ព័ត៌មានទាន់ហេតុការណ៍៖

ម៉ូតូស៊ុយហ្ស៊ូគីស្មាស់បត់ឆ្លងផ្លូវមិនប្រយ័ត្នបណ្ដាលឲ្យម៉ូតូហុងដាឌ្រីមបុករងរបួសធ្ងន់ទាំង២នាក់

ខេត្តកណ្ដាលៈ បុរសម្នាក់ជិះម៉ូតូស៊ុយហ្ស៊ីគីស្មាស់បត់ឆ្លងផ្លូវមិនប្រយ័ត្ន ត្រូវម៉ូតូមួយគ្រឿងទៀតម៉ាកហុងដាឌ្រីមបុកពេញមួយទំហឹង បណ្ដាលឲ្យអ្នកបើកបរម៉ូតូទាំង២ទទួលរងរបួសធ្ងន់ ។ ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង១៦និង១០នាទី ថ្ងៃអាទិត្យ ១៣កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៨ ស្ថិតក្នុងភូមិក្រោម ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ។

មន្រ្ដីនគរបាលចរាចរណ៍ស្រុកមុខកំពូលបានឲ្យដឹងថា ម៉ូតូបង្កម៉ាកស៊ុយហ្ស៊ូគីស្មាស់ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1BL-4580 ជិះដោយឈ្មោះ បឿន សុកំ ភេទស្រី អាយុ៤៨ឆ្នាំ មានទីលំនៅភូមិក្រោម ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្ដាល(រងរបួសធ្ងន់) ។ ចំណែកភាគីម៉ូតូម្ខាងទៀតម៉ាកហុងដាឌ្រីម ធុនសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1AV-1756 ជិះដោយឈ្មោះ ទិត្យ វណ្ណះ ភេទប្រុស អាយុ២១ឆ្នាំ មានទីលំនៅភូមិចំបក់មាស សង្កាត់បាក់ខែង ខ័ណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ (រងរបួសធ្ងន់) ។

ប្រភពដដែលបន្ដថា នៅមុនពេលកើតហេតុសាក្សីបានឃើញជនរងគ្រោះជាអ្នកជិះម៉ូតូបង្កធ្វើដំណើរក្នុងទិសដៅពីជើងទៅត្បូង លុះជិះមកដល់ចំណុចកើតហេតុអ្នកជិះម៉ូតូបង្កបានបត់ឆ្លងផ្លូវ ខណៈនោះក៏មានម៉ូតូមួយគ្រឿងទៀតម៉ាកហុងដាឌ្រីមធ្វើដំណើរស្របទិសគ្នាបានបុកម៉ូតូបង្កពេញមួយទំហឹង បណ្ដាលឲ្យជនរងគ្រោះទាំង២នាក់ទទួលរងបួសធ្ងន់ ។ ក្រោយពីមានហេតុការណ៍កើតឡើង ជនរងគ្រោះទាំង២នាក់ត្រូវបានរថយន្ដសាមុយដឹកបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យ ។ ចំណែកមធ្យោបាយពាក់ព័ន្ធទាំង២គ្រឿងត្រូវបានសមត្ថកិច្ចជំនាញចុះធ្វើការវាស់វែង កសាងឯកសារដកហូតយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកដើម្បីចាត់ការតាមច្បាប់ ៕ ស្អាងជ័យ