ព័ត៌មានទាន់ហេតុការណ៍៖

មួយ​យប់​មាន​ករណី​ភ្ជង់​ប្លន់​ប្រដាប់​អាវុធ​២​ករណី​ក្នុង​ក្រុងភ្នំពេញ​

​ភ្នំពេញៈ​ ហេតុការណ៍​ភ្ជង់​ប្លន់​ប្រដាប់​អាវុធ​២​ករណី​បាន​កើតឡើង​ក្នុង​ក្រុងភ្នំពេញ​ ដែល​ក្រុម​ជនសង្ស័យ​បាន​ធ្វើ​សកម្មភាព​រួច​រត់គេច​ខ្លួន​ដោយ​សុវត្ថិភាព​ គ្មាន​ការ​រំខាន​ដល់​សមត្ថកិច្ច​ឡើយ​។​ ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​ភ្នំពេញ​ មានការ​ភ័យ​ព្រួយ​ចំពោះ​សុវត្ថិភាព​របស់​ខ្លួន​ជា​ខ្លាំង​ដោយសារ​ថា​ ក្រុម​ចោរ​សុទ្ធតែ​មាន​កាំភ្លើង​ ហើយ​ពេល​ធ្វើ​សកម្មភាព​ម្តងៗ​គ្មាន​ឃើញ​សមត្ថកិច្ច​ណា​មក​ជួយ​អន្តរាគមន៍​ទាន់​ពេលវេលា​ឡើយ​។​ ប្រជាពលរដ្ឋ​អះអាង​ថា​ សមត្ថកិច្ច​ឥឡូវ​អន់​ជាង​ក្រុម​ចោរ​ទៅ​ទៀត​។​

​សេចក្តីរាយការណ៍​បាន​ឲ្យ​ដឹង​ថា​ កាលពី​វេលា​ម៉ោង​១​និង​១៥​នាទី​រំលង​អធ្រាត្រ​ ឈាន​ចូល​ថ្ងៃ​ទី​៥​ ខែមិថុនា​ មាន​ករណី​ភ្ជង់​ប្លន់​ប្រដាប់​អាវុធ​បាន​កើតឡើង​ ស្ថិត​នៅ​ចំណុច​ក្រោម​ស្ពានអាកាស​ស្ទឹង​មាន​ជ័យ​ ខណ្ឌមានជ័យ​ រាជធានី​ភ្នំពេញ​ ដែល​នៅ​ក្នុង​ករណី​នេះ​ ក្រុម​ជនសង្ស័យ​មាន​គ្នា​៣​នាក់​ធ្វើ​សកម្មភាព​ប្លន់​ម៉ូតូ​ ម៉ាក​ស៊ុ​យ​សូ​គី​និក​មួយ​គ្រឿង​ពី​គូសង្សារ​មួយគូ​បាន​សម្រេច​។​

​សេចក្តីរាយការណ៍​បន្ត​ទៀត​ថា​ លុះ​នៅ​វេលា​ម៉ោង​១​និង​៣០​នាទី​ រំលង​អធ្រាត្រ​ ឈាន​ចូល​ថ្ងៃ​ទី​៥​ ខែមិថុនា​ មាន​ហេតុការណ៍​ប្លន់​ប្រដាប់​អាវុធ​មួយ​ករណី​ទៀត​បាន​កើតឡើង​នៅ​ចំណុច​ផ្លូវ​លេខ​៥១​ ក្បែរ​មន្ទីរពេទ្យ​អង្គឌួង​ សង្កាត់​ផ្សារ​ថ្មី​មួយ​ ខណ្ឌដូនពេញ​ រាជធានី​ភ្នំពេញ​ ដែល​នៅ​ទី​នេះ​ ក្រុម​ជនសង្ស័យ​មាន​គ្នា​៤​ទៅ​៥​នាក់​ ជិះ​ម៉ូតូ​២​គ្រឿង​ ប្រដាប់​ដោយ​កាំភ្លើង​២​ដើម​ ធ្វើ​សកម្មភាព​ភ្ជង់​ប្លន់​ម៉ូតូ​ម៉ាក​ MFX​ មួយ​គ្រឿង​ ហើយ​រត់គេច​ខ្លួន​ដោយ​សុវត្ថិភាព​ ។​

​ពលរដ្ឋ​បាន​សម្តែង​ការ​អស់​សង្ឃឹមថា​ នៅ​ក្នុង​រាជធានី​ភ្នំពេញ​ដែល​ជាទី​ក្រុង​បេះដូង​ប្រទេស​ទាំងមូល​ មិន​គួរ​ណា​គេ​នាំ​គ្នា​បណ្តោយ​ឲ្យ​កើត​មាន​ចោរលួច​ ចោរប្លន់​ប្រដាប់​អាវុធ​ យ៉ាង​គគ្រឹកគគ្រេង​បែប​នេះ​សោះ​។​ ពួក​គាត់​ឆ្ងល់​ថា​ តើ​ក្រុម​សមត្ថកិច្ច​កំពុង​ធ្វើ​អ្វី​ និង​កំពុង​បម្រើ​ ការពារ​សុវត្ថិភាព​ជូន​អ្នក​ណា​ឬ​?​ ៕​ ថា​ច់​ យ៉ា​ត​

Untitsdeweled-1 copy
Untiassstled-2 copy