ព័ត៌មានទាន់ហេតុការណ៍៖

មន្ត្រីយោធាភូមិភាគ៤ធ្វើសេដ្ឋកិច្ចប្រមូលប្រាក់បទល្មើសឈើឆ្លងដែនឲ្យលោកឧត្តមសេនីយ៍ត្រី ជា សុភ័ក្រ ដែលឲ្យពលករឆ្លងដែនចូលទៅកាប់ឈើគ្រញូង

ខេត្តឧត្តរមានជ័យ ៖ នៅថ្ងៃចន្ទ ១១រោច ខែផល្គុន ឆ្នាំ រកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៨ មានការបែកធ្លាយព័ត៌មានមកថា ឈ្មោះ យុន បូរីហៅ (ទីណូ)ជាមន្រ្ដីយោធាបម្រើការងារនៅអង្គភាពភូមិភាគ៤ និងជាអ្នកធ្វើសេដ្ឋកិច្ចនៅតាមក្រវាត់ព្រំដែនស្រុកអន្លង់វែង និងស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ ដើម្បីប្រមូលប្រាក់ ពីអ្នករកស៊ីបទល្មើសឈើគ្រញូងឆ្លងដែន ជូន លោកឧត្ដមសេនីយ៍ត្រី ជា សុភ័ក្រ។

ប្រភពព័ត៌មានពីមន្ត្រីយោធាបានឲ្យដឹងថាឈ្មោះ យុន បូរី បានល្បីតៗគ្នាថា បានដាក់កម្លាំង ពលករឆ្លងដែនចូលទៅកាប់ឈើគ្រញូងនៅតំបន់ច្រករបៀងទឹកជប់ នៅក្នុងភូមិទំនប់អភិវឌ្ឍន៍ ឃុំអូរស្វាយ ស្រុកត្រពាំងប្រាសាទ។

សព្វថ្ងៃនេះ ក្រោយនៅតំបន់ទិសទី២ សមរភូមិមុខ ស្រុកត្រពាំងប្រាសាទ បានកក្រើកឡើងយ៉ាងខ្លាំង នូវចរាចរណ៍ឈើគ្រញូងឆ្លងដែន ធ្វើឲ្យឈ្មួញ និងកងកម្លាំង ផ្ទះកំហឹងដាក់គ្នា ដើរបកអាក្រាតគ្នាទៅវិញទៅមក និងបានប្រព្រឹត្តអំពើពុករលួយ បើកភ្លើងខៀវឲ្យពលករឆ្លងដែនយ៉ាងអនាធិបតេយ្យចូលទៅកាប់ឈើនៅស្រុកថៃ និងសកម្មភាពឈ្មួញដឹកជញ្ជូនឈើគ្រញូង និងទំនិញខុសច្បាប់យ៉ាងគគ្រឹកគគ្រេង។

ក្រៅពីឈ្មោះ យុន បូរី បានដាក់ពលករនៅតំបន់ខាងលើ ក៏មានការបែកធ្លាយជាបន្ដបន្ទាប់ថា មនុស្ស៣នាក់ផ្សេងទៀត ទី១-ឈ្មោះ តា ថ្នាំខ្លាំង ត្រូវជាឪពុកក្មេកលោកឧត្ដមសេនីយ៍ត្រីម្នាក់ ទី២-ឈ្មោះ ប្រុស និង ទី៣-ឈ្មោះ ហង្ស ជាអ្នកកៀងគរអ្នកទាំងអស់ខាងលើ បានកៀងគរពលករឆ្លងដែនទៅកាប់ឈើគ្រញូងនៅច្រករបៀងទឹកជប់ និងច្រករបៀងថ្មប្រេះផងខែ ។ ដោយក្នុងនោះ មានកងកម្លាំងយោធាភូមិភាគបួន ប្រចាំការនៅច្រករបៀងថ្មប្រេះ មានឈ្មោះ យ៉ា និងឈ្មោះ គ្រាក់ ជាអ្នកមើលកម្លាំងពលករចុះឡើង។

ចំពោះការចោទប្រកាន់ខាងលើ លោក យុន បូរី មន្រ្ដីយោធាភូមិភាគបួនបានឲ្យដឹងថា រឿងនេះ សុទ្ធសឹងតែជារឿងលាបពណ៌ និងចោទប្រកាន់មកលើរូបលោកទាំងស្រុង ។ លោកថា មិនដែលមានពាក់ព័ន្ធជាមួយនឹងដាក់ពលករឆ្លងដែនរកស៊ីឈើគ្រញូងស្អីនោះទេ លោកបានស្បថស្បែដាក់ជីវិតលោក និងក្រុមគ្រួសារ ។

លោកបន្ដថា បើលោករកមែននោះ មិនបាច់ចាំចុះផ្សាយទេ ដាក់ឲ្យអ្នកច្បាប់បើកការស៊ើបអង្កេតទៅ នឹងរកឃើញហើយ ។ លោកថា បើលោកមានជាប់ពាក់ពន្ធ័មែននោះ លោកនឹងប្រគល់ខ្លួនឲ្យសមត្ថកិច្ចចាត់ការរូបលោកទៅតាមច្បាប់ចុះ ។

លោកបន្ដសុំឲ្យអ្នកច្បាប់ដាក់ការស៊ើបអង្កេតនៅក្នុងតំបន់ខាងលើទៅដឹងថា អ្នកណាល្អ អ្នកណាអាក្រក់ហើយ ។ ធាតុពិត ក្រុមអ្នករកស៊ីខិលខូច តែងកាច់កុងមកលើរូបលោកតែម្តង ។

លោកឧត្តមសេនីយ៍ត្រី ជា សុភ័ក្រ ភ្នាក់ងារយកព័ត៌មានកាសែតនគរវត្តមិនអាចទាក់ទងសុំការបញ្ជាក់បានឡើយ ព្រោះគ្មានលេខទូរស័ព្ទរបស់លោក ៕ ប៉ែន នួន