ព័ត៌មានទាន់ហេតុការណ៍៖

ម៉ូតូកង់បីបត់ឆ្លងផ្លូវបុកម៉ូតូហុងដាគុបជ្រុងពេញមួយទំហឹងឮបណ្ដាលឲ្យបុរសម្នាក់របួសធ្ងន់

ខេត្តកណ្ដាល៖ ម៉ូតូកង់បីមួយគ្រឿងបើកដោយល្បឿនលឿនបត់ឆ្លងផ្លូវមិនប្រយ័ត្ន ជ្រុលទៅបុកម៉ូតូហុងដាគុបជ្រុងមួយគ្រឿងទៀតពេញមួយទំហឹង បណ្ដាលឲ្យបុរសម្នាក់ជាអ្នកជិះម៉ូតូហុងដាគុបជ្រុងទទួលរងបួសធ្ងន់ ។ ករណីគ្រោះថ្នាក់ចរាចរណ៍ខាលើនេះ បានកើតឡើងកាលពីវេលាម៉ោង១៨ និង៤៥នាទី ថ្ងៃសុក្រ ៨កើត ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៨ ត្រង់ចំណុចខាងមុខបុរីពិភពថ្មី១ ស្ថិតក្នុងភូមិព្រែកសំរោង៣ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ។

មន្រ្ដីនគរបាលចរាចរណ៍ក្រុងតាខ្មៅបានឲ្យដឹងថា ម៉ូតូបង្កម៉ាកLONCIN (ម៉ូតូកង់បីប្រភេទសណ្ដោងរ៉ឺម៉ក) ពណ៌ក្រហម ពាក់ស្លាកលេខ កណ្តាល1P-5171 បើកបរដោយជនមិនស្គាល់អត្ដសញ្ញាណរត់គេចខ្លួនបាត់ស្រមោល ។ ចំណែកជនរងគ្រោះរងរបួសធ្ងន់ឈ្មោះ កែវ ឡៃហេងភេទប្រុស អាយុ១៨ឆ្នាំ មានទីលំនៅភូមិកោះរំដួល ឃុំរកាខ្ពស់ ស្រុកស្អាង ខេត្តកណ្តាល (បាក់ជើងស្ដាំ និងបាក់កដៃ) ជិះម៉ូតូម៉ាកហុងដាគុបជ្រុង ធុនសេ៩០ ពណ៌ទឹកប៊ិច ពាក់ស្លាកលេខកណ្តាល1Q-7425 ។

ប្រភពដដែលបន្ដថា នៅមុនពេលកើតហេតុសាក្សីបានឃើញម៉ូតូកង់បីប្រភេទសណ្ដោងរ៉ឺម៉ក ធ្វើដំណើរតាមបណ្ដោយផ្លូវ លុះជិះមកដល់ចំណុចកើតហេតុ បានបត់ឆ្វេងឆ្លងផ្លូវក្នុងទិសដៅពីលិចទៅកើត ខណៈដែលបត់នោះមិនបានមើលមុខមើលក្រោយនោះទេ ក៏ជ្រុលទៅបុកម៉ូតូជនរងគ្រោះហុងដាគុបជ្រុងពេញមួយទំហឹងដែលធ្វើដំណើរក្នុងទិសដៅពីជើងទៅត្បូង បណ្ដាលឲ្យជនរងគ្រោះជាអ្នកជិះម៉ូតូគុបជ្រុងទទួលរងរបួសធ្ងន់បាក់ជើងស្ដាំ និងបាក់កដៃ រីឯអ្នកបើកម៉ូតូកង់បីបានទុកម៉ូតូចោលកន្លែងកើតហេតុ រួចរត់គេចខ្លួនបាត់ស្រមោល ។

ក្រោយពីមានហេតុការណ៍កើតឡើង ជនរងគ្រោះត្រូវបានរថយន្ដសាមុយដឹកបញ្ចូនទៅសង្រ្គោះបន្ទាន់នៅមន្ទីរពេទ្យជ័យជំនះក្រុងតាខ្មៅ ។ ដោយឡែកមធ្យោបាយពាក់ព័ន្ធទាំង២គ្រឿងត្រូវសមត្ថកិច្ចជំនាញចុះមកពិនិត្យវាស់វែង និងកសាងឯកសារដកហូតយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក ដើម្បីចាត់ការតាមច្បាប់ ៕ ស្អាងជ័យ