ព័ត៌មានទាន់ហេតុការណ៍៖

ម៉ូតូ២គ្រឿងបុកគ្នាពេញទំហឹង ស្លាប់ម្នាក់ និងម្នាក់ទៀតរបួសស្រាល នៅស្រុកជីក្រែង

ខេត្តសៀមរាប៖ ថ្ងៃសៅរ៍ ១១កើត ខែភទ្របទ ឆ្នាំច សំរឹទ្ធស័ក ពស២៥៦២ ត្រូវនឹងថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៨ វេលាម៉ោង១និង៣០នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូបុក នឹងម៉តូ នៅលើផ្លូវជាតិលេខ៦ត្រង់ចំណុចចន្លោះបង្គោលគីឡូម៉ែត្រលេខ ២៥៧ និងលេខ២៥៨ ភូមិដូនរាជ្យ ឃុំគោធ្លកក្រោម ស្រុកជីក្រែង ខេត្តសៀមរាប។

តាមការបញ្ជាក់ពីកម្លាំងសមត្ថកិច្ចស្រុកជីក្រែង បានឲ្យដឹងថា អ្នកបើកបរម៉ូតូហុងដា ឌ្រីម ស៊េរីឆ្នាំ២០១៧ ពណ៌ខ្មៅ មានឈ្មោះ ពន់ ជ្រូក ភេទស្រី អាយុ៣៣ឆ្នាំ មានទីលំនៅភូមិគោកស្នួល ឃុំគោកដូង ស្រុកអង្គរជុំ បានស្លាប់នៅនឹងកន្លែង ។ជ អ្នករួមដំណើរ ឈ្មោះ សឿម រ៉េត ភេទស្រី អាយុ១៦ឆ្នាំ នៅភូមិជាមួយគ្នា បានរងរបួសស្រាល ។ ចំពោះអ្នកបើកបរម៉ូតូ ធុនធំ ពណ៌ខ្មៅ មិនស្គាល់អត្តសញ្ញាណ បើកបរពីកើតទៅលិចដល់ចំណុចកើតហេតុ បុកគ្នាជាមួយម៉ូតូហុងដាឌ្រីមហើយបើកបន្តទៅមុខទៀតគេចខ្លួនបាត់ ។

ក្រោយពេលកើតហេតុ កម្លាំងជំនាញចុះពិនិត្យ និងវាស់វែង ធ្វើកំណត់ហេតុប្រគល់សាកសពឲ្យសាច់ញាតិក្រុមគ្រួសារចាត់ចែងធ្វើបុណ្យ និងបញ្ជូនវត្ថុតាងទៅអធិការដ្ឋាននគរបាលស្រុកជីក្រែង ដើម្បីរក្សាទុកនិងស៊ីបអង្កេតរកភាគីម្ខាងទៀតឲ្យចូលខ្លួនមកដោះស្រាយគ្នាតាមច្បាប់ ៕ ប៊ុនរិទ្ធី