ព័ត៌មានទាន់ហេតុការណ៍៖

មេគយ សេង សារឿន យកអំណាច ប្រើឥទ្ធិពល៤តួនាទី កៀបជម្រិតអ្នករកស៊ីដឹកទំនិញល្បីស្ទើរពេញ២៥រាជធានី-ខេត្ត

ភ្នំពេញ៖ លោក សេង សារឿន អនុប្រធានសាខាគយ និងរដ្ឋាកររាជធានីភ្នំពេញ ហាក់កំពុងមានមោទនភាពដ៏ងុបងល់ និងអំណាចប្រើតួនាទីយ៉ាងតិច៤ជំនាញ ដើម្បីស្រូបយកប្រយោជន៍ពីក្រុមអ្នករកស៊ីដឹកទំនិញ តាមរយះកៀបសង្កត់ជម្រិតបង្ខំឲ្យបង់លុយលក្ខណះគ្មានវិក័យបត្របង់ពន្ធចូលរដ្ឋដែលឈ្មួញរងសម្ពាធធ្ងន់ទៅៗ បង្ខំចិត្តស្រែកថា លែងទទួលយកបាននូវវប្បធម៍ពុករលួយបែបនេះហើយ។

ក្រុមអ្នករកស៊ីបង្ហើបថា៖ ពួកគាត់ចុកចាប់និងទង្វើមេគយ លោក សេង សារឿន និងមិនអាចទទួលយកបានពីករណី ប្រើរូបភាពឃាត់ឡានដឹកទំនិញបង្ខំឲ្យបង់លុយដោយគ្មានហេតុផល សម្រាប់ការដឹកជញ្ជូនរបស់ពួកគាត់បង់ពន្ធស្របច្បាប់ ប៉ុន្តែជាទម្លាប់លោក សេង សារឿន ប្រើអំណាចឥទ្ធិពលដើរតួនាទីជាមេគយ ទី១-អនុប្រធានសាខាគយ និងរដ្ឋាកររាជធានីភ្នំពេញ ទី២-មេគយចល័តស្ថិតក្រោមការគ្រប់ដោយលោកកើត សុធារ៉ា ទី៣-មេគយចល័តស្ថិតក្រោមការគ្រប់ដោយលោកគុណ ញឹមអគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា និងទី៤-មេក្រុមគយចល័តពិសេសបង្កើតថ្មីមើលបន្ថែមពីលើគយចល័តចេញដោយលោកកើត សុធារ៉ា លោកអគ្គនាយកគុណ ញឹមសម្រាប់មើលពីលើគ្រប់២៥រាជធានី-ខេត្ត ។ ក្រុមអ្នករកស៊ីដឹកទំនិញបន្តថា៖ តំណែង៤ខាងលើនេះរបស់លោក សេង សារឿន ដោយមិនបូកបញ្ចូលនឹងបុគ្គលរូបនេះមានមោទនភាពសំដីយកមេឃទ្រាបគូទអង្គុយត្រង់គាត់អំណួតថា៖ សូម្បីតែភរិយាគាត់ក៏ដើរជាមួយភរិយាលោកអគ្គនាយកគុណ ញឹម និងប្រកបដោយភាពស្និទ្ធស្នាលបំផុត.? ចំណុចនេះក៏អ្នករកស៊ីមានចម្ងល់ផងដែរថា៖ ចុះបើត្រឹមភរិយាគាត់ ដើរជាមួយភរិយាលោកអគ្គនាយកគុណ ញឹមមកទើសអីនិងមុខជំនួញបង់ពន្ធស្របច្បាប់របស់ពួកគាត់ ខណៈវប្បធម៌បញ្ហាភរិយាលូកដៃចូលកិច្ចការផ្ទៃក្នុងការងារប្តី ឬការអន្តរាគមន៍នោះត្រូវបានសម្តេចតេជោហ៊ុន សែនធ្លាប់ព្រមានរួចមកហើយ មិនអាចឲ្យកើតមាននោះ? ។

ក្រុមអ្នកដឹកជញ្ជូនទំនិញបានលើកឡើងជាចម្ងល់ថាៈ រាល់ការនាំទំនិញពីប្រទេសជិតខាង គឺមានពន្ធនាំចូលតាមរយៈឯកសារប្រតិវេទន៍គយត្រឹមត្រូវ និងមានការត្រួតពិនិត្យពីគយប្រចាំច្រកជាច្រើនជំនាញ ក៏ដូចជាសមត្ថកិច្ចពាក់ព័ន្ធមាននៅក្នុងអនុក្រឹត្យ? ប៉ុន្តែលោកសេង សារឿន គាត់នៅតែមានទម្លាប់កាក់រថយន្តដឹកទំនិញកូសរូសបង្កើតបញ្ហាមិនចេះចប់ដើម្បីរកកំហុសរបៀប(កន្សែងស្ងួតពូតឲ្យចេញទឹក) ធ្វើយ៉ាងណាដើម្បីទាញយកប្រយោជន៍ពីអ្នកដឹកទំនិញត្រូវបង់ប្រាក់តិច ឬច្រើន និងមិនមានវិកយបត្រត្រឹមត្រូវ។ ពួកគាត់បានបញ្ជាក់លម្អិតថា និយាយរួមក្នុងមួយខែៗ មានឈ្មួញច្រើននាក់ណាស់ដែលត្រូវបានលោកសេង សារឿន មេគយដ៏មានតួនាទីរាប់កញ្ឆេនេះបង្ខំឲ្យបង់ប្រាក់ក្នុងមួយខែចាប់ពី៣ពាន់ទៅ៤ពាន់ដុល្លារ ដោយប្រាក់ទាំងនេះ លោកសេង សារឿនគំរាម និងបង្ខំឲ្យក្រុមអ្នករកស៊ីដឹកទំនិញនិយាយថា«នេះជាប្រាក់សាគុណ បង់ឲ្យប្រចាំខែតែប៉ុណ្ណោះ មិនត្រូវនិយាយថា ប្រាក់បង់ប្រចាំខែឲ្យគាត់ក្នុងនាមជាមេគយនោះឡើយ»។ បើទោះជា គាត់ប្រើវិធីនេះ គោលបំណងគេចវេះទទួលខុសត្រូវចំពោះផ្លូវច្បាប់នៃទង្វើពុករលួយរបស់ខ្លួនក៏ដោយ ពួកគាត់ជាអ្នករកស៊ីមិនល្ងង់ដល់ថ្នាក់បង់ប្រាក់ទាំងនេះជាសាគុណ ព្រោះច្រើនពេកបំផុត ដែលមិនត្រូវយកមកអនុវត្តន៍រួចហើយប្រើឥទ្ធិពលអំណាចរបស់ខ្លួន ក៏ដូចជាថ្នាក់លើទាំងបង្ខំនោះ។

គេបានលើកឡើងថា លោកសេង សារឿនអនុប្រធានសាខាគយ និងរដ្ឋាកររាជធានីភ្នំពេញ ពេលខ្លះគាត់ហ៊ានធ្វើទាំងបំពាន ដោយគ្មានភាពខ្មាស់អៀនក្នុងនាមជាមន្ត្រីអនុវត្តច្បាប់ ខណៈគាត់កំពុងតែផឹកស៊ីសប្បាយ បែរជានាំគ្នាចេញមកចាប់ឃាត់រថយន្ត សម្លុត គំរាមកំហែងលើកពីហេតុផលផ្សេងៗមិនអាចទទួលយកបាន ក្នុងគោលបំណងឲ្យបង់លុយម្តងៗយ៉ាងតិចត្រឹម៥០០ដុល្លារ។ មិនតែប៉ុណ្ណោះ ពេលចេញមកឃាត់រថយន្ត គាត់ថែមទាំងគ្មានឯកសណ្ឋានច្បាស់លាស់ជាមន្ត្រីអនុវត្តច្បាប់ និងជាមេគយ ព្រោះប្រើរូបភាពសម្លៀកបំពាក់ស៊ីវិល យកកាំភ្លើងមកភ្ជង់សម្លុត ធ្វើមើលតែអ្នករកស៊ីដឹកទំនិញទាំងនោះ ជាជនល្មើសពាក់ព័ន្ធនឹងបទព្រហ្មទណ្ឌ។ បញ្ហាទាំងអស់នេះ ពួកគាត់ជាអ្នករកស៊ីដឹកជញ្ជូនទំនិញមានជំនឿថា ថ្នាក់លើអគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ថ្នាក់ដឹកនាំក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក៏ដូចជាថ្នាក់ដឹកនាំខាងលើៗទៀត មិនបានឲ្យពួកគាត់អនុវត្តតួនាទីភារកិច្ចបែបនេះទេ។ ក្រុមអ្នករកស៊ីដឹកទំនិញបានរំឭកថា កន្លងទៅ សម្តេចតេជោហ៊ុន សែននាយករដ្ឋមន្ត្រីនៃកម្ពុជាតែងមានការលើកទឹកចិត្តដល់ក្រុមអ្នកវិនិយោគទុន បងប្អូនអាជីវកររកស៊ី ដើម្បីរដ្ឋទទួលបានចំណូលពន្ធ ប៉ុន្តែបែរជាមានមន្ត្រីខិលខូចយកតួនាទីភារកិច្ចទៅគាបសង្កត់ជំរិតបង្ខំឲ្យឈ្មួញបង់ប្រាក់ដោយមិនបានថ្លឹងថ្លែងពីការដឹកជញ្ជូនទំនិញស្របច្បាប់ ឬលោតឆត្រ។ បើជាទំនិញខុសច្បាប់ និងបង់ពន្ធមិនគ្រប់ អំពើឃុបឃិតគ្នា ក៏ដូចជាសកម្មភាពឃាត់រថយន្តបង្ខំឲ្យបង់ប្រាក់ដោយគ្មានវិកយបត្រនេះជារឿងផ្សេង ចុះបើពួកគាត់មានឯកសារត្រឹមត្រូវចេញពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា មានការត្រួតពិនិត្យគ្រប់គ្រាន់ពីគយតាមបណ្តាច្រកក្នុងក្របខ័ណ្ឌទូទាំងប្រទេសហើយនោះ ហេតុអ្វីក៏លោកសេង សារឿននៅមានវត្តមានចាំឃាត់រថយន្តបង្ខំឲ្យអ្នកដឹកទំនិញបង់ប្រាក់តាមទំនើងចិត្តអ្វីដែលខ្លួនចង់បាន ក្នុងនោះគាត់ថែមទាំងបញ្ចេញនូវមោទនភាពថា ខ្លួនស្និទ្ធនឹងអគ្គនាយក ស្និទ្ធនឹងភរិយាអគ្គនាយក ពិសេសសូម្បីតែភរិយារបស់គាត់ ក៏គាត់ចាត់ទុកថា ដើរជាមួយភរិយាអគ្គនាយកប្រកបដោយភាពស្និទ្ធស្នាលបំផុត។

NKD-36x6_outline

មន្ត្រីគយខ្លះបានទម្លាយថា អ្វីដែលអាជីវករអ្នករកស៊ីដឹកទំនិញបានលើកឡើងដូចខាងលើនេះ ចាត់ទុកថា ជាការពិតច្រើន ខណៈការរិះគន់ពីក្រុមឈ្មួញ បាននិងកំពុងជះឥទ្ធិពលដ៏អាក្រក់ប៉ះពាល់ដល់ស្ថាប័នគយ ខណៈបុគ្គលខ្លះប្រព្រឹត្តប្រាស់ចាកនឹងតួនាទីភារកិច្ច ក៏ដូចជាការណែនាំរបស់អគ្គនាយក នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជានោះ។ ពិសេសបុគ្គលលោកសេង សារឿននេះតែម្តង បើទោះជាគាត់ជាប់ពាក់ព័ន្ធនឹងការរិះគន់ពីក្រុមឈ្មួញដឹកទំនិញរឿងបង្ខំឲ្យបង់ប្រាក់ ក្នុងនោះគាត់ក៏មានចំណុចលក្ខណៈពិសេសឆ្លាតបំផុត ត្រង់ថា ទង្វើដែលអាចធ្វើទៅលើក្រុមអ្នកដឹកទំនិញបាន គឺខុសពីផ្លូវជាតិដែលគាត់គិតថា មិនមានខ្នងបង្អែក ខ្សែទុយយោក្រាស់ ។ ជាក់ស្តែង រាល់ការដឹកជញ្ជូនទំនិញ បើចេញពីចំណុចច្រកបាវិត ខេត្តស្វាយរៀង ច្រកចាំយាម ខេត្តកោះកុង ច្រកត្រពាំងស្រែវ៉ាលឺ ខេត្តក្រចេះ ច្រកត្រពាំងផ្លុង ខេត្តត្បូងឃ្មុំ និងច្រកជាច្រើនទៀតក្នុងខេត្តបាត់ដំបង ពិតណាស់ថា លោកសេង សារឿនមិនសូវជាយកចិត្តទុកដាក់ឈឺក្បាលវិលមុខទៅឃាត់រថយន្ត ឬតម្រូវបង្ខំឲ្យឈ្មួញទាំងនោះបង់ប្រាក់នោះទេ ដោយហេតុថា ច្រកទាំងប៉ុន្មានខាងលើនេះ អាចនិយាយថា ក្តៅរលាក់ដៃ ឬប៉ះទង្គិចរបូតតំណែង ខណៈច្រកសំខាន់ៗ នេះ ពេលខ្លះមានអ្នកធំ ផ្តាំផ្ញើពីខាងលើ ឬមានភរិយាជាអ្នករត់ការផ្លូវដឹកទំនិញ ហើយលោកប្តីជាមេគយជាដើម។ ដូចជាផ្លូវជាតិលេខ១ លោកសេង សារឿនមិនហ៊ានអើពើទេ ដោយខ្លាចអំណាចឈ្មួញខ្លះ ប្តីជាមេគយ ប្រពន្ធជាអ្នករត់ការផ្លូវ ហើយមានឥទ្ធិពលលើលោកសេង សារឿននេះជាដើម។

ពាក់ព័ន្ធការរិះគន់ខាងលើនេះ លោកសេង សារឿន កាលពីព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៧ បានបដិសេធន៍ប្រាប់នគរវត្តតាមទូរស័ព្ទថា «ខ្ញុំមិនបានធ្វើបែបនេះទេចំពោះការឃាត់ឡានដោយគ្មានឯកសណ្ឋានច្បាស់លាស់ ការបង់ខែ ឬភរិយាខ្ញុំរត់ការ ដោយសារគាត់នៅតែផ្ទះ និងមានជំងឺ បើចេញខាងក្រៅ គឺគាត់ហាត់ប្រាណប៉ុណ្ណោះ»។

លោកសេង សារឿនអនុប្រធានសាខាគយ និងរដ្ឋាកររាជធានីភ្នំពេញមិនត្រឹមតែបដិសេធន៍ដូចការលើកឡើងខាងលើប៉ុណ្ណោះទេ លោកថែមទាំងសំណូមពរឲ្យខាងអាជីវករ ឬខាងក្រុមហ៊ុនមកនិយាយតទល់គ្នាវិញ ជៀសវាងការយល់ច្រឡំ។ ទោះបីមានការបដិសេធន៍ពីមេគយរូបនេះក៏ដោយ ក្រុមអ្នករកស៊ីដឹកទំនិញស្របច្បាប់និយាយថា បើគិតពីមន្ត្រីគយ ថ្នាក់ដឹកនាំគយរាប់សិបឆ្នាំមកហើយ ទើបនឹងឃើញសម័យលោកសេង សារឿនប៉ុណ្ណោះ គឺប្រើប្រាស់ឥទ្ធិពលហួសព្រំដែន អាចជាការស្រេកឃ្លាននូវអំពើពុករលួយ ដោយពុំបានគិតដល់ពីផលប៉ះពាល់ចំពោះទឹកចិត្តអ្នករកស៊ីបង់ពន្ធស្របច្បាប់។ បញ្ហានេះ ក្រុមអ្នករកស៊ីដឹកជញ្ជូនទំនិញសំណូមពរឲ្យលោកគុណ ញឹម អគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាមេត្តាពិនិត្យតាមដានពីអត្តចរិកលក្ខណៈបុគ្គលរបស់លោកសេង សារឿនពិតដូចការលើកឡើង ឬក៏បញ្ហានេះលេចឮដែរ តែមិនទាន់មានវិធានការដើម្បីកែទម្រង់? ។ ដោយឡែកលោកគុណ ញឹមអគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នគរវត្តមិនអាចរកការបំភ្លឺបានទេនៅព្រឹកថ្ងៃ ខែ ឆ្នាំដដែលនេះ ខណៈគ្មានលេខទូរស័ព្ទ ៕ សុខ ខេមរា