ព័ត៌មានទាន់ហេតុការណ៍៖

មន្ត្រី​ជំនាញ​អាវុធ​ហត្ថ​​ខេត្ត​កណ្ដាល​ បញ្ជាក់​ថា​ គ្មាន​មន្ត្រី​អាវុធ​ហត្ថ​ជា​មេការ​រណ្តៅ​ដី​ឧកញ៉ា​ រឿង​ សំអាង​ ហៅ​ពៅ​ ទេ​

ខេត្តកណ្តាល​៖ មន្ត្រី​ជំនាញ​កងរាជ​អាវុធ​ហត្ថ​ខេត្ត​កណ្ដាល​​ បញ្ជាក់​ថា​ គ្មាន​មន្ត្រី​អាវុធ​ហត្ថ​របស់​លោក​ជា​មេការ​រណ្តៅដី​របស់​ឧកញ៉ា​ រឿង​ សំអាង​ ហៅ​ពៅ​ នោះទេ​ ។

ឧកញ៉ា​ រឿង​ សំអាង​ ហៅ​ពៅ​ បច្ចុប្បន្ន​កំពុង​ជាប់​សង្ស័យ​ករណី​បាញ់​បោះ​សេរី​អស់​ជាមួយ​ច្រើន​គ្រាប់​ ដើម្បី​គំរាម​មន្ត្រី​ជំនាញ​ក្រសួង​រ៉ែ​និង​ថាមពល​ ដែល​ចុះ​ពិនិត្យ​រណ្តៅ​ដី​ខុសច្បាប់​ជា​ច្រើន​កន្លែង​របស់​ឧកញ៉ា​ ពៅ​ ។

មន្ត្រី​ជំនាញ​ដដែល​ ​ ថ្លែង​នៅ​រសៀល​ថ្ងៃ​ទី​១៩​ ខែមករា​ ថា​ យោង​តាម​ចម្លើយ​សារភាព​របស់​ឈ្មោះ​ លី ចាន់សុខុម​ បញ្ជាក់​ប្រាប់​កងរាជ​អាវុធ​ហត្ថ​ខេត្ត​កណ្ដាល​ ពេល​សួរ​ចម្លើយ​ថា​ “គេ​មិនមែន​ជា​មេការ​ឧកញ៉ា​ រឿង​ សំអាង​ ហៅ​ពៅ​ ទេ​ គ្រាន់​តែ​កន្លង​មក​ធ្លាប់​ជួល​គ្រឿង​ចក្រ​ឱ្យ​ឧកញ៉ា​ពៅ​ ប៉ុណ្ណោះ​”។

បច្ចុប្បន្ន​ឈ្មោះ​ លី ចាន់សុខុម​ កំពុង​ស្ថិត​ក្រោម​ការ​សាកសួរ​របស់​សមត្ថកិច្ច​កងរាជ​អាវុធ​ហត្ថ​ខេត្ត​កណ្ដាល​ ព្រោះ​លី ចាន់សុខុម​ ជា​មន្ត្រី​កងរាជ​អាវុធ​ហត្ថ​ ។ ប៉ុន្តែ​ពេល​នេះ​ សមត្ថកិច្ច​ពុំ​ទាន់​សម្រេច​យ៉ាង​ណា​នៅ​ឡើយ​ទេ​ ។

NKD-36x6_outline

គួរ​បញ្ជាក់​ថា​ ស្នូរកាំភ្លើងជាច្រើនគ្រាប់បានលាន់យ៉ាងខ្លាំងចេញពីទីតាំងកន្លែងរណ្តៅអត់ច្បាប់ ស្ថិត​នៅភូមិលេខ៣​ ឃុំស្វាយរលំ ស្រុកស្អាង នៅចំពីខាងក្រោយបន្ទាយសឹករងខេត្តកណ្តាល​ កាលពីល្ងាច​ថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៨ ដែលសមត្ថកិច្ចមូលដ្ឋានអះអាងថា​ ជនបង្កជា​ឧកញ៉ា​ រឿង​ សំអាង​ ហៅ​ពៅ ជាម្ចាស់រណ្តៅដីអត់ច្បាប់ ធ្វើសកម្មភាពដកកាំភ្លើងខ្លីបាញ់ភ្ជុចទៅក្នុងរណ្តៅដីអស់ចំនួន១បង់ ជាការគំរាម​ខាងជំនាញ ក្រសួងរ៉ែនិងឋាមពលចុះមកពិនិត្យរណ្តៅដីអត់ច្បាប់របស់ខ្លួន។

បន្ទាប់ពីបាញ់​ ឧកញ៉ា​ពៅ​ បានបញ្ជាឱ្យ​កូនចៅរបស់ខ្លួនបើកអា«អិច»កាយដីយកទៅដាក់ចំកណ្តាលផ្លូវដើម្បីបង្អាក់ដំណើរជំនាញ ដោយប្រើជាលេសថា គ្រឿងចក្រអា«អិច»កាយដី បានខូច។

ពាក់ព័ន្ធករណីនេះ មិនមានសមត្ថកិច្ចឃាត់ខ្លួនជនបង្កក្នុងសកម្មភាព រារាំងបាញ់គំរាមមន្ត្រីរាជការសាធារណៈនោះទេ ទើបតែនៅព្រឹកថ្ងៃ​សុក្រ​ទី១៩​ ខែ​មករា​ ឆ្នាំ២០១៨ គេឃើញមានកម្លាំងនគរបាលព្រហ្មទណ្ឌចុះទៅកន្លែងកើតហេតុ ជាមួយខាងជំនាញ ដើម្បីធ្វើកំណត់ហេតុស្តាប់ចម្លើយសាក្សី អ្នករស់នៅជុំវិញកន្លែងកើតហេតុ និងពិនិត្យពីឯកសារច្បាប់។

មន្ត្រីបង្ហើបថា​ ឧកញ៉ា​ពៅ ជាថៅកែរណ្តៅដីជើងខ្លាំង មិនត្រឹមព្រហើនបាញ់អស់មួយបង់រារាំងបាញ់គំរាម​មន្ត្រីរាជការសាធារណៈនោះទេ គេថែមទាំងមានកាំភ្លើង៣ដើម មិនដឹងថាមានលិខិតអនុញ្ញាតឬយ៉ាងណានោះឡើយ៕ ចេស្តា