ព័ត៌មានទាន់ហេតុការណ៍៖

មន្ត្រីកាំកុងត្រូលសហការជាមួយអាជ្ញាធរមូលដ្ឋានចុះត្រួតពិនិត្យទំនិញខូចគុណភាពនិងម្ហូបអាហារដែលប្រើសារធាតុបូរ៉ាក់នៅផ្សារស្ទឹងសែន

ខេត្តកំពង់ធំ ៖ កាលពីព្រឹកថ្ងៃទី៤ ខែ សីហា ឆ្នាំ២០១៦ មន្ត្រីកាំកុងត្រូលសាខាខេត្តកំពង់ធំសហការជាមួយមន្ត្រីមន្ទីរ ពាណិជ្ជកម្មខេត្តនិងសមត្ថកិច្ចមូលដ្ឋានបានចុះត្រួតពិនិត្យលើមុខទំនិញហួសកាលបរិ ច្ឆេទ ខូចគុណភាព តាមម៉ាត ឬមុខម្ហូប​ អាហារនៅតាមតូបមួយចំនួនក្នុងផ្សារស្ទឹងសែន ក្រុងស្ទឹងសែន ខេត្តកំពង់ធំហើយ​ បានរកឃើញណែមត្រី១៦.៥គីឡូក្រាមមានដាក់សារធាតុបូរ៉ាក់ ។

នៅក្នុងពេលចុះត្រួតពិនិត្យនេះកម្លាំងជំនាញចម្រុះបានចូលឆែកនៅកន្លែងម៉ាតក្នុងស្ថានីយប្រេងឥន្ធនៈតេលា និងតាម បណ្តាតូបមួយចំនួនទៀតនៅក្នុងផ្សារ ជុំវិញផ្សារស្ទឹងសែនតែពុំមានទំនិញខូច គុណភាពនោះទេ ។ បន្ទាប់មកសមត្ថកិច្ចជំនាញបានធ្វើតេស្តទៅលើផលិតផល​ណែមសាច់ត្រីចំនួន៤កន្លែង ក្នុងនោះរកឃើញ២កន្លែងមានប្រើសារធាតុបូរ៉ាក់ ហើយសមត្ថកិច្ចបានដកហូតយកផលិតផលណែមត្រីចំនួន១៦.៥គីឡូក្រាម ។ ម្ចាស់ណែមអ្នកស្រី ខែម គន្ធា បាននិយាយ​ប្រាប់សមត្ថកិច្ចថា ណែមត្រីនេះគាត់បានទិញពីភ្នំពេញយកមកលក់នៅទីនេះ។

លោក លៀង សុភា ប្រធានសាខាកាំកុងត្រូលខេត្តកំពង់ធំបានឲ្យដឹងថា វត្ថុ តាង​ផលិតផលណែមត្រីដែលមានសារធាតុបូរ៉ាក់ចំនួន១៦,៥គីឡូក្រាមនេះមន្ត្រីរបស់លោកនឹងយក១ផ្នែកតូចទៅមន្ទីរពិសោធន៍ សល់ប៉ុន្មានសមត្ថកិច្ចនឹងយកទៅដុតកម្ទេចចោល។ ចំណែកអាជីវករដែលលក់ផលិតផលណែមត្រីមានដាក់សារធាតុបូរ៉ាក់នេះត្រូវបានសមត្ថកិច្ចណែនាំពន្យល់បន្ថែមឲ្យមើលពីកាលបរិច្ឆេទឲ្យស្គាល់ទំនិញសុទ្ធឬក្លែងក្លាយមុនទិញមកលក់ និងអប់រំលើរបៀបនៃការលក់ដូរឲ្យមានអនាម័យធ្វើយ៉ាណាឲ្យទំនិញរបស់ខ្លួនមានគុណភាពបានយូរ។

លោកបានបន្តថា ការចុះត្រួតពិនិត្យនេះ ធ្វើឲ្យយើងទាំងអស់គ្នាអាចទប់ស្កាត់ទំនិញក្លែងក្លាយបានមួយកម្រិត៕ ប៊ុន រិទ្ធី

Untitled-1