ព័ត៌មានទាន់ហេតុការណ៍៖

មួយគ្រួសារស្លាប់៣នាក់ និងរបួស៣នាក់ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍នៅស្រុកគូលែន ខេត្តព្រះវិហារ

ខេត្តព្រះវិហារ ៖ យ៉ាងហោចណាស់ មនុស្ស៣នាក់បានស្លាប់ និង៣នាក់ទៀត បានរងរបួសធ្ងន់ស្រាលត្រូវបានគេបញ្ជូនទៅសង្គ្រោះនៅឯមន្ទីរពេទ្យដែលបណ្តាលមកពីគ្រោះថ្នាក់ចរាចរណ៍រវាងគោយន្តកែច្នៃបុកជាមួយរថយន្តមួយគ្រឿងក្នុងទិសដៅបញ្រ្ចាសទិសគ្នា ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៤និង៥០នាទីរសៀលថ្ងៃពុធ ៤កើត ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី១៥ ខែសីហា ឆ្នាំ ២០១៨ តាមបណ្តោយផ្លូវជាតិលេខ៦២ ក្នុងភូមិថ្នល់បែក ឃុំថ្មី ស្រុកគូលែន ខេត្ត ព្រះវិហារ ។

លោកវរសេនីយ៍ទោ ឡាញ់ លីស៊ីវឡេង អធិការនគរបាលស្រុកគូលែនបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញគោយន្តកែច្នៃបើកបរក្នុងទិសដៅពីជើងទៅត្បូង។ លុះដល់កន្លែងកើតហេតុដែលជាចំណុច ផ្លូវកោងគោយន្តកែច្នៃនោះបានបើកជែង គោយន្តកន្ត្រៃមួយគ្រឿងទៀត តែជែងមិនផុតក៏ត្រូវរថយន្តដែលបើកមកពីមុខបុក ពេញទំហឹងបណ្តាលឲ្យមនុស្ស២នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ និងរងរបួស ធ្ងន់ស្រាល៤នាក់។ ភា្លមៗនោះត្រូវគេបញ្ជូន ទៅសង្គ្រោះនៅឯមន្ទីរពេទ្យ ប៉ុន្តែជាអកុសល ស្រីម្នាក់ទៀតបានស្លាប់ពេលដឹកដល់មន្ទីរពេទ្យ។ ដូច្នេះក្នុងហេតុការណ៍គ្រោះថ្នាក់ ចរាចរណ៍នេះគឺស្លាប់៣នាក់របួសធ្ងន់២ និងរបួសស្រាលម្នាក់ ។

លោកអធិការស្រុកគូលែនបានបន្តថា ជនរងគ្រោះដែលស្លាប់មាន ទី១-ឈ្មោះ សួង ស៊ីង ភេទប្រុស អាយុ៤៦ឆ្នាំ ជាអ្នក បើកបរបើកបរគោយន្តកែច្នៃ (ស្លាប់នៅនឹង កន្លែង), ទី២-ឈ្មោះ មុន មុនី ភេទស្រី អាយុ៤៣ឆ្នាំ ជាប្រពន្ធ (ស្លាប់នៅមន្ទីរ ពេទ្យ), ទី៣-ក្មេងស្រីមិនស្គាល់ឈ្មោះស្លាប់ នៅនឹងកន្លែងជាកូន និងក្មេងស្រីម្នាក់ទៀត រងរបួសស្រាល។ ដូច្នេះមួយគ្រួសារដែលជិះគោយន្តកែច្នៃដើរលក់អីវ៉ាន់មានសមា ជិក៤នាក់គឺស្លាប់៣នាក់ របួសស្រាលម្នាក់ មានទីលំនៅក្នុងភូមិរអាង ឃុំរអាង ស្រុក កំពង់សៀម ខេត្តកំពង់ចាម ។

ដោយឡែកអ្នកបើកបររថយន្តឈ្មោះ សិប ធី ភេទប្រុស អាយុ៤០ឆ្នាំ របួសធ្ងន់ រស់នៅឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្ត ឧត្តរមានជ័យបើកបររថយន្តម៉ាកសាំយ៉ុង ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2O-2649 និងអ្នករួមដំណើរ២នាក់ទៀតមិនទាន់ស្គាល់ឈ្មោះក៏រងរបួសធ្ងន់ដែរ ។

ក្រោយពីវាស់វែងរួចសមត្ថកិច្ចបាន ស្ទូចរថយន្ត និងគោយន្តកែច្នៃយកទៅរក្សាទុកដើម្បីដោះស្រាយតាមច្បាប់។ ចំណែក សាកសពជនរងគ្រោះយកទៅតម្កល់ទុក នៅវត្តតាកឹងដើម្បីរង់ចាំសាច់ញាតិមក ទទួលយកទៅចាត់ចែងធ្វើបុណ្យតាម ប្រពៃណី ៕ ហេង នរិន្ទ្រ