ព័ត៌មានទាន់ហេតុការណ៍៖

មួយសំណាងក្នុង១ពាន់គ្រោះថ្នាក់! យុវជនម្នាក់លោតផុតពីគ្រោះថ្នាក់ខណៈឡានក្រឡុកស៊ីម៉ង់ត៍បុកម៉ូតូខ្ទេច

ភ្នំពេញ ៖ មួយសំណាង ក្នុងមួយពាន់គ្រោះថ្នាក់យុវជនម្នាក់ត្រូវរថយន្តក្រឡុកសុីម៉ង់ត៍ បើកបុកម៉ូតូ និងកិនជាប់ក្រោមកង់រថយន្ត បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ សំណាងល្អម្ចាស់ម៉ូតូលោតចេញទាន់ពេល ។

ហេតុការណ៍នេះ កើតឡើងនៅវេលាម៉ោង១ និង៤០នាទីរសៀលថ្ងៃព្រហស្បតិ៍ ១៥រោច ខែបមឋមាសាឍ ឆ្នាំច សំរិទ្ធស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៨ ស្ថិតនៅតាមបណ្តោយផ្លូវលេខ២១៧ កែងផ្លូវ៥០ម៉ែត្រ ស្ថិតក្នុងភូមិបាគូរ សង្កាត់ដង្កោ ខណ្ឌដង្កោ ។

សាក្សីថា យុវជនខាងលើជិះម៉ូតូម៉ាកសេ១២៥ ពណ៌ខ្មៅសេរីឆ្នាំ២០១១ ពាក់ស្លាកលេខ ភ្នំពេញ 1AV-8352 ធ្វើដំណើរតាមបណ្ដោយផ្លូវ៥០ម៉ែត្រ ទិសដៅពីលិចទៅកើត លុះដល់ចំណុចកើតហេតុ ក៏មានរថយន្តក្រឡុកសុីម៉ង់ត៍មួយគ្រឿង ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ5A -0814 បានធ្វើដំណើរតាមបណ្ដោយផ្លូវ២១៧ ទិសដៅពីជើងទៅត្បូងក្នុងល្បឿនលឿន ហើយបានជ្រុលចង្កូតទៅបុកអ្នកជិះម៉ូតូពីចំហៀងបណ្តាលម៉ូតូចូលក្រោមរថយន្តខូចខាតទាំងស្រុង សំណាងល្អយុវជនដែលជាម្ចាស់ម៉ូតូលោតចុះពីលើម៉ូតូទាន់ ពុំរងរបួស ។

សមត្ថកិច្ចខណ្ឌដង្កោចុះមកសម្រួលចរាចរ​ណ៍និងវាស់វែងយករថយន្តបង្ក និងម៉ូតូទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ ដើម្បីដោះស្រាយតាមច្បាប់ ៕ ភារ៉ា ដង្កោ