ព័ត៌មានទាន់ហេតុការណ៍៖

ម្ចាស់បទចម្រៀង «លក់ស្រូវជូនរដ្ឋគឺស្នេហាជាតិ» ទទួលមរណភាពហើយ

ខេត្តស្វាយរៀង៖ លោក យឹម ថេង ម្ចាស់បទ «លក់ស្រូវជូនរដ្ឋគឺស្នេហាជាតិ» បានទទួលមរណភាពហើយកាលពីវេលាម៉ោង៩និង១០នាទីព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៦ ដោយរោគាពាធ ហើយសាកសពលោកបានតម្កល់នៅគេហដ្ឋានធ្លុះធ្លាយស្ថិតក្នុងភូមិព្រៃឆ្លាក់ សង្កាត់ព្រៃឆ្លាក់ ក្រុង-ខេត្តស្វាយរៀង ។

គួរំលឹកថា បទចម្រៀង «លក់ស្រូវជូនរដ្ឋគឺស្នេហាជាតិ» នេះគឺបានល្បីនៅក្នុងទស្សវត្តឆ្នាំ១៩៨៣ ក្នុងរបបសាធារណរដ្ឋប្រជាមាណិតកម្ពុជា ។ លោក យឹម ថេង ម្ចាស់បទ «លក់ស្រូវជូនរដ្ឋគឺស្នេហាជាតិ» និងបទចម្រៀងជាច្រើនទៀតដែលលោកនិពន្ធនិងច្រៀងដោយខ្លួនឯងបានចាក់ផ្សាយតាមវិទ្យុជាតិនាសម័យខាងលើនេះ ហើយត្រូវបានពេញនិយមពីប្រជាពលរដ្ឋដែលស្រឡាញ់វិស័យសិល្បៈបទចម្រៀងក្នុងអំឡុងឆ្នាំ១៩៨៣ នោះដែរ។

បើតាមក្រុមគ្រួសារសព បានឲ្យដឹងថា លោក យឹម ថេង អាយុ៦១ឆ្នាំ មានមុខរបរជាអ្នកសិល្បៈ មានស្រុកកំណើតនៅភូមិ-សង្កាត់ព្រៃឆ្លាក់ ក្រុង-ខេត្តស្វាយរៀង ។ លោកមានភរិយាឈ្មោះ សៅ សំអុល បានទទួលមរណភាពចោលលោក យឹម ថេង នៅក្នុងឆ្នាំ១៩៩៣ ។ លោក យឹម ថេង មានកូនប្រុស៤នាក់ក្នុងបន្ទុកដែលកូនច្បងឈ្មោះ យឹម ច័ន្ទរិទ្ធី អាយុ៣៥ឆ្នាំ ជាតន្ត្រីករ និងកូនបន្ទាប់ឈ្មោះ យឹម សុថាន អាយុ៣៤ឆ្នាំ ជាអ្នកយកព័ត៌មាន ហើយកូនទី៣-ឈ្មោះ យឹម សុធាន អាយុ៣០ឆ្នាំ និងកូនពៅឈ្មោះ យឹម ទិត្យសុបញ្ញា អាយុ២៥ឆ្នាំ ។

លោក យឹម សុថាន កូនទី២នៃសពលោក យឹម ថេន បានប្រាប់ឲ្យដឹងថា ឪពុករបស់លោកបានធ្លាក់ខ្លួនឈឺធ្ងន់នៅថ្ងៃទី៦ ខែមីនា ឆ្នាំ២០១៦ ហើយបានបញ្ជូនមកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ប៉ុន្តែដោយសារោគាមានសភាពធ្ងន់ធ្ងរនិងខ្វះខាតថវិការផងនោះ កូនៗក៏បានសម្រេចយកឪពុកទៅថែទាំជំងឺនៅស្រុកកំណើតគោលបំណងកាត់បន្ថយការចំណាយ ។ ដោយសារតែមជ្ជុរាជគ្មានមេត្តានៅវេលាម៉ោង៩និង១០នាទីព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៦ ក៏បានឆក់ផ្ដាច់យកជីវិតរបស់ឪពុកទុកឲ្យពួកគេរស់នៅកំព្រាឪពុកម្ដាយ ។ លោកបានបន្តថា លោក យឹម ថេន ក្រៅអំពីអាជីពជាអ្នកសិល្បៈចម្រៀងលោកក៏ធ្លាប់បម្រើការងារជាមន្ត្រីយោធាចាប់តាំងពីមុនឆ្នាំ១៩៨៣ ហើយបានចូលប្រឡូកក្នុងវិស័យសិល្បៈក្រុមតន្ត្រីយោធានោះផងដែរ។

លោកបានឲ្យដឹងដែរថា សាកសពលោក យឹម ថេង និងត្រូវរំកិលចេញពីគេហដ្ឋានទៅបូជានៅវេលាម៉ោង៣រសៀលថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៦ ដោយមិនអាចតម្កល់ទុកយូរបានព្រោះ ទី១-នៅថ្ងៃអង្គារជាថ្ងៃតំណមហើយបើទុកតម្កត់ដល់ទៅថ្ងៃពុធ នោះត្រូវការចំណាយថវិការច្រើនដូច្នេះកូនៗពុំមានលទ្ធិភាពនោះទេ។

គួបញ្ជាក់ដែរថា លោក យឹម ថេង ម្ចាស់បទ «លក់ស្រូវជូនរដ្ឋគឺស្នេហាជាតិ» គឺជាអ្នកចម្រៀងល្បីម្នាក់សម័យស្រករនិងអ្នកចម្រៀងដូចជា លោក ហ៊ូ ឡាវី, លោក នូ ស៊ីប, លោក ប៊ុន ចាន់ថន, លោក ណយ វ៉ាន់ណេត និងលោក ស៊ិន ចាន់ឆៃយ៉ា កូនប្រុសលោក ស៊ិន ស៊ីសាមុត ៕
យឹម សុថាន

20160516_111708