ព័ត៌មានទាន់ហេតុការណ៍៖

ម្ចាស់ផ្ទះរវល់ទៅលក់ចោរគាស់លួចអស់ទ្រព្យសម្បត្តិជាច្រើន

ប៉ោយប៉ែត៖ ផ្ទះអ្នកលក់មាសប្តូរប្រាក់មួយគ្រួសារ ត្រូវបានចោរគាស់បង្អួចផ្ទះចូលលួចអស់គ្រឿងអលង្គការ និងប្រាក់ជាច្រើនបង្ករភ្ញាក់ផ្អើលទាំងព្រឹកថ្ងៃទី១៩ ខែកុម្ភៈ នៅភូមិថ្មី ឃុំ-ស្រុកម៉ាឡៃ ។

ជនរងគ្រោះប្តីឈ្មោះ សៀង វុទ្ធីអាយុ៥១ឆ្នាំ ប្រពន្ធឈ្មោះ ហ្គេច ឃីមអាយុ៤៧ឆ្នាំ ជាអាជីវករលក់មាស នៅផ្សារភូមិដូង ឃុំ-ស្រុកម៉ាឡៃ ។​

ប្រភពពីអាវុធហត្ថស្រុកម៉ាឡៃប្រាប់តាមទូរស័ព្ទនៅរសៀលថ្ងៃដដែលនេះថាករណីខាងលើ ពិតជាកើតមានមែន ហើយថា ករណីចូលគាស់បង្អួចផ្ទះចូលលួចទ្រព្យសម្បត្តិនេះ គឺខណៈម្ចាស់ផ្ទះរវល់ទៅលក់ដូរនៅផ្សារខាងលើ ។

សមត្ថកិច្ចដដែលបន្តថា យោងការសួរនាំម្ចាស់ផ្ទះប្រាប់ថា ទ្រព្យសម្បត្តិបាត់បង់រួមមាន ខ្សែកផ្លាកទីន.ស.2ខ្សែស្មើ1300$, ខ្សែដៃដាំត្បូង1ខ្សែស្មើ600$, ចិញ្ជៀនដាំត្បូង7វង់ស្មើ2000$, ប្រាក់ដុល្លារ11000$ប្រាក់ខ្មែរ10លានរៀល ។

សមត្ថកិច្ចបន្តថា ករណីលួចគាស់ផ្ទះនេះគឺចោរយកដំបងឈើគាស់ចង្រឹងបង្អួច ។សមត្ថកិច្ចប្រាប់ថា ជនសង្ស័យបន្សល់ទុកតំបងឈើដែលគាស់បង្អួចនៅកន្លែងកើតហេតុក្នុងនោះ មានទាំងកាំបិតផ្គាក់ដងវែង១ផងដែរ ។

សមត្ថកិច្ចប្រាប់ថា មិនទាន់មានតម្រុយនៅឡើយទេ មកទល់ពេលនេះ ប៉ុន្តែសមត្ថកិច្ចជំនាញពាក់ព័ន្ធកំពុងបន្តស្រាវជ្រាវរកមុខសញ្ញាជនសង្ស័យហើយ ៕ វណ្ណា