ព័ត៌មានទាន់ហេតុការណ៍៖

មន្ត្រីនគរបាលប៉ុស្តិ៍រដ្ឋបាលទំនុបទឹកម្នាក់ត្រូវជនសង្ស័យ៤នាក់ព្រួតវាយបណ្តាលឲ្យរងរបួស ហើយឃាត់បាន២នាក់

ភ្នំពេញ៖ មន្ត្រីនគរបាលប៉ុស្តិ៍រដ្ឋបាលទំនុបទឹកម្នាក់ ត្រូវបានជនសង្ស័យចំនួន៤នាក់ ព្រួតវាយបណ្តាលឲ្យរងរបួសស្រាល ខណៈឃើញជិះម៉ូតូគួរឲ្យសង្ស័យហៅឈប់សុំត្រួតពិនិត្យ កាលពីវេលាម៉ោង១រំលងអធ្រាត្រ ឈានចូលថ្ងៃអង្គារ ៨រោច ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី៩ ខែមករា ឆ្នាំ២០១៨ នៅខាងក្រោយផ្សារសុវណ្ណា តាមបណ្តោយផ្លូវលេខ៤៣០ ស្ថិតក្នុងសង្កាត់ទំនុបទឹក ខណ្ឌចំកាមន ភ្លាមនោះត្រូវបានសមត្ថកិច្ចឃាត់បានជនសង្ស័យ២នាក់ផងដែរ ។
ជនសង្ស័យ ដែលឃាត់ខ្លួនទី១ ឈ្មោះ ពេជ្យសុភិន ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរអ្នកដេរពួកឡាន ស្នាក់នៅជិតផ្សារ សំណង់១២ ទី២ឈ្មោះ ដាំគឹម សេង ភេទប្រុស អាយុ២៤ ឆ្នាំ មុខរបជាងដេរពួកកៅអីឡាន ស្នាក់នៅជាមួយគ្នា។
តាមសម្តីមន្ត្រីនគរបាល រហស្សនាមP1 បានឲ្យដឹងថា នៅមុនពេលកើតហេតុ រូបគាត់បានជិះម៉ូតូម្នាក់ឯងដើម្បីល្បាតក្នុងមូលដ្ឋាន ខណៈមកដល់ចំណុចកើតហេតុស្រាប់តែឃើញជនសង្ស័យមានគ្នា៤នាក់ ជិះម៉ូតូ២គ្រឿងដោយមួយគ្រឿងម៉ាក zoomerx ពណ៌ស្លាទំលាយ ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញFS 7575 ជិះគ្នា២នាក់ និងមួយគ្រឿងទៀត ម៉ាកហុងដា ឌ្រីម សង់ស៊េរី ឆ្នាំ២០១៣ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ BZ 8608 ជិះគ្នា២នាក់ ដោយមានកាសង្ស័យទើបហៅឈប់សុំត្រួតពិនិត្យ ភ្លាមនោះស្រាប់តែជនសង្ស័យទាំងនោះស្ទុះមកវាយតែម្តង។
លោកបានបន្តថា ភ្លាមនោះលោកក៏ទាក់ទងតាមរយះវិទ្យុទាក់ទង ហៅកម្លាំងជំនួយនិងប្រជាពរដ្ឋដែលនៅក្បែរជួយអន្តរាគមន៍ឃាត់បាន២នាក់ភ្លាមៗតែម្តង ចំណែក២នាក់ទៀតគេចខ្លួនបាត់។
ក្រោយពេលកើតហេតុជនសង្ស័យត្រូវបានសមត្ថកិច្ចនាំទៅសាកសួរនៅប៉ុស្តិ៍នគរបាលទំនុបទឹក ដើម្បីកសាងសំណុំរឿងបញ្ជូនទៅអធិកានគរបាលខណ្ឌចំកាមនចាត់កាតាមនីតិវិធី។
តាមចម្លើយសារភាពរបស់ជនសង្ស័យបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុ ពួកគេបាននាំគ្នាចេញពីផឹកសុីនៅក្លឹបមួយកន្លែងនៅផ្លូវ២៧១ ហើយបំណងទៅកន្លែងធ្វើការនៅម្តុំសំណង១២ ពេលមកដល់ចំណុចកើតហេតុ ក៏ជួបជាមួយសមត្ថកិច្ចដេញមកឆែកឆែរ និងឃើញសមត្ថកិច្ចមានតែម្នាក់ឯង ទើបធ្វើឲ្យពួកគេវៃតែម្តងទៅ ៕ ភារ៉ា ដង្កោ