរបួសធ្ងន់ត្រូវបានមិត្តភក្តិដឹកតាមរ៉ឺម៉កកង់បីទៅ យកទៅសង្គ្រោះនៅមន្ទីរពេទ្យ ចំណែកអ្នកដែលរបួសស្រាលក៏បានយកម៉ូតូទៅផ្ទះដោយមិនបាន ដាក់ពាក្យបណ្តឹងនោះទេ ដោយសារតែរថយន្តបង្កគេចខ្លួនបាត់ ៕

ចាន់ធឿន

Çhantheuon-3-(2)

Çhantheuon-3

Çhantheuon-3-(1)