ព័ត៌មានទាន់ហេតុការណ៍៖

មុខសញ្ញាជូញដូរ និងប្រើប្រាស់ថ្នាំញៀន៧នាក់ត្រូវកម្លាំងនគរបាល ស្រុកថ្មពួកបញ្ជូនទៅស្នងការ ខេត្ត

ប៉ោយប៉ែត៖ ជនសង្ស័យ៧នាក់ត្រូវកម្លាំងនគរបាល ស្រុកថ្មពួកបញ្ជូនទៅស្នងការ ខេត្តកាលពីកាលពីរសៀលថ្ងៃទី22 ខែកញ្ញា ឆ្នាំ 2018 ពាក់ព័ន្ធករណីគ្រឿងញៀន ។

ជនសង្ស័យទាំង៧នាក់ រួមមាន ១.ឈ្មោះ ឃឿនស្រីមិន ភេទ ស្រី អាយុ៣៧ឆ្នាំ មានទីលំនៅភូមិប្រាសាទត្បែង ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក(ជួញដូរ) ២.ឈ្មោះ គៀតប៊ុត ភេទ ប្រុស អាយុ ៣៧ឆ្នាំ ស្នាក់នៅភូមិសាមគ្គី ឃុំគោករមៀត ស្រុកថ្មពួក (ចែកចាយ) ៣.ឈ្មោះ រ៉ាក់ណាវី ភេទ ស្រី អាយុ២៩ឆ្នាំ (ស្រីស្នេហ៌របស់ជនសង្ស័យ គៀត ប៊ុត) ៤. ឃឹមចាន់ ភេទ ប្រុស អាយុ៤៦ឆ្នាំ រស់នៅក្នុងភូមិសាមគ្គី ឃុំគោករមៀត ស្រុកថ្មពួក (ប្រើប្រាស់) ៥. ឈ្មោះ សុខសៃ ភេទ ប្រុស អាយុ៣៩ឆ្នាំ, ៦.ឈ្មោះ ហាំង សុភ័ក្រ ភេទ ប្រុស អាយុ២៨ឆ្នាំ និង៧.ឈ្មោះ សូត្រ តឿ ភេទប្រុស អាយុ ១៨ឆ្នាំ ទាំង៣នាក់ ចុងក្រោយនេះ រស់នៅភូមិដងរ៉ែក ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក(ចែកចាយ) ខេត្តបន្ទាយមានជ័យ ។

នគរបាល ស្រុកថ្មពួក ប្រាប់ថា ករណីបង្រ្កាបនេះធ្វើឡើង ជាបន្តបន្ទាប់តាំងពីរសៀលថ្ងៃទី២១ រហូតដល់រសៀលថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៨ ដោយមានការចូលរួមសហការពីអាជ្ញាធរមូលដ្ឋាន និងមានការសម្របសម្រួលពីលោកមាសច័ន្ទពិសិដ្ឋព្រះរាជអាជ្ញាអមសាលាដំបូង ខេត្តធ្វើឡើង៣កន្លែងផ្សេងគ្នា ក្នុងឃុំគោលរមៀត និងឃុំបន្ទាយឆ្មារ ។

សមត្ថកិច្ចប្រាប់ថា ដំបូងឃាត់ខ្លួនជនសង្ស័យប្រើប្រាស់ថ្នាំញៀនចំនួន៣នាក់ នៅក្នុងភូមិសាស្ត្រ ឃុំបន្ទាយឆ្មារ ក្រោយពេលសាកសួរ បានចម្លើយក៏ឈានទៅឃាត់ខ្លួនជនសង្ស័យ២នាក់ ចែកចាយលើដងផ្លូវជាតិលេខ៥៨ ក្នុងភូមិអូរកំបុត ឃុំគោករមៀត មានឈ្មោះ គៀត ប៊ុត និង រ៉ាក់ ណាវី រកឃើញម្សៅក្រាមពណ៌សថ្លា សង្ស័យមានសារធាតុញៀនចំនួន៥កញ្ចប់តូច និងថ្នាំញៀនមេតំហ្វេតាមីនពណ៌ផ្កាឈូក WY ១០គ្រាប់ ដែល់បោះចោលលើដងផ្លូវក្បែរកន្លែងកើតហេតុ ។

បន្ទាប់មក សមត្ថកិច្ចឆែកឆេលំនៅឋានជនសង្ស័យ (គៀតប៊ុត) រកឃើញថ្នាំញៀមេតំហ្វេតាមីន ពណ៌ផ្កាឈូក WY ចំនួន៨គ្រាប់ លាក់ទុកក្រោមកន្ទេលដេក និងម្សៅក្រាមពណ៌សថ្លាសង្ស័យមានសារធាតុញៀន៣កូនថង់តូច ទុកក្នុងស្រោមដៃលាក់នៅជញ្ជាំងដបកែច្នៃជក់ថ្នាំញៀន១ និងឃាត់ខ្លួនជនសង្ស័យប្រើប្រាស់ម្នាក់ទៀតឈ្មោះ ឃឹមចាន់ ។

នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៨ សមត្ថកិច្ចឈានទៅឃាត់ខ្លួនស្រ្តីមុខសញ្ញាជួញដូរឈ្មោះ ឃឿន ស្រីមិន នៅភូមិប្រាសាទត្បែង ឃុំបន្ទាយឆ្មារ ពេលឆែកឆេរលំនៅឋាន រកឃើញថ្នាំញៀនមេតំហ្វេតាមីនពណ៌ផ្កាឈូក WY 3ថង់ស្មើ និង៦០០គ្រាប់ (ខៀវ៧គ្រាប់) ម្សៅក្រាមពណ៌សថ្លា សង្ស័យមានសារធាតុញៀន៦កញ្ចប់តូច លាក់ទុកក្នុងធាងត្នោត ថ្នាំញៀនមេតំហ្វេតាមីនពណ៌ផ្កាឈូក WY ១ថង់ទៀតចំនួន១១គ្រាប់ និងកន្លះគ្រាប់ច្រកក្នុងបំពង់បឺត២កំណាត់ និងម្សៅក្រាមពណ៌សថ្លាច្រកក្នុងបំពង់បឺត១២កំណាត់ រួមទាំងប្រាក់បាត ប្រាក់រៀល មួយចំនួន និងទូរស័ព្ទចំនួន១៩គ្រឿង ។

លោកវរៈសេនីយ៍ សៅ សារឿន អធិការនគរបាល ស្រុកថ្មពួកប្រាប់ថា ជនសង្ស័យ និងវត្ថុតាងក្រោយសាកសួរបានកសាងសំណុំរឿងបញ្ជុនទៅការិយាល័យជំនាញនៃស្នងការដ្ឋាននគរបាល ខេត្តដើម្បីចាត់ការបន្តតាមនីតិវិធី ៕ វណ្ណា