ព័ត៌មានទាន់ហេតុការណ៍៖

មេឈ្មួញរកស៊ីដឹកជញ្ជួនឈើផ្ទះចាស់ បង្កប់ឈើថ្មី លួចបន្លំភ្នែកសមត្ថកិច្ចតាមផ្លូវ បានជាច្រើនឆ្នាំ ត្រូវអស់ល័ក្ខណ៍ ជាប់អន្ទាក់មន្ត្រីជំនាញ រដ្ឋបាលព្រៃឈើ

ខេត្តកំពង់ធំ៖ កាលពីថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៨ ផ្នែករដ្ឋបាលព្រៃឈើកំពង់ថ្ម លោកធូរ គឹម ហ៊ួរនាយរងផ្នែក រដ្ឋបាលព្រៃឈើ កំពង់ថ្ម បានដឹកនាំក្រុមការងារចេញប្រតិបត្តិការ បង្ក្រាបបទល្មើសដឹកជញ្ជួន បង្កប់ឈើថ្មី ជ្រកក្រោមច្បាប់ សុំដឹកឈើផ្ទះចាស់។

ដោយមានការសង្ស័យថា ឈ្មួញលួចបង្កប់ឈើថ្មី ទើបកម្លាំងរដ្ឋបាលព្រៃឈើ ផ្នែកកំពង់ថ្ម បានរួមសហការ ជាមួយកម្លាំងអធិការ នគរបាលស្រុកសន្ទុកដែលមានការជួយផ្តល់ដំណឹងពីក្រុមអ្នកសាព័ត៌មាន ទើបមានការពួនស្ទាក់ឃាត់ ចាប់បានភ្លាមៗតែម្ដង។

ជាក់ស្ដែង ពិនិត្យឃើញឈើថ្មីៗប្រមាណ៨០ភាគរយ កម្លាំងសមត្ថកិច្ចរដ្ឋបាលព្រៃឈើ ក៏បាននាំ រថយន្ត យីឌុប ពាក់ស្លាកលេខ តាកែវ (3A-2169) ចំនួន១ គ្រឿង ដែលដឹកឈើផ្ទះចាស់ ហើយលួចបង្កប់ ឈើថ្មី ប្រហែល២០ម៉ែត្រគូប មករក្សាទុក នៅទីស្នាក់ការផ្នែក រដ្ឋបាលព្រៃឈើ កំពង់ថ្ម ដើម្បីកសាង សំណុំ រឿង ចាត់ការតាមច្បាប់ ស្ដីពីព្រៃឈើ ៕ ប៊ុនរិទ្ធី