ព័ត៌មានទាន់ហេតុការណ៍៖

ម៉ូតូមួយគ្រឿងជិះមិនប្រកាន់ស្ដាំជ្រុលទៅបុកម៉ូតូមួយគ្រឿងទៀតបណ្ដាលឲ្យរបួសធ្ងន់ម្នាក់ និងស្រាលម្នាក់

ខេត្តកណ្ដាលៈ ម៉ូតូហុងដាឌ្រីមមួយគ្រឿង បើកខ្វះការប្រុងប្រយ័ត្ន មិនប្រកាន់ស្ដាំបានរេចង្កូតជ្រុលទៅបុកម៉ូតូមួយគ្រឿងទៀតចំពីមុខពេញមួយទំហឹង បណ្ដាលរបួសធ្ងន់ម្នាក់និងរបួសស្រាលម្នាក់ ។ ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង១៧និង៤០នាទី ថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០១៨ លើកំណាត់ផ្លូវជាតិលេខ២១ ស្ថិតនៅក្នុងភូមិព្រែកស៊ឹង ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្ដាល ។

មន្រ្ដីនគរបាលចរាចរណ៍ស្រុកកោះធំបានឲ្យដឹងថា ជនរងគ្រោះរបួសធ្ងន់ឈ្មោះ អេង សំណាង ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរកសិករ មានទីលំនៅភូមិកប៉ាល់គឿង ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្ដាល ជិះម៉ូតូម៉ាកហុងដាឌ្រីម ធុនសេ១២៥ ស៊េរីឆ្នាំ២០១៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1FK-8546 ។ ចំណែកឯភាគីអ្នកបើកបរម៉ូតូម្ខាងទៀតឈ្មោះ សុខ ចំរើន ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរកសិករ មានទីលំនៅភូមិជ្រៃធំ ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្ដាល រងរបួសស្រាល ជិះម៉ូតូម៉ាកហុងដា គុបជ្រុង ធុនសេ៥០ ពណ៌ប្រផេះ ពាក់ស្លាកលេខ កណ្ដាល 1W-4176 ។

ប្រភពដដែលបន្ដថា នៅមុនពេលកើតហេតុសាក្សីបានឃើញជនរងគ្រោះរងរបួសធ្ងន់ជាអ្នកជិះម៉ូតូម៉ាកហុងដាឌ្រីម ស៊េរីឆ្នាំ២០១៥ ធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ២១ ក្នុងទិសដៅពីជើងទៅត្បូងដោយមិនប្រុងប្រយ័ត្ន លុះមកដល់ចំណុចកើតហេតុ ស្រាប់តែរេចង្កូតទៅឆ្វេងដោយមិនប្រកាន់ស្ដាំ ក៏ជ្រុលទៅបុកម៉ូតូមួយគ្រឿងទៀតម៉ាកហុងដាគុបជ្រុង ធុនសេ៥០ចំពីមុខពេញមួយទំហឹង បណ្ដាលឲ្យអ្នកជិះម៉ូតូហុងដាឌ្រីម ស៊េរីឆ្នាំ២០១៥ទទួលរងរបួសធ្ងន់ រីអ្នកជិះម៉ូតូម៉ាកហុងដាគុបជ្រុង រងរបួសស្រាល ។

ក្រោយពីមានហេតុការណ៍កើតឡើង ជនរងគ្រោះរងរបួសធ្ងន់ ត្រូវក្រុមគ្រួសារដឹកយកទៅព្យាបាលនៅមន្ទីរពេទ្យប្រទេសវៀតណាម ។ ដោយឡែកមធ្យបាយពាក់ព័ន្ធទាំង២គ្រឿងត្រូវបានសមត្ថកិច្ចនគរបាលជំនាញចរាចរណ៍ស្រុកកោះធំ ធ្វើការវាស់វែង និងកសាងឯកសារដកហូតយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕ស្អាងជ័យ