ព័ត៌មានទាន់ហេតុការណ៍៖

មន្រ្តីជាន់ខ្ពស់នៃអគ្គនាយកដ្ឋានកាំកុងត្រូលបានដឹកនាំមន្រ្តីជំនាញកាំកុងត្រូលចុះពង្រឹងត្រួតពិនិត្យគុណភាព សុវត្ថិភាពផលិតផលម្ហូបអាហារ នៅស្រុកម៉ាឡៃ ជាប់ព្រំដែនកម្ពុជា-ថៃ ដែលមានបញ្ហាប្រឈមនឹងការហូរចូលទំនិញខូចគុណភាពហាមឃាត់ខុសច្បាប់

ខេត្តបន្ទាយមានជ័យ៖ មន្រ្តីជាន់ខ្ពស់នៃអគ្គនាយដ្ឋានកាំកុងត្រូល បានដឹកនាំមន្រ្តីជំនាញកាំកុងត្រូលសាខាខេត្តបន្ទាយមានជ័យ និងសមត្ថកិច្ច មន្រ្តីមន្ទីរជំនាញពាក់ព័ន្ធមួយចំនួនទៀត ចុះទៅពង្រឹងត្រួតពិនិត្យគុណភាព សុវត្ថិភាព ផលិតផលម្ហូបអាហារ នៅស្រុកម៉ាឡៃ ដែលជាស្រុកជាប់ព្រំដែនកម្ពុជា-ថៃ មានច្រកព្រំដែនតំបន់ និងច្រករបៀងខុសច្បាប់ ត្រូវគេមើលឃើញថាជាស្រុកដែលមានបញ្ហាប្រឈមទៅនឹងការលំហូរចូលទំនិញ និងផលិតផលម្ហូបអាហារ ខូចគុណភាព ហាមឃាត់ខុសច្បាប់ធ្វើឡើងពីសំណាក់ក្រុមឈ្មួញខិលខូចដែលធ្វើសកម្មភាពអាចលួចលាក់នាំចូលតាមច្រកព្រំដែនទាំងនោះផងដែរ គ្រាដែលប្រជាពលរដ្ឋនៅពេលបច្ចុប្បន្ននេះកំពុងមានការព្រួយបារម្ភទៅលើផលិតផល ម្ហូបអាហារ ខូចគុណភាព និងគ្មានសុវត្ថិភាពបង្កឱ្យប៉ះពាល់សុខភាពប្រជាពលរដ្ឋនោះ។

ការចុះត្រួតពិនិត្យគុណភាព សុវត្ថិភាព ផលិតផលម្ហូបអាហារនៅស្រុកម៉ាឡៃកាលពីព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៧ពីសំណាក់ មន្រ្តីជំនាញកាំកុងត្រូល និងសមត្ថកិច្ចជំនាញពាក់ព័ន្ធ ដឹកនាំដោយលោក ស៊ុំ ណារុន អគ្គនាយករងនៃអគ្គនាយកដ្ឋានកាំកុងត្រូល និងលោក ស៊ាន ស៊ីណាត ប្រធានសាខាកាំកុងត្រូលខេត្តបន្ទាយមានជ័យ ធ្វើឡើងនៅចំណុចផ្សារម៉ាឡៃ តាមផ្ទះលក់ទំនិញ និងនៅចំណុចផ្សារម៉ាត នានា ស្ថិតក្នុង ឃុំម៉ាឡៃ ស្រុកម៉ាឡៃ មន្រ្តីជំនាញបានពិនិត្យរកឃើញមុខសញ្ញាទំនិញខូចគុណភាព ហួសកាលកំណាត់ប្រើប្រាស់មួយចំនួនធំ ហើយធ្វើការដកហូតដើម្បីទុកដុតកំទេចចោលផងដែរ។ទន្ទឹមនោះមន្រ្តីជំនាញក៏បានធ្វើតេស្ថរទៅលើស្ពៃជ្រក់ របស់អាជីវករនៅក្នុងផ្សារម៉ាឡៃ ដើម្បីរកសារធាតុគីមីដាក់ផ្សំក្នុងស្ពៃជ្រក់នោះ។

ការប្រើប្រាស់សារធាតុគីមីដាក់ក្នុងផលិតផលម្ហូបអាហារគឺបង្កឱ្យប៉ះពាល់សុខភាពយ៉ាងធ្ងន់ដល់អ្នកទិញយកបរិភោគហើយច្បាប់ហាមឃាត់ដាច់ខាតមិនឱ្យប្រើប្រាស់ដាក់ក្នុងផលិតម្ហូបអាហារនោះឡើយ។ ការធ្វើតេស្ថទៅលើស្ពៃជ្រក់ មន្រ្តីជំនាញពិនិត្យរកឃើញគ្មានវត្តមានសារធាតុគីមីនោះទេ ។

NKD-36x6_outline

លោកស៊ុំ ណារុន អគ្គនាយករងនៃអគ្គនាយកដ្ឋានកាំកុងត្រូល នាឱកាសនោះបានពន្យល់ណែនាំដល់បងប្អូនអាជីវករនៅស្រុកម៉ាឡៃថា ការលក់ទំនិញ និងផលិតផលម្ហូបអាហារខូចគុណភាព និងគ្មានសុវត្ថិភាព ដែលបង្កឱ្យគ្រោះថ្នាក់សុខភាព ប្រជាពលរដ្ឋជាអំពើខុសច្បាប់ ហើយលោកក៏បានប្រមាននិងការយកទៅអនុវត្តតាមផ្លូវច្បាប់ទៀតផងបើសិនជាមន្រ្តីជំនាញអប់រំណែនាំអាជីវករដែលលក់ទំនិញគ្មានសុវត្ថិភាពមិនព្រមរាងចាលនោះ។

លោកអគ្គនាយករងក៏បានលើកឡើងទៀតថា អាជីវករត្រូវពិនិត្យឱ្យបានច្បាស់លាស់ទៅលើទំនិញ និងផលិតផលម្ហូបអាហារណាដែលហួសកាលកំណាត់ប្រើប្រាស់ ដើម្បីយកចេញ កុំឱ្យប្រជាពលរដ្ឋទិញយកទៅបរិភោគបង្កប៉ះពាល់សុខភាព។

អាជីវករត្រូវចូលរួមសហការជាមួយមន្រ្តីជំនាញ និងសមត្ថកិច្ចពាក់ព័ន្ធបើសិនឃើញជនខិលខូចដែលមានចេតនានាំយកទំនិញ និងផលិតផលម្ហូបអាហារហាមឃាត់ខុសច្បាប់បង្កគ្រោះថ្នាក់សុខភាពយកមកលក់ចែកចាយឱ្យអាជីវករត្រូវរាយការណ៍ទៅសមត្ថកិច្ចនិងមន្រ្តីជំនាញ ដើម្បីចាប់យកទៅផ្តន្ទាទោសតាមផ្លូវច្បាប់៕ សំ វិច្ឆិកា

as ee rw ww