ព័ត៌មានទាន់ហេតុការណ៍៖

ករណីគ្រោះថ្នាក់ឡានស្រាបៀរ TUBORG បុកឡានមន្ត្រីគយ និងមន្ត្រីប៉េអឹមនៅខេត្តព្រះសីហនុនោះ ជនរងគ្រោះបានស្លាប់ទាំងពីរនាក់

ខេត្ត​ព្រះសីហនុ៖ ករណីគ្រោះថ្នាក់ឡានស្រាបៀរ TUBORG បុកឡានមន្ត្រីគយ និងមន្ត្រីប៉េអឹមនៅខេត្តព្រះសីហនុនោះ ជនរងគ្រោះបានស្លាប់ទាំងពីរនាក់ហើយ គឺមន្ត្រីគយបានស្លាប់នៅកន្លែងកើតហេតុ រីឯជនរងគ្រោះម្នាក់ទៀតជាមន្ត្រីកងរាជអាវុធហត្ថ​បានបាត់បង់ជីវិត ខណៈបញ្ជូនទៅសង្គ្រោះដល់មន្ទីរពេទ្យ ។

សូមបញ្ជាក់ថា នៅវេលា​ម៉ោង១១និង២០នាទីព្រឹក ថ្ងៃអង្គារ ៨កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៨​ មាន​គ្រោះ​ថ្នាក់​ចរាចរណ៍​មួយ​កើតឡើង​ នៅផ្លូវ​ជាតិ​លេខ​៤​ ចន្លោះ​គីឡូម៉ែត្រ​លេខ​១៧៣-១៧៤ ភូមិ​ត្រពាំងគា​ ឃុំ​ជើងគោ​ ស្រុក​ព្រៃនប់​ ខេត្ត​ព្រះសីហនុ​ រវាង​រថយន្ត​១គ្រឿង​ម៉ាក​កាម​រី​បាឡែន​ពណ៌​ទឹកប្រាក់​ ពាក់ស្លាកលេខ ​ភ្នំពេញ ​2T-2534 បើកបរ​ដោយ​ឈ្មោះ​ ឆេង​ សុខនី​ ភេទ​ប្រុស​ អាយុ​៣៧ឆ្នាំ​ មុខរបរ​មេ​បញ្ជាការ​រង​កងរាជ​អាវុធហត្ថ​ស្រុក​ព្រៃនប់​ និង​អ្នក​រួម​ដំណើរ​ម្នាក់​ឈ្មោះ​ ញ៉ោម​ នៅ​ ភេទ​ប្រុស​ អាយុ​៣៨ឆ្នាំ​ មុខរបរ​ជា​មន្ត្រី​គយ​ប្រចាំ​ការ​នៅ​កំពង់​ផែ​កែវផុស​ មានទិសដៅពី​ខេត្ត​ព្រះសីហនុ​ ឆ្ពោះទៅ​ភ្នំពេញ​ លុះដល់ចំណុចខាងលើ​ ក៏​បាន​បុក​នឹង​រថយន្ត​ធុនធំ​១គ្រឿង​ពណ៌​បៃតង​ រថយន្តស្រាបៀរ TUBORG ស្លាកលេខ​ភ្នំពេញ​3D-2056 សណ្តោងរ៉ឺម៉ក ​ មានទិសដៅ​ផ្ទុយ​គ្នា​។

គ្រោះថ្នាក់​នេះ​បណ្ដាល​ឲ្យ​ ឈ្មោះ​ ឆេង​ សុខនី​ រងរបួស​ ធ្ងន់​ បានបញ្ជូនទៅ​សង្គ្រោះ​នៅ​គ្លីនិក​លិគឹមឌីវាលរេញ ប៉ុន្តែពេលទៅដល់ក៏បានបាត់បង់ជីវិតនៅទីនេះ​ និងឈ្មោះ​ ញ៉ោម​ នៅ​ ស្លាប់​នៅ​នឹង​កន្លែង​កើត​ហេតុ​ ។ ​អ្នកបើកបរ​រថយន្ត​ធុនធំ​ បាន​គេច​ខ្លួន​បាត់​ ក្រោយ​ពេល​កើតហេតុ ​។

​រថយន្ត​ទាំ​ង​២គ្រឿង​ខូចខាត​យ៉ាងដំណំ សមត្ថកិច្ច​​ចាត់​ចែង​ស្ទូច​យក​ចេញ​ពី​កន្លែង​កើត​ហេតុ យកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក ៕ ឆ្លាម សមុទ្រ