ព័ត៌មានទាន់ហេតុការណ៍៖

មន្រ្តី​កាក​បាទ​ក្រហម ចូលនិវត្តន៍ម្នាក់សម្រេចចិត្តចងកសម្លាប់ខ្លួនឯង

ភ្នំពេញ​៖​ បុរស​វ័យ​ចំណាស់​ម្នាក់ សង្ស័យមានជំងឺប្រចាំកាយ បានសម្រេចចិត្តធ្វើអត្តឃាតចងកសម្លាប់ខ្លួនឯង នៅក្នុងផ្ទះបង្កអោយមានការភ្ញាក់ផ្អើលកាលពីវេលា​ម៉ោង​​៦​និង​៣០​នាទី​ព្រឹក ​ថ្ងៃ​ទី​១​ ខែ​សីហា​ ឆ្នាំ​២០១៦ ​ស្ថិត​នៅ ផ្ទះ​លេខ​២៦ ក្រុម​ទី​៨ ​ផ្លូវ​បេតុង​ ភូមិ​ចំការ​ឪឡឹក​ សង្កាត់​កាកាប​​ ខណ្ឌ​ពោធិ៍​សែន​ជ័យ​ ។

​ជនរងគ្រោះមាន ឈ្មោះ​អ៊ូន​ ផាន​ អាយុ​៧០​ឆ្នាំ​​ មន្រ្តី​កាក​បាទ​ក្រហម ​ចូលនិវត្តន៍ មាន​ប្រពន្ធ ឈ្មោះ​នួន ​ស៊ីណា ​អាយុ​៦៥​ឆ្នាំ​ មុខ​របរ​នៅ​ផ្ទះ​ រស់​នៅ​ផ្ទះ​កើត​ហេតុ​ខាង​លើ​​ មាន​កូន​៣​នាក់ ​ប្រុស​១​នាក់ ស្រី​២​នាក់​ ។

ប្រពន្ធ​ជន​រង​គ្រោះ​បាន​ឲ្យ​ដឹង​ថា​ សព្វ​ថ្ងៃ​កូនៗ​៣​នាក់ ​មាន​ប្តី​ ប្រពន្ធ ទៅ​រស់​នៅ​ផ្ទះ​បែក​ផ្សេង​​ៗ​គ្នា ។​ តែ​នៅ​ក្បែរ​ផ្ទះ​កើត​ហេតុ​ដែរ ​រស់​នៅ​ក្នុង​ផ្ទះ​មាន​គ្នា​៤​នាក់ ​ប្តី​ ប្រពន្ធ​ ចៅ​ស្រី និង​ក្មួយ​ប្រុស ។

រហូត​ដល់​យប់​មុន​ថ្ងៃ​ភ្ញាក់​ផ្អើល​ក្រុម​គ្រួសារ​រូប​គាត់​ និង​ចៅ​ស្រី​ឡើង​ទៅ​សម្រាក​លើ​ផ្ទះ​ជាន់​លើ ។​ ចំណែក​ជន​រង​គ្រោះ​ រួម​ជា​មួយ​ក្មួយ​ប្រុស​ម្នាក់​ទៀត ​នៅ​សម្រាក​ជាន់​ក្រោម​ពុំ​មាន​អ្នក​ណា​ចាប់​អារម្មណ៍​លង់​លក់​គ្រប់​គ្នា​ធម្មតា ។​ លុះ​រហូត​ដល់​វេលា​ម៉ោង​៦​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​១ ​ខែ​សីហា ឆ្នាំ​២០១៦ ​ជា​ថ្ងៃ​ថ្មី​ដើម​សប្តាហ៍ ​ហើយ​ក៏​ជា​ខែ​ថ្មី​ផង​ ។​ ពេល​ដែល​គាត់​ភ្ញាក់​ពី​ដំណេក​ ចុះ​មក​ក្រោម ស្រាប់​តែ​ប្រទះ​ឃើញ​ជន​រង​គ្រោះ​ចង​ក​សម្លាប់​ខ្លួន​ស្លាប់​បាត់​ជីវិត​ទៅ​ហើយ​ដោយ​ចង​ខ្សែ​អង្រឹង ចង​ភ្ជាប់​ជា​មួយ​ចម្រឹង​បង្អួចទើប​បង្ក​ឲ្យ​ភ្ញាក់​ផ្អើល​និង​រាយការណ៍​ទៅ​អាជ្ញាធរ សមត្ថកិច្ច​ឲ្យ​ជួយ​ពិនិត្យ​មើល​។

តាម​ការ​ពិនិត្យ​ជាក់​ស្តែង​នគរបាល​ជំនាញ​ចុះ​ពិនិត្យ ​កោសល្យវិច័យ​ឃើញ​ថា​ ពិត​ជា​ជន​រង​គ្រោះ​សន្លាប់​ខ្លួន​ដោយ​ចង​ក​ពិត​ប្រាកដ​មែន ​ហើយ​ក្រុម​គ្រួសារ​ក៏​មិន​ប្តឹង​ផ្តល់​ដែរ ​ទើប​នគរបាល ប្រគល់​សាកសព​ជូន​ក្រុម​គ្រួសារ​រៀប​ចំ​ធ្វើ​បុណ្យ​តាម​ប្រពៃណី​នៅ​ផ្ទះ​កើត​ហេតុ ៕ សុខាសែនជ័យ

image1

image2