ព័ត៌មានទាន់ហេតុការណ៍៖

ម៉ូតូហុងដា ស្កុពី បត់ឆ្វេងឆ្លងផ្លូវមិនប្រយ័ត្ន ត្រូវម៉ូតូហុងដា ហ្ស៊ូមម័រ បុកបណ្ដាលឲ្យមនុស្សប្រុស ស្រី២នាក់ រងរបួសធ្ងន់

ខេត្តកណ្ដាលៈ មនុស្សប្រុស ស្រី២នាក់ ទទួលរងរបួសធ្ងន់ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយរវាងម៉ូតូហុងដា ហ្ស៊ូមម័រ បុកម៉ូតូហុងដា ស្កុពី បត់ឆ្វេង ឆ្លងផ្លូវពេញមួយទំហឹង កាលពីវេលាម៉ោង៩និង២០នាទីព្រឹក ថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០១៨ លើផ្លូវជាតិលេខ២១ ស្ថិតនៅក្នុងភូមិកំពង់ស្វាយក្រោម ឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្ដាល។

មន្រ្ដីនគរបាលចរាចរណ៍ស្រុកកោះធំបានឲ្យដឹងថា ម៉ូតូបង្កម៉ាកហុងដាស្កុពី ពណ៌ស ពាក់ស្លាកលេខ កណ្ដាល 1M-0076 ជិះដោយឈ្មោះ ឡឺម ចាន់អេង ភេទស្រី អាយុ៤២ឆ្នាំ មុខរបរអាជីវករលក់សំាង មានទីលំនៅភូមិកំពង់សំបួរក្រោម ឃុំព្រែកថ្មី ស្រុកកោះ ធំ ខេត្តកណ្ដាល (រងរបួសធ្ងន់) រួមដំណើរជាមួយឈ្មោះ រិទ្ធ ចាន់ស្រីកា ភេទស្រី អាយុ៧ឆ្នាំ មុខរបរសិស្ស ( ត្រូវជាកូនរងរបួសស្រាល) និងម្នាក់ទៀតឈ្មោះ រស្មី សុជាតិ ភេទស្រី អាយុ២ឆ្នាំ (ត្រូវជាចៅរងរបួសស្រាល)។ ចំណែកភាគីម៉ូតូម្ខាងទៀតម៉ាកហុងដា ហ្ស៊ូមម័រ ពណ៌ក្រហម លាយខ្មៅ ពាក់ស្លាកលេខ កណ្ដាល 1Z-9339 ជិះដោយឈ្មោះ ឃន សុភា ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរកសិករ មានទីលំនៅភូមិកំពង់ស្វាយកណ្ដាល ឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្ដាល (រងរបួសធ្ងន់) ។

ប្រភពដដែលបន្ដថា នៅមុនពេលកើតហេតុ សាក្សីបានឃើញជនរងគ្រោះជិះម៉ូតូម៉ាកហុងដាស្កុពី ធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ២១ ក្នុងទិសដៅពីជើងទៅត្បូង (តាខ្មៅ ឆ្ពោះទៅជ្រៃធំ) លុះជិះមកដល់ចំណុចកើតហេតុ បានបត់ឆ្វេងឆ្លងផ្លូវ ខណៈនោះក៏មានម៉ូតូមួយគ្រឿងទៀត ម៉ាកហុងដា ហ្ស៊ូមម័រ ធ្វើដំណើរស្របទិសគ្នា បើកល្បឿនលឿន ក៏ឈប់មិនទាន់ បានបុកម៉ូតូស្កុពីពេញមួយទំហឹង បណ្ដាលឲ្យអ្នកជិះម៉ូតូទាំងសងខាងទទួលរងរបួសធ្ងន់ រីឯក្មេងៗ ២នាក់ទៀត ដែលរួមដំណើរជាមួយម៉ូតូស្កុពីរងរបួសស្រាល ។

ក្រោយពីមានហេតុការណ៍កើតឡើង ជនរងគ្រោះរបួសធ្ងន់ទាំង២នាក់ ត្រូវបានក្រុមគ្រួសារយកទៅសង្រ្គោះនៅមន្ទីរពេទ្យរាជធានីភ្នំពេញ ។ ដោយឡែក មធ្យោបាយពាក់ព័ន្ធត្រូវបានសមត្ថកិច្ចជំនាញចរាចរណ៍ ចុះវាស់វែង និងកសាងឯកសារដកហូតយកទៅរក្សាទុក នៅអធិការដ្ឋាននគរបាលស្រុក ដើម្បីចាត់ការតាមច្បាប់ ៕ ស្អាងជ័យ