ព័ត៌មានទាន់ហេតុការណ៍៖

ម៉ូតូពីរគ្រឿងបុកគ្នាយ៉ាងពេញទំហឹង ស្លាប់ម្នាក់ របួសធ្ងន់ម្នាក់

ខេត្តបាត់ដំបង: មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង​រវាងម៉ូតូ២គ្រឿងបុក​គ្នាពេញ​ទំហឹង បណ្តាលឲ្យស្លាប់ម្នាក់និងរបួសធ្ងន់ម្នាក់ កាលពីវេលាម៉ោង៤និង៥០នាទីរសៀល ថ្ងៃ ពុធ ១៤ រោច ខែ បឋមាសាឍ ឆ្នាំ ច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹង​ ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៨ នៅលើផ្លូវជាតិលេខ៥៧B ភូមិភ្នំសំពៅលិច ឃុំភ្នំសំពៅ ស្រុកបាណន់ ខេត្តបាត់ដំបង

នគរបាលចរាចរ ស្រុកបាណន់ បានឲ្យដឹងថា នៅមុនពេលកើតហេតុ គេបានឃើញម៉ូតូហុង​ដាឌ្រីម សេ១២៥ ពណ៌ក្រហម ស៊េរីឆ្នាំ០១៥ ពាក់ស្លាកលេខ ប.ប1V-0787 ជិះដោយឈ្មោះ រិទ្ធិ គឹមហឹង ភេទប្រុស អាយុ១៧ឆ្នាំ ​ជាសិស្ស រស់នៅភូមិក្រពើកើតឃុំស្រុកកើតហេតុ បើកបរ​ពីកើតទៅលិចក្នុងល្បឿនលឿន។ លុះមកដល់ចំណុចកើតហេតុ បានជែងនឹងគោយន្ត មួយ​គ្រឿងនៅពីមុខក៏ជ្រុលទៅបុកម៉ូតូហុងដាឌ្រីម សេ១២៥ ពណ៌ក្រហម ស៊េរីឆ្នាំ០១៨ គ្មានស្លាក​លេខ ជិះដោយឈ្មោះ យឿង សុភ័ក្រ ភេទប្រុស អាយុ២២ឆ្នាំ(របួសធ្ងន់) រស់នៅភូមិធ្ងរ័ ឃុំចែងមានជ័យ ស្រុកបាណន់ បណ្តាលឲ្យឈ្មោះរិទ្ធិ គឹមហឹងស្លាប់នៅនឹងកន្លែងតែម្តង។

ប្រភពដដែលបានឲ្យដឹងទៀតថា ក្រោយពេលកើតហេតុ សមត្ថកិច្ចនគរបាលចរាចរ ស្រុក​បាណន់ បានចុះ​ទៅដល់​កន្លែងកើតហេតុវាស់វែងនិងបញ្ជូនជនរងគ្រោះ​ទៅសង្គ្រោះ​នៅមន្ទីរ​ពេទ្យខេត្តភ្លាមៗ ។ ដោយឡែកម៉ូតូទាំង២គ្រឿងត្រូវបានសមត្ថកិច្ចយក​មករក្សាទុកនៅ​ការិយា​ល័យនគរបាលចរាចរណ៍ផ្លូវគោកខេត្ត រង់ចាំការដោះស្រាយទៅតាមផ្លូវច្បាប់។ ចំណែក​សាក​សពជនរងគ្រោះបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើតាមប្រពៃណី ៕ សហការី