ព័ត៌មានទាន់ហេតុការណ៍៖

មានជំងឺប្រចាំកាយធ្វើអត្តឃាតស្លាប់លើដើមស្វាយ

ខេត្តកំពង់ស្ពឺ៖ បុរសវ័យចំណាស់ម្នាក់ ដោយសារមានជំងឺប្រចាំកាយមិនចង់ឲ្យប្រពន្ឋ កូនលំបាកមើលថែ បានព្យាយាមធ្វើអត្តឃាតជាច្រើនលើក តែបានប្រពន្ធឃើញជួយសង្គ្រោះទាន់ ។ លុះប្រពន្ឋ មិននៅផ្ទះបានព្យាយាមចងកលើមែកស្វាយខាងក្រោយផ្ទះ ស្លាប់ចោលប្រពន្ធកូន ។ ហេតុការណ៍ភ្ញាក់ផ្អើលនេះ បានកើតឡើងកាលពីម៉ោង២រសៀលថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៨ ស្ថិតក្នុងភូមិវាលធំ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ។

ជនរងគ្រោះចងកធ្វើអត្តឃាតឈ្មោះស៊ី ចិន ភេទប្រុស អាយុ៥៧ឆ្នាំ រស់នៅភូមិកើតហេតុខាងលើ ស្ថិតក្នុងជីវភាពក្រីក្រ និងមានរោគប្រចាំកាយ ។

ប្រភពព័ត៌មានពីសមត្ថកិច្ចស្រុកភ្នំស្រួចបានឲ្យដឹងថា ជនរងគ្រោះ បានយកក្រមាពណ៌ក្រហម-ស ចងកនឹងមែកស្វាយ១ដើមកម្ពស់២,៥០ម៉ែត្រ ស្ថិតនៅខាងក្រោយផ្ទះចម្ងាយប្រហែល២០ម៉ែត្រ ខណៈប្រព័ន្ឋកូនមិននៅផ្ទះ ។

ប្រភពព័ត៌មានពីស្ត្រីឈ្មោះសឿន សូល អាយុ៤៨ឆ្នាំ ត្រូវជាភរិយាជនរងគ្រោះ បានឆ្លើយបំភ្លឺសមត្ថកិច្ចថា ប្តីគាត់ បានព្យាយាមធ្វើអត្តឃាតច្រើនលើកហើយ តែគាត់ជួយទាន់ ហើយកាលពីម៉ោង៧ព្រឹកថ្ងៃកើតហេតុនេះ ប្តីគាត់ បានប៉ុនប៉ងចងកដែរ ។

ស្ត្រីភរិយាជនរងគ្រោះ បន្តថា គាត់អត់ដឹងប្តីគាត់ចងកតាំងពីម៉ោងប៉ុន្មានទេ ព្រះគាត់អត់នៅផ្ទះ ។ លុះចូលដល់ក្នុងផ្ទះ មិនឃើញប្តី ក៏ដើររកបានប្រទះឃើញប្តីគាត់ចងកស្លាប់លើមែកស្វាយខាងក្រោយផ្ទះ ក៏រាយការណ៍ប្រាប់ប៉ូលិសមូលដ្ឋាន ។ សមត្ថកិច្ច បានធ្វើកោសល្យវិច័យបញ្ជាក់ថា ជនរងគ្រោះ ពិតជាបានធ្វើអត្តឃាតដោយខ្លួនឯង ។

សាកសព ត្រូវបានសមត្ថកិច្ចប្រគល់ឲ្យភរិយា ចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕ សេនាស័ក្តិ