ព័ត៌មានទាន់ហេតុការណ៍៖

មន្រ្តីសភា៥០ប្រទេស រួមទំាងកម្ពុជា ចូលរួមសន្និសីទ ពង្រឹងការងារស្រាវជ្រាវ កិច្ចការបណ្ណាល័យ និងបច្ចេកវិទ្យា នៅប្រទេសប៉ូឡូញ

ប្រទេសប៉ូឡូញ៖ នៅវិមានព្រឹទ្ធសភា នៃសាធារណរដ្ឋប៉ូឡូញ ទីក្រុងWarsaw នាព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៧នេះ បានបើកសន្និសីទប្រចាំឆ្នាំលើកទី៣៣ ស្តីពីព័ត៌មានគឺជាមូលដ្ឋានសម្រាប់សាមគ្គីភាពសង្គម តួនាទីបណ្ណាល័យ និងសេវាស្រាវជ្រាវរបស់សភា ដែលមានមន្រ្តីសភាជំនាញខាងស្រាវជ្រាវ បច្ចេកវិទ្យា និងបណ្ណាល័យ មកពីបណ្តាសភានៅលើពិភពលោក ចំនួន៥០ប្រទេសចូលរួម ក្នុងនោះមានមន្រ្តីសភាកម្ពុជាបីរូប បានចូលរួមសន្និសីទនេះដែរ គឺ២រូបទៅពីព្រឹទ្ធសភា និង១រូបទៅពីរដ្ឋសភា។

សិក្ខាសាលាជាលក្ខណៈអន្តរជាតិនេះ គឺជាឱកាសដ៏សំខាន់មួយ ដែលមន្រ្តីជំនាញកិច្ចការទំាងបី គឺខាងស្រាវជ្រាវ កិច្ចការបណ្ណាល័យ និងបច្ចេកវិទ្យា ចែករំលែកបទពិសោធន៍គ្នាទៅវិញទៅមក នៅលើការងារដែលធ្លាប់អនុវត្ត នៅតាមសភាប្រទេសនីមួយៗ ហើយរកគន្លឹះដើម្បីអភិវឌ្ឍន៍ការងារជំនាញរបស់ខ្លួនបន្ថែមទៀត ដើម្បីប្រសិទ្ធភាពការងាររបស់សភាកាន់តែជឿនលឿន រហ័សក្នុងការផ្តល់សេវាជូនសមាជិកសភា។

សូមជម្រាបថាមន្រ្តីសភាកម្ពុជាដែលបានចូលរួមសន្និសីទនេះ មាន ឯកឧត្តម ប៉ែន ប្រាកដ អគ្គនាយករង នៃអគ្គនាយកដ្ឋាននីតិកម្ម និងស្រាវជ្រាវ នៃអគ្គលេខាធិការដ្ឋានរដ្ឋសភា និង លោក គីម សុចិត្រា ប្រធាននាយកដ្ឋានស្រាវជ្រាវទូទៅ និង លោក សោម សាវុធ ប្រធាននាយកដ្ឋានព័ត៌មានវិទ្យា នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា។

សន្និសីទនេះ នឹងប្រារព្ធធ្វើក្នុងរយៈពេលបីថ្ងៃគឺ ពីថ្ងៃទី១៦ ដល់ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៧៕

អត្ថបទនិងរូបភាពដោយនាយកដ្ឋានព័ត៌មាន