ព័ត៌មានទាន់ហេតុការណ៍៖

ម៉ូតូ៣​ គ្រឿង​បុក​បន្តកន្ទុយគ្នាលើ​ស្ពាន​អាកាស​ស្ទឹង​មាន​ជ័យបណ្ដោលឲ្យមនុស្ស ៤នាក់រងរបួសស្រាលធ្ងន់​

ភ្នំពេញ ៖ មនុស្ស៤នាក់របួសស្រាលធ្ងន់នៅលើស្ពានអាកាសស្ទឹងមានជ័យ ខណៈពេលមានគ្រោះថ្នាក់ចរាចរមួយដោយសារម៉ូតូ ៣គ្រឿងបុកបន្តកន្ទុយកាលពីវេលាម៉ោង៣ទៀបភ្លឺថ្ងៃ ទី៩ ខែមិថុនា ឆ្នាំ២០១៦ នៅចំណុចលើស្ពានអាកាសស្ទឹងមានជ័យ តាមបណ្ដោយផ្លូវលេខ២៧១ ក្នុងសង្កាត់ទំនប់ទឹក ខណ្ឌចំការមន រាជធានីភ្នំពេញ។

បើតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញបុរស ៤នាក់ដែលជាមិត្តភក្កិនឹងគ្នាបានជិះម៉ូតូដេញគ្នានៅតាមផ្លូវហើយម៉ូតូទាំង៣គ្រឿងនោះទី១ ម៉ាក FZ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1CB-6534 ជិះគ្នា ២នាក់, ទី២ ម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1CT-7834 ជិះម្នាក់ឯង, ទី៣ ម៉ាកវីវ៉ា ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1AB-7912 ជិះម្នាក់ឯង បានធ្វើដំណើរតាម ផ្លូវ២៧១ស្របទិសគ្នាពីត្បូងទៅជើងក្នុង ល្បឿនយ៉ាងលឿនស្រាប់តែមកដល់ចំណុចកើតហេតុ ម៉ូតូហុងដាឌ្រីមបានជ្រុលចង្កូតមកបុកម៉ូតូម៉ាក FZ ពីក្រោយពេញទំហឹង ខណៈពេលនោះស្រាប់តែម៉ូតូម៉ាកវីវ៉ា ដែលបើកតាមពីក្រោយចាប់ហ្វ្រាំងមិនទាន់ក៏ជ្រុលទៅបុកម៉ូតូហុងដាឌ្រីមពីក្រោយបន្ថែមទៀត  បណ្ដោយឲ្យមនុស្ស៤នាក់របួសស្រាលធ្ងន់។

ភ្លាមៗនោះសមត្ថកិច្ចមូលដ្ឋានបានចុះទៅដល់កន្លែងកើតហេតុ បានហៅរថយន្តសង្គ្រោះបន្ទាន់ដឹកជនរងគ្រោះ២នាក់ដែលរងរបួសធ្ងន់ទៅសង្គ្រោះនៅគ្លីនិកឯកជន ។

ក្រោយពេលកើតហេតុម៉ូតូជនរងគ្រោះទាំងអស់ត្រូវសមត្ថកិច្ចប្រគល់ឲ្យអ្នករងបួសស្រាលយកទៅរក្សាទុកវិញ៕

 

image1