ព័ត៌មានទាន់ហេតុការណ៍៖

ម៉ូតូឡាំប្រ៊ឺតាដឹកភ្ញៀវ៤នាក់ ត្រូវរថភ្លើងបុកទាំងកំរោលអូសជាង២០ម៉ែត្រ បណ្ដាលឲ្យភ្ញៀវម្នាក់របួសបាក់ជើង

ភ្នំពេញ៖ រថភ្លើងដឹកអ្នកដំណើររបស់ស្ថានីយរថភ្លើង រាជធានី​ភ្នំពេញ បើកឆ្លងកាត់ផ្លូវដោយគ្មានដាក់ប៉ារ៉ាសហាម​ឃាត់​ រួចជ្រុលទៅបុកម៉ូតូឡាំប្រ៊ឺតា(ឥណ្ឌា)ដឹកភ្ញៀវមួយគ្រឿង ដែលកំពុងបើកឆ្លងកាត់ផ្លូវរថភ្លើងចំពាក់កណ្តាលម៉ូតូពេញទំហឹងអូសជិត២០ម៉ែត្រ​ និងបណ្ដាលឲ្យភ្ញៀវម្នាក់ក្នុងចំណោម៤នាក់របួសបាក់ជើងម្ខាង ។

ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើ​នេះ​ កើត​ឡើង​កាលពីវេលា​ម៉ោង​២និង១០នាទី​រំលងអធ្រាត្រឈាន​ចូលថ្ងៃសៅរ៍ ៦កើត ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹង​ថ្ងៃ​ទី​១៥​ ខែ​កញ្ញា​ ឆ្នាំ​២០១៨​ ត្រង់ចំណុច​ច្រកចូលវត្ត​នាគវ័ន្ត​ តាមបណ្ដោយ​ផ្លូវ​លេខ​១៣២​កែងនឹងផ្លូវ​រថភ្លើង​ ស្ថិត​ក្នុង​សង្កាត់​បឹងកក់​ទី​២​ ខណ្ឌ​ទួល​គោក​ រាជធានីភ្នំពេញ។

យោងតាមប្រភពពីអ្នក​ឃើញ​ហេតុការណ៍នេះ បានឲ្យដឹងថា​ មុន​ពេល​កើតហេតុគេ​ឃើញ​បុរស​ម្នាក់​បើក​បរម៉ូតូឡាំប្រ៊ឺតា​​ ពណ៌​ស​ ពាក់​ស្លាក​លេខ​ ស្វាយរៀង​1M-4107​ និងដឹកភ្ញៀវ​៤នាក់ទៀតសុទ្ធតែមនុស្សប្រុស​ ដោយ​ធ្វើ​ដំណើរ​តាម​បណ្ដោយ​ផ្លូវ​លេខ១៣២​ ក្នុងទិសដៅពីជើង​ទៅ​ត្បូង។ លុះ​មកដល់​ចំណុច​កើត​ហេតុ​ ក៏បានបើក​ឆ្លងកាត់​ផ្លូវ​រថភ្លើង​ ខណៈ​ពេល​នោះ​ស្រាប់​តែមាន​រថភ្លើងដឹកអ្នកដំណើររបស់​ស្ថានីយរថភ្លើងរាជធានី​ភ្នំពេញមួយខ្សែ​ ដោយ​បើកចេញពីអាកាស​យន្តដ្ឋានអន្តរជាតិពោធិ៍តុងឆ្ពោះចូលទៅស្ថានីយន៍រថភ្លើងភ្នំពេញ​ ក្នុង​ទិស​ដៅពីលិចទៅកើត​ ក៏ជ្រុលទៅបុកម៉ូតូឡាំប្រ៊ឺតា​ ចំពាក់កណ្តាលទាំងកំរោល បណ្តាល​ឱ្យ​ម៉ូតូ​កៀប​ជាប់​រថភ្លើង​អូសជិត២០​ម៉ែត្រ​រងការខូចខាតយ៉ាងដំណំ​ និងបណ្តាលឱ្យបុរសម្នាក់​ជាភ្ញៀវរបួស​បាក់ជើងខាងស្តាំ​ ភ្លាមនោះត្រូវបានមិត្តភក្តិដឹកយកទៅសង្គ្រោះនៅឯមន្ទីរពេទ្យភ្លាមៗតែម្តង ។

បើកតាមសម្តីពី​បុរស​ដែលជាអ្នកបើកបរម៉ូតូឡាំប្រ៊ឺតា ក៏បានឲ្យដឹងដែរ​ថា​ នៅមុនពេល​កើត​ហេតុ​ គាត់បានដឹកភ្ញៀវទាំង៤នាក់ចេញមកពីម្តុំវត្ត​នាគវ័ន្ត​បំណងដឹកទៅម្តុំឃ្លាំង​រំសេវ​ លុះមកដល់​ចំណុច​កើតហេតុ​ ​ដោយមិនឃើញមានបិទប៉ារ៉ាស​ជាសញ្ញា​ប្រាប់​ថា​មានរថភ្លើង​បើក​ឆ្លងកាត់​ និងពុំមានឮសម្លេង​ស៉ី​ផ្លេរបស់រថភ្លើង​ គួបផ្សំ​ទាំងស្ថាន​ភាព​នៅកន្លែង​កើតហេតុមានផ្ទះបាំងមិនអាចមើលឃើញ​រថភ្លើងដែលបើកឆ្លងកាត់ថែមទៀតផង ​។ ពេលនោះគាត់ក៏បានបើកម៉ូតូកង់៣ឆ្លងកាត់ផ្លូវរថភ្លើង​ ហើយក៏ត្រូវរថភ្លើងបើកមកបុកតែម្តង ។

ក្រោយកើតហេតុ​រថភ្លើង​ បានបើកបន្តដំណើរចូលទៅក្នុងស្ថានីយរថភ្លើង ភ្នំពេញបាត់ទៅ​ ។ ដោយឡែកម៉ូតូឡាំប្រ៊ឺតា(ឥណ្ឌា​) ត្រូវបានសមត្ថកិច្ចជំនាញចុះមកយកទៅរក្សាទុកនៅអធិការ​ដ្ឋាន​នគរបាល​ខណ្ឌ​ទួលគោកបណ្ដោះអាសន្ន ​ដើម្បី​រង់ចាំ​ធ្វើ​ដោះស្រាយ​នៅពេលក្រោយ ៕ស តារា