ព័ត៌មានទាន់ហេតុការណ៍៖

មន្ត្រីកាំកុងត្រូលដកហូតសរសៃគុយទាវ៨គីឡូក្រាមមានលាយគីមីនៅក្នុងផ្សារព្រៃវែង

ខេត្តព្រៃវែង៖ ខណៈដែលពិធីបុណ្យ ចូលឆ្នាំថ្មី ប្រពៃណីខ្មែរ ខិតចូលមកដល់ នាពេលប៉ុន្មានថ្ងៃខាងមុខនេះ បងប្អូន ប្រជាពលរដ្ឋគ្រប់ភូមិ ស្រុក បានសម្រុកនាំ គ្នាទៅកាន់ទីផ្សារ ដើម្បីរកទិញចំណី អាហារ និងសម្ភារផ្សេងៗ ទុកសម្រាប់ ពិធីបុណ្យដ៏ធំមួយនេះ ។

ដើម្បីការពារសុខុមាលភាពបងប្អូន ប្រជាពលរដ្ឋ មន្រ្តីកាំកុងត្រូលសាខាខេត្តព្រៃវែង សហការជាមួយមន្រ្តីជំនាញឡាបូ នាយកដ្ឋានកាំកុងត្រូល បានចុះទៅធ្វើការត្រួតពិនិត្យទំនិញជាច្រើនប្រភេទ នៅក្នុង ផ្សារក្រុងព្រៃវែង កាលពីព្រឹកថ្ងៃអង្គារ ១០ រោច ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី១០ ខែមេសា ឆ្នាំ ២០១៨ ហើយសកម្មភាពត្រួតពិនិត្យនេះ ក៏ទទួលបាននូវការគាំទ្រយ៉ាងខ្លាំងផងដែរ ពីសំណាក់បងប្អូនប្រជាពលរដ្ឋ នៅក្រុង ព្រៃវែងទាំងមូល ។

លោក អ៊ុត សុភាព ប្រធានសាខាកាំ កុងត្រូលខេត្តព្រៃវែង បានឲ្យដឹងថា សកម្មភាពត្រួតពិនិត្យក្នុងផ្សារព្រៃវែងនេះ មន្រ្តី របស់លោកបានត្រួតពិនិត្យទៅលើចំណីអាហារប្រភេទបន្លែ ផ្លែឈើ គ្រឿងសមុទ្រ ជ្រក់ត្រសក់ ជ្រក់ស្ពៃ សរសៃរគុយទាវ និង ទំនិញជាច្រើនប្រភេទទៀត សរុបជាង៣០ មុខ និងបានយកសំណាកទាំងនោះ ទៅ ពិសោធនៅក្នុងរថយន្តមន្ទីរពិសោធន៍ ចល័តភ្លាមៗ ហើយជាលទ្ធផលបានរក ឃើញថា ទាំងបន្លែផ្លែឈើ និងទំនិញជា ច្រើនទៀត គឺពុំមានដាក់សារធាតុគីមីដែលច្បាប់ហាមឃាត់នោះទេ មានតែសរសៃ គុយទាវ ដែលផលិតនៅក្រុងព្រៃវែងមួយ មុខគត់ ដែលរកឃើញមានដាក់សារធាតុ បូរ៉ាក់ ជាសារធាតុដែលធ្វើឲ្យសរសៃ គុយទាវស្វិត តែប៉ះពាល់ដល់សុខភាព អ្នកបរិភោគ។

លោក អ៊ុត សុភាព បានបញ្ជាក់ថា ក្រោយពីរកឃើញមានសារធាតុ បូរ៉ាក់ នៅក្នុងសរសៃគុយទាវ លោកក៏ដកហូត ភ្លាមៗ បានសរសៃរគុយទាវចំនួន៨គីឡូ ក្រាម ទុកយកទៅបំផ្លាញចោល។ ជាមួយគ្នានោះក៏បានណែនាំដល់អាជីវករ និងឲ្យធ្វើកិច្ចសន្យាឈប់ដាក់លក់សរសៃរគុយ ទាវ ដែលមានសារធាតុគីមីបែបនេះតទៅ ទៀត។

ដោយឡែក បងប្អូនប្រជាពលរដ្ឋវិញ បានសម្តែងនូវការត្រេកអរជាខ្លាំង នៅ ពេលដែលមន្រ្តីជំនាញពិនិត្យទៅលើចំណីអាហារប្រភេទបន្លែ ផ្លែឈើ ហើយរកមិនឃើញមានដាក់សារធាតុគីមីនោះ ព្រោះ រាល់ថ្ងៃពួកគាត់មានការព្រួយបារម្ភណាស់ពីបញ្ហានេះ ប៉ុន្តែក្រោយពិនិត្យឃើញថា មិនមានសារធាតុគីមីបែបនេះ ពួកគាត់ទុក ចិត្តហើយ៕ ហេង នរិន្ទ្រ