ព័ត៌មានទាន់ហេតុការណ៍៖

មាន់តាមទូរទស្សន៍បើកលេងម៉ាសប្បាយដៃ សមត្ថកិច្ចអត់ខ្ចីខ្វល់

ខេត្តកំពង់ឆ្នាំង៖ ល្បែងភ្នាល់បញ្ជល់មាន់តាមទូរទស្សន៍ នៅស្រុកបរិបូរណ៍ កំពុងតែពង្វក់មនុស្សទាំងចាស់ ទាំងក្មេងឲ្យចូលទៅលេងភ្នាល់យ៉ាងគគ្រឹកគគ្រេង ដោយមិនខ្លាចញញើតសមត្ថកិច្ច និង អាជ្ញាធរនៅទីនោះទេ បើទោះបីជាទីតាំងមួយស្ថិតនៅជាប់នឹងរបសាលាស្រុកក៏ដោយ ។

ផ្ទះបនល្បែងមួយនេះ ស្ថិតក្នុងភូមិពន្លៃ ឃុំពន្លៃ ស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង ម្ចាស់ផ្ទះឈ្មោះជុំ ឡុម ជាជនជាតិវៀតណាម បានប្រពន្ធខ្មែរ ។ ពេលព្រឹក មានលក់បាយ គុយទាវ និងកាហ្វេ និង ពេលថ្ងៃ បើកលេងល្បែងភ្នាល់បញ្ជល់មាន់តាមទូរទស្សន៍ ។

ប្រជាពលរដ្ឋ ដែលរស់នៅក្បែរទីតាំងនោះបាននិយាយថា ពួកគាត់ពិបាករស់នៅកន្លែងនេះណាស់ ព្រោះមួយថ្ងៃៗ សម្លេងស្រែកហ៊ោកញ្រ្ជៀវ ចេញពីទីតាំងលេងល្បែងភ្នាល់បញ្ជល់មាន់ គ្មានលស់ថ្ងៃនោះទេ ស្រែករកដេកពួនមិនបាន។

ផ្ទះបើកល្បែងភ្នាល់បញ្ជល់មាន់តាមទូរទស្សន៍មួយកន្លែង ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៥ ជាប់របងសាលាស្រុកបរិបូរណ៍ ត្រូវបានប្រជាពលរដ្ឋនិយាយថា មានបើកលេងរាល់ថ្ងៃ ភ្នាល់ចាញ់ឈ្នះរាប់ម៉ឺនរហូតដល់រាប់លានរៀល មិនមានមន្រ្តីអាជ្ញាធរ និង សមត្ថកិច្ចណាអើពើបង្ក្រាបឡើយ។

ប្រជាពលរដ្ឋបានស្នើសុំឲ្យអាជ្ញាធរស្រុក និងសមត្ថកិច្ចនៅទីនោះជួយមើលផង បើពុំដូច្នេះទេ ខូចមនុស្សម្នាអស់ហើយ នាំគ្នាមកលេងល្បែង ដូចដើរទៅបុណ្យយ៉ាងនេះ ។

ពាក់ព័ន្ធនឹងករណីនេះ មិនអាចទាក់ទងសុំការបំភ្លឺទៅលោក ឃួន សៅរុំ អភិបាលស្រុកបរិបូរណ៍បាននោះទេ នៅរសៀលថ្ងៃទី២៥ ខែកញ្ញាឆ្នាំ២០១៨ ៕ ចន្ថា