ព័ត៌មានទាន់ហេតុការណ៍៖

ម៉ូតូ និងរថយន្តសណ្ដោងរ៉ឺម៉កបញ្ច្រាសគ្នា ស្លាប់ម្នាក់ទាំងយប់ នៅស្រុកស្វាយទាប

ខេត្តស្វាយរៀង៖ បុរសជាកសិករម្នាក់បានស្លាប់ភ្លាមៗ ដោយគ្រោះថ្នាក់ចរាចរណ៍ជិះម៉ូតូ មិនប្រកាន់ស្ដាំបុកជាមួយរថយន្តសណ្ដោងរ៉ឺម៉ក បញ្ច្រាសគ្នាយ៉ាងពេញទំហឹង លាន់ដូចរន្ទះ បង្កការភ្ញាក់ផ្អើលដល់អ្នកភូមិទាំងយប់ ។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៧ និង៤៥នាទីយប់ ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៨ នៅ ចំណុចភូមិថ្លុកព្រីង ឃុំពពែត ស្រុកស្វាយទាប ខេត្តស្វាយរៀង ។

យោងតាមមន្ត្រីកងរាជអាវុធហត្ថស្រុកស្វាយទាបបានឲ្យកាសែតនគរវត្តដឹងថា បុរសដែលស្លាប់មានឈ្មោះ នាង សារុំ អាយុ៤៥ឆ្នាំ មុខរបរកសិករ រស់នៅភូមិថ្លុកព្រីង ឃុំពពែត ស្រុកស្វាយទាប ខណៈជិះម៉ូតូម៉ាកហុងដា ពណ៌ក្រហម ពាក់ស្លាកលេខ ស្វាយរៀង ១L ១៧៨៣ ខូចខាតយ៉ាងដំណំ ។

ចំណែកអ្នកបើករថយន្តមានឈ្មោះ រាម ចន្ថា ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរ បើកបរ រស់នៅភូមិទួលច្រេស ឃុំពពែត ស្រុកស្វាយទាប ខេត្តស្វាយរៀង ក្រោយកើតហេតុ ឃើញសភាពមិនស្រួល បានបើកទ្វាររត់គេចខ្លួនបាត់ស្រមោល ។

បើតាមសាក្សីបានឲ្យដឹងថា មុនកើតហេតុមានបុរសម្នាក់បាន ជិះម៉ូតូមួយគ្រឿងម៉ាកហុងដា ពណ៌ក្រហមពាក់ ស្លាកលេខ ស្វាយរៀង ១L ១៧៨៣ ក្នុងទិសដៅពីត្បូងទៅជើង ដោយបើកមិនប្រកាន់ស្ដាំ ក្នុងល្បឿនលឿនស្រាប់តែទៅបុកនឹងរថយន្តសណ្តោងរ៉ឺម៉ក ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ខៀវ គ្មានស្លាកលេខ ទិសដៅពីជើងទៅត្បូង យ៉ាងពេញទំហឹងបង្កការភ្ញាក់ផ្អើលតែម្ដង ។

បន្ទាប់ពីកើតហេតុ អ្នកបើករថយន្តបានរត់គេចខ្លួនភ្លាមៗ ចំណែកឯអ្នកស្លាប់ត្រូវបានសមត្ថកិច្ចមូលដ្ឋានបានប្រគល់ឲ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី ៕ យឹមសុថាន