ព័ត៌មានទាន់ហេតុការណ៍៖

ម៉ូតូកង់បីដឹកទឹកកកប្រថុយកម្លាំងជាមួយឡានដឹកអ្នកដំណើររបួសធ្ងន់២នាក់

ខេត្តកំពង់ឆ្នាំង ៖ បុរស២នាក់បានរងរបួសធ្ងន់ ត្រូវបានដឹកយកមកសង្រ្គោះនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង បន្ទាប់ត្រូវរថយន្ត និងម៉ូតូកង់បីបានបុកគ្នា ពេញមួយទំហឹង កាលពីវេលាម៉ោងជិត៤រសៀល ថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០១៧ នៅតាមបណ្តោយផ្លូវជាតិលេខ៥ ស្ថិតក្នុងភូមិស្រែព្រីង សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ។

សមត្ថកិច្ចបានឲ្យដឹងថា នៅមុនពេលកើតហេតុ មានរថយន្តដឹកអ្នកដំណើរមួយគ្រឿង ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ ២X-៤៦៥១ ធ្វើដំណើរក្នុងទិសដៅពីត្បូងទៅជើង នៅពេលមដល់ចំណុចកើតហេតុ មានម៉ូតូកង់បី១គ្រឿង ជាម៉ូតូដឹកទឹកកក ធ្វើដំណើរក្នុងទិសដៅផ្ទុយគ្នា បានបើកយ៉ាងលឿន ជែងឡានជាច្រើនគ្រឿង រួចជ្រុលទៅបុករថយន្តដឹកអ្នកដំណើរតែម្តង បណ្តាលឲ្យបុរស២នាក់ ដែលជាអ្នកបើកបរម៉ូតូ និង អ្នកជិះម៉ូតូរងរបួសធ្ងន់ ដឹកយកទៅសង្រ្គោះនៅមន្ទីរពេទ្យខេត្តតែម្តង ។

NKD-36x6_outline

ក្រោយពេលកើតហេតុ មធ្យោបាយបង្កត្រូវបានគេយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងកំពង់ឆ្នាំង ដើម្បីរង់ចាំដោះស្រាយបន្តតាមនីតិវិធី។ រហូតមកដល់ពេលនេះ សមត្ថកិច្ចនៅមិនទាន់ស្គាល់អត្តសញ្ញាណជនរងគ្រោះនៅឡើយទេ ដោយសារគ្រូពេទ្យកំពុងសង្រ្គោះបន្ទាន់ ៕ ចន្ថា