ព័ត៌មានទាន់ហេតុការណ៍៖

ម៉ូតូបុកគ្នានៅផ្លូវកោងឡើងចំណោត ស្លាប់ម្នាក់ របួស២ នាក់

ខេត្តកោះកុង ៖ មនុស្សប្រុសស្រី ៣នាក់ ក្នុងនោះ មាន ២នាក់ ជាប្តីប្រពន្ធនឹងគ្នា បានរងរបួសធ្ងន់ ដោយសារ ជិះម៉ូតូបុកគ្នា កាលពីវេលាម៉ោង ៣ រសៀលថ្ងៃ ចន្ទ ៣ រោច ខែ ទុតិយាសាឍ ឆ្នាំ ច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹង ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៨ នៅលើផ្លូវ គ្រួសក្រហម ស្ថិតនៅ ភូមិចម្លងគោ ឃុំថ្មស ស្រុកបូទុមសាគរ ខេត្តកោះកុង ។

សមត្ថកិច្ចនគរបាលចរាចរ ស្រុកបូទុមសាគរ បានឲ្យដឹងថា ករណីគ្រោះថ្នាក់ ចរាចរណ៍នេះ កើតឡើង ដោយសារម៉ូតូ បុកជាមួយម៉ូតូ ពេលបើកបរ ក្នុងទិសដៅ បញ្ច្រាស់គ្នា បណ្តាលឲ្យ រងរបួសមនុស្ស ៣នាក់ក្នុងនោះមាន ស្រី ១នាក់ ។ លុះពេលបញ្ជូន មកព្យាបាល នៅមន្ទីពេទ្យបង្អែក ស្រុកស្រែអំបិល បានពាក់កណ្ដាលផ្លូវ ក៏បានស្លាប់ម្នាក់ ឈ្មោះ វឹង មាន ភេទប្រុស អាយុ ២២ឆ្នាំ មានទីលំនៅ ភូមិស្រែថ្មី ឃុំថ្មស ។ បើតាមការវាស់វែងរបស់សមត្ថកិច្ចបញ្ជាក់ថា គ្រោះថ្នាក់នេះ កើតឡើង ដោយសារ ផ្លូវកោង និងឡើងចំណោត ហើយអ្នកបើកបរម៉ូតូទាំងពីរគ្រឿងមិនប្រុងប្រយ័ត្ន ៕ សហការី