ព័ត៌មានទាន់ហេតុការណ៍៖

មន្រ្តីនគរបាល ជិះម៉ូតូបញ្ច្រាស ស្លាកសញ្ញាចរាចរណ៍ ត្រូវម៉ូតូមួយគ្រឿងទៀត បុកពេញទំហឹងបណ្តាលឱ្យរងរបួស

ភ្នំពេញ ៖ បុរសម្នាក់ ដែលគេស្គាល់ថា ជាមន្រ្តីនគរបាលបានរងរបួស ដោយសារតែជិះម៉ូតូបញ្ច្រាស ស្លាកសញ្ញាចរាចរណ៍ ក៏ត្រូវបានយុវជនម្នាក់ ជិះម៉ូតូក្នុងល្បឿនយ៉ាងលឿន បុកចំពេញទំហឹង បណ្តាលអោយរងរបួស ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៩និង៤៦នាទីយប់ ថ្ងៃទី២៣ ខែកុម្ភះ ឆ្នាំ២០១៥ ចំណុចខាងជើងផ្សារសូរិយា តាមបណ្តោយផ្លូវលេខ១៤២ កែងនឹងផ្លូវលេខ៦៧ ស្ថិតក្នុងសង្កាត់ផ្សារថ្មី១ ខណ្ឌដូនពេញ ។

ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឱ្យដឹងថា នៅមុនពេលកើតហេតុគេបានឃើញបុរស ម្នាក់ដែលគេស្គាល់ថា ជាមន្រ្តីនគរបាលបានជិះម៉ូតូម៉ាកវ៉េវ ពណ៍ខៀវ ពាក់ស្លាកលេខភ្នំពេញ 1C-9109 ជិះតាមបណ្តោយផ្លូវលេខ១៤២ ទិសដៅពីលិចទៅកើត ។ លុះមកដល់ចំណុចផ្លូវកែងដែលមានដាក់ ស្លាកសញ្ញាចរាចរណ៍បញ្រ្ចាសទិសនោះ នៅតែបន្តដំណើរ ភ្លាមៗនោះស្រាប់តែមានយុវជនម្នាក់ ដែលគេស្គាល់ថា ជាបុគ្គលិកធ្វើការនៅផ្សារសូរិយានោះ ទើបតែចេញពីធ្វើការបំណងទៅផ្ទះ បានជិះ ម៉ូតូម៉ាកហុងដាសេ១២៥ ស៊េរីឆ្នាំ២០១០ ពណ៍ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1AQ-9628 ធ្វើដំណើរ តាមបណ្តោយផ្លូវលេខ៦៧ ទិសដៅពីត្បូងទៅជើង ក្នុងល្បឿនយ៉ាងលឿន ក៏ជ្រុលម៉ូតូមន្រ្តីនគរបាល ពេញទំហឹង ប៉ើងខ្ទាតប្រមាណជិត១០ម៉ែត្រ បណ្តាលឱ្យរងរបួសបែកមុខបែកមាត់ ចំណែកម៉ូតូរង ការខូចខាតទាំងសងខាង ។

ប្រភពដដែលបន្តថា បន្ទាប់ពីកើតហេតុភាគីទាំងសងខាងបានសម្របសម្រួលគ្នា ដោយភាគីខាង ជនរងគ្រោះជាមន្រ្តីនគរបាលបានទាមទារសំណង និងថ្លៃព្យាបាល២០០ដុល្លារ ប៉ុន្តែភាគីខាងម៉ូតូម៉ាក ហុងដាសេ១២៥ មានត្រឹមតែ៥០ដុលា្លរប៉ុណ្ណោះ ។
ដោយការចចារគ្នាអស់រយៈពេលយ៉ាងយូរ មិនត្រូវគ្នានោះ សមត្ថកិច្ចមូលដ្ឋានបានសហការគ្នាជាមួយនឹងនគរបាលជំនាញយកម៉ូតូទាំង២គ្រឿង ទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌដូនពេញ រង់ចាំដោះស្រាយគ្នានាពេលក្រោយ ៕ ចាន់ធឿន

Chantheuon-2-(3)

Chantheuon-2

Chantheuon-2-(1)

Chantheuon-2-(2)