ព័ត៌មានទាន់ហេតុការណ៍៖

មាស សុខសោភា ជំរុញស្ត្រីឲ្យឈ្វេងយល់ពីជំងឺមហារីកសុដន់

ភ្នំពេញ៖ តារាចម្រៀងស្រីល្បីឈ្មោះប្រចាំផលិតកម្មថោនកញ្ញា មាស សុខ សោភា បានបង្ហោះសារក្រើនរំលឹកដល់ស្ត្រីទាំងឡាយឲ្យមានការប្រុងប្រយ័ត្នខ្ពស់ចំពោះជំងឺមហារីកសុដន់ ។ ក្រើនរំលឹកព្រោះតែកន្លងមកជំងឺដ៏កាចសាហាវនេះបានសម្លាប់ស្ត្រីទូទាំងពិភពលោកក្នុងនោះក៏ មានស្ត្រីនៅកម្ពុជាជាច្រើនបានស្លាប់ដោយសារជំងឺនេះ។

បន្ទាប់ពីចូលរួមសកម្មភាពសង្គមជាហូរហែតារាចម្រៀង មាស សុខសោភា បាន ផ្ញើសារបង្ហាញក្តីព្រួបារម្ភក៏ដូចជាក្រើនរំលឹកដល់ស្ត្រីទាក់ទិននឹងសុខភាពផ្ទាល់ខ្លួន។ នៅលើគេហទំព័រផ្ទាល់ខ្លួនដែលមានអ្នក ចុចLike ជាង៣,៥លាននាក់ តារាចម្រៀង រូបនេះលើកឡើងថា”នាងសូមអភ័យទោស សម្រាប់ការផុស Status មួយនេះក្នុងនាម ជាស្រ្តីម្នាក់ ការយកចិត្តទុកដាក់ចំពោះសុខភាពបានក្លាយទៅជាកត្តាចម្បងសម្រាប់នារីយើងនាពេលបច្ចុប្បន្ននេះ”។

នាងបន្តថា “ភាគច្រើនបញ្ហាជាទូទៅ របស់ស្រ្តីខ្មែរនៅក្នុងប្រទេសកម្ពុជាគឺជំងឺ មហារីកសុដន់ដែលស្រ្តីមួយចំនួនធំបានមើលរំលងព្រមទាំងមិនយកចិត្តទុកដាក់ ចំពោះជំងឺមហារីកមួយនេះ ជំងឺមហារីកសុដន់ បានក្លាយជាជំងឺដែលកាចសាហាវព្រមទាំងបានសម្លាប់ស្រ្តីខ្មែរយ៉ាងច្រើន”។ មានការពិនិត្យតាមដានសុខភាពដោយខ្លួនឯង បានចំនួន៨ចំណុចដែលអាចឲ្យឈ្វេង យល់ដោយខ្លួនឯងតាមរូបភាពខាងក្រោមនេះ៖

NKD-36x6_outline

១ .សុដន់ផ្លាស់ប្ដូរទំហំនិងទម្រង់, ២. មានសភាពរមាស់និងឡើងក្រហមនៅលើសុដន់ឬក្បាលសុដន់, ៣.សារធាតុរាវចេញ ពីក្បាលសុដន់ទាំងសងខាងឬតែម្ខាង, ៤. មានដុំពកត្រង់បរិវេណក្លៀកឬករ, ៥.ដុំគីសឬដុំទឹកវាមានលក្ខណៈខុសពីសាច់សុដន់,៦. ពេលខ្លះសុដន់ប្រែទៅជាប៉ោងឬផត ចូល, ៧. ក្បាលសុដន់លឹបចូលក្នុងឬ ផ្លាស់ប្តូរទីតាំងឬទំហំ,៨.មានអារម្មណ៍ ថាឈឺនៅបរិវេណសុដន់ឬក្លៀក។

គួរបញ្ជាក់ដែរថាជំងឺមហារីកសុដន់គឺជាដុំសាច់ប្រភេទកាចមួយដែលឧស្សាហ៍ជួបប្រទះនៅលើស្រ្តីភេទហើយអត្រាកើតជំងឺនេះមានការកើនឡើងជារៀងរាល់ឆ្នាំ។ យោងតាមស្ថិតិបង្ហាញថា អត្រាកើតមាន ជំងឺមហារីកសុដន់ឈានទៅដល់៧ទៅ ១០ភាគរយក្នុងអត្រាអ្នកមានដុំសាច់ប្រភេទកាចទាំងអស់។ ជាពិសេសក្នុងចន្លោះ អាយុពី៤០ដល់៦០ឆ្នាំ ស្រ្តីដែលមុននិងក្រោយអស់រដូវមានអត្រាអាចកើតជំងឺនេះកាន់តែខ្ពស់៕ វឌ្ឍនា

3 1 2