ព័ត៌មានទាន់ហេតុការណ៍៖

ម៉ូតូIconបុកគ្នានិងម៉ូតូScoopyបណ្តាលឲ្យស្លាប់ម្នាក់ របួសធ្ងន់ម្នាក់នៅភូមិពោធិ៍រលំ សង្កាត់សាក់សំពៅ

ភ្នំពេញ៖ បុរសម្នាក់បានស្លាប់ ខណៈរថយន្តសង្គ្រោះដឹកមកកាន់មន្ទីរពេទ្យ និងស្រីម្នាក់រងរបួសធ្ងន់ធ្ងរបំផុតនៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូ និងម៉ូតូកាលពីវេលាម៉ោង៩និង៥៥នាទីយប់ ថ្ងៃអាទិត្យ ៤រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០១៨ នៅផ្លូវបេតុង ក្លោងទ្វារវត្តកំពង់ក្តុល ភូមិពោធិ៍រលំ សង្កាត់សាក់សំពៅ ខណ្ឌដង្កោរាជធានីភ្នំពេញ។

ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុស្ត្រីរងគ្រោះបានចេញពីចូលរួមអាពាហ៍ពិពាហ៍គេនៅភូមិខ្វិត សង្កាត់សាក់សំពៅ។ លុះចប់កម្មពិធីហូបការគេរួច ក៏ជិះម៉ូតូទៅផ្ទះរបស់ខ្លួននៅភូមិពោធិ៍រលំ ដោយជិះម៉ូតូតែម្នាក់ឯងតាមផ្លូវបេតុងចូលតាមក្លោងទ្វារកំពង់ក្តុលទៅត្បូង ក៏បុកគ្នា និងម៉ូតូ១គ្រឿងជិះបញ្ច្រាសទិសគ្នាបណ្តាលឲ្យរងរបួសធ្ងន់។ ដោយឡែកភាគីម្ខាងទៀត ក៏បានស្លាប់នៅលើរថយន្តសង្គ្រោះ ខណៈដឹកមកកាន់មន្ទីរពេទ្យ។

សមត្ថកិច្ចបានឲ្យដឹងថា ម៉ូតូម៉ាកScoopy ពណ៌ក្រហមខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1DH-0571 ជារបស់ស្ត្រីរងគ្រោះ ឈ្មោះ លឹម សារុំ អាយុ២២ឆ្នាំ ដែលមានទីលំនៅភូមិកើតហេតុខាងលើ។ ចំណែកម៉ូតូម៉ាកIcon ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ1Y-4121 ជារបស់ឈ្មោះ នន់ ប៉ាលី ភេទប្រុស អាយុជាង២០ឆ្នាំ មានទីលំនៅភូមិអញ្ចាញ សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ(ស្លាប់)។

សមត្ថកិច្ចបានឲ្យដឹងដែរថា ក្រោយពីវាស់វែងរួចរាល់ឃើញថាភាគីម៉ូតូអាយខនជិះលឿនចូលស្តាំដៃគេ បានបុកនឹងម៉ូតូស្រ្តីរងគ្រោះជិះពីជើងមកបណ្តាលឲ្យដួលបោកក្បាលស្លាប់ និងស្ត្រីនោះរងរបួសធ្ងន់។ បច្ចុប្បន្នកំពុងសម្រាក់ព្យាបាលនៅមន្ទីរពេទ្យ ចំណែកសាកសពបុរសនោះសមត្ថកិច្ចបានប្រគល់ឲ្យក្រុមគ្រួសារ។ ដោយឡែកម៉ូតូត្រូវបានយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ៕ តាឡឹម