ព័ត៌មានទាន់ហេតុការណ៍៖

ម៉ូតូធុនធំ(XR)បើកលឿនបុកម៉ូតូសង់ឆ្លងផ្លូវដួលរណូករណែល ត្រូវបានរថយន្តមិនស្គាល់ម៉ាកបើកលឿនបុកកិនបុរសចំណាស់ស្លាប់ម្នាក់ និងរបួសធ្ងន់ធ្ងរ២នៅលើផ្លូវជាតិលេខ៤

ខេត្តកំពង់ស្ពឺ៖ បុរសចំណាស់ម្នាក់បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ និង២នាក់ទៀតបានរងរបួសធ្ងន់ធ្ងរ ហើយត្រូវបានរថយន្តសាមុយដឹកយកទៅសង្គ្រោះនៅគ្លីនិកមួយកន្លែង ខណៈដែលម៉ូតូ២គ្រឿងបុកគ្នាពេលបើកឆ្លងផ្លូវបណ្តាលឲ្យដួលរណូករណែលកណ្តាលផ្លូវ ហើយត្រូវបានរថយន្តមិនស្គាល់ម៉ាកបើកលឿនបុកកិនបុរសម្នាក់បណ្តាលឲ្យស្លាប់ និងរបួសចំនួន២នាក់ទៀត រួចបានបន្ថែមល្បឿនរត់គេចខ្លួនបាត់ស្រមោល ។

ហេតុការណ៍គ្រោះថ្នាក់ខាងលើបានកើតឡើង កាលពីវេលាម៉ោង៩ និង៥នាទីព្រឹកថ្ងៃសៅរ៍ ១២កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៨ នៅ លើកំណាត់ ផ្លូវជាតិលេខ៤ ត្រង់ចន្លោះបង្គោលគីឡូម៉ែត្រលេខ ៣៥ទៅលេខ-៣៦ចំណុចភូមិត្រពាំងរកា ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។

តាមសម្តីរបស់មន្ត្រីនគរបាលចរាចរណ៍ស្រុកបាននិយាយឲ្យដឹងថា នៅមុនពេលកើតហេតុ មានម៉ូតូធុនធំ១គ្រឿងម៉ាកអ៊ិចអ៊ែរ (XR)ពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ ១CQ.១៥៤១ អ្នកបើកបរមានឈ្មោះ មុំ និម៉ឺន ភេទប្រុស អាយុ២៨ឆ្នាំ រស់នៅភូមិបត់តាជី សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល បានឌុបមនុស្សម្នាក់ទៀតពីក្រោយមានឈ្មោះ ស គុន្ធី ភេទស្រី អាយុ២៨ឆ្នាំ រស់នៅភូមិត្រែងត្រយឹងឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ។

នគរបាលបន្តថា បុរសស្ត្រី២នាក់ខាងលើបាន បើកបរម៉ូតូតាមបណ្តោយផ្លូវជាតិលេខ៤ក្នុងទិសដៅពីទិសខាងកើតទៅទិសខាងលិចក្នុងល្បឿនលឿន លុះពេលធ្វើដំណើរមកដល់ចំណុចកើតហេតុខាងលើ ក៏បានជ្រុលចង្កូតទៅបុកជាមួយម៉ូតូ១គ្រឿងទៀតម៉ាកហុងដាសេ១២៥ ស៊េរីឆ្នាំ២០០២ ពណ៌ខ្មៅពាក់ស្លាកលេខកំពង់ស្ពឺ ១C.៥៩១១ អ្នកបើកបរឈ្មោះ អ៊ូច អ៊ីម ភេទប្រុស អាយុ៥៩ឆ្នាំជាកសិករ រស់ នៅក្នុងភូមិស្រែអំបិល ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺដែលកំពុងបើកបរឆ្លងផ្លូវពីជើងទៅត្បូងបណ្តាលឲ្យដួលរណូករណែល បន្ទាប់មកស្រាប់តែមានរថយន្ត១គ្រឿងទៀត មិនស្គាល់ម៉ាក និងស្លាកលេខឈ្មោះ និងទីលំនៅអ្នកបើកបរឡើយ (បើករត់គេចខ្លួនបាត់) កំពុងបើកបរមកពីទិសខាងកើតទៅទិសខាងលិច បានបុកកិន(ជាន់)ឈ្មោះអ៊ូច អ៊ីម បណ្តាលឲ្យស្លាប់នៅ និងកន្លែងកើតហេតុភ្លាមៗតែម្តង រួចបន្ថែមល្បឿនរត់គេចបាត់ស្រមោល ហើយអ្នកបើកម៉ូតូអ៊ិចអ៊ែរ និងអ្នកជិះពីក្រោយរងរបួសធ្ងន់ទាំង២ នាក់ បានបញ្ជូនទៅពេទ្យសង្គ្រោះផងដែរ ។

នគរបាលជំនាញបាននិយាយឲ្យឹងថា អ្នកបើកម៉ូតូមិនពាក់មួកសុវត្តិភាព និងគ្មាន ដាក់កញ្ចក់មើលក្រោយនោះទេទើបបណ្តាលឲ្យរងគ្រោះបែបនេះ ចំពោះ ម៉ូតូចំនួន២គ្រឿងខូចខាត កំរិតស្រាល ។

ក្រោយកើតហេតុនគរបាលជំនាញចុះទៅវាស់វែងសពប្រគល់ឲ្យសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី ចំពោះវត្ថុតាងម៉ូតូទាំង២គ្រឿងយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកសំរោងទង ដើម្បីដោះស្រាយនៅពេលក្រោ ៕ សេនា សក្តិ