ព័ត៌មានទាន់ហេតុការណ៍៖

មានករណីឆ្លងវីរុសហ្ស៊ីកានៅឥណ្ឌាកើនដល់១០០នាក់ហើយ

រដ្ឋាភិបាលឥណ្ឌាបង្ហាញក្តីបារម្ភយ៉ាងខ្លាំងពីការឆ្លងរាលដាលនៃវីរុសហ្សុីកា (Zika)ទៅលើពលរដ្ឋកាន់តែច្រើនឡើងៗ ពិបាកនៅក្នុងការទប់ស្កាត់។

សារព័ត៌មានស៊ីនហួ នៅយប់ថ្ងៃទី១៧ ខែតុលា បានផ្សាយថា ចំនួនករណីវីរុស Zikaបានឈានដល់១០០ករណីហើយ នៅក្នុងប្រទេសឥណ្ឌា ជាមួយនឹងមនុស្ស ២៨នាក់ ត្រូវបានធ្វើរោគវិនិច្ឆ័យឃើញ ថាមានការផ្ទុកវីរុស ក្នុងរយៈពេល៣៦ ម៉ោងកន្លងទៅនេះ។

មន្ត្រីសុខាភិបាលមួយរូប បានឲ្យដឹងថា «គ្រប់ករណីទាំងអស់ គឺមកពីរដ្ឋ Rajasthan ភាគខាងលិចនៃប្រទេស ហើយភាគ ច្រើននៃពួកគេ គឺមកពីមន្ទីរពេទ្យ នៅ ទីក្រុង Jaipur នៃរដ្ឋ Rajasthan នេះ»។

ស្ថិតនៅក្នុងស្ថានភាពនេះ, ក្រសួង​សុខាភិបាលឥណ្ឌា នៅថ្ងៃពុធ កន្លងមក នេះ បានបញ្ជូនមន្ត្រីជំនាញមួយក្រុមទៅកាន់រដ្ឋ Rajasthan។ ក្រៅពីនោះ ក្រសួង ក៏បានរៀបចំរួចជាស្រេច នូវបន្ទប់ត្រួត ពិនិត្យមួយ នៅឯមជ្ឈមណ្ឌលជាតិគ្រប់ គ្រងមេរោគ ដើម្បីទទួលខុសត្រូវនូវស្ថាន ភាពនៅក្នុងរដ្ឋ Rajasthan។

វីរុស Zikaបានរាលដាលដោយសត្វ មូស ម្យ៉ាង ដែលមានឈ្មោះថា Aedesធ្វើសកម្មភាពចម្លងនៅពេលថ្ងៃ។ រោគ សញ្ញានៃជំងឺនេះ រួមមាន ផ្តាសាយ, កន្ទួលស្បែក, ភ្នែកឡើងក្រហម, ឈឺសាច់ ដុំ និងឈឺក្បាល។

គួរជម្រាបថា នេះគឺជាលើកទី៣ហើយ នៃការផ្ទុះការរាតត្បាត វីរុស Zikaនៅក្នុង ប្រទេសឥណ្ឌា ចាប់តាំងពីឆ្នាំ២០១៧មក៕ ម៉ែវ សាធី