ព័ត៌មានទាន់ហេតុការណ៍៖

ម្ចាស់ពានលេខ១នៃពានរង្វាន់សម្តេចតេជោ ឆ្នាំ២០១១ មហោស្រពសិល្បៈចម្រៀងខ្មែរ ដែលធ្លាក់ខ្លួនធ្វើកម្មករសំណង់ ហើយត្រូវមេការបោកមិនបើកប្រាក់នោះ បន្តមកស្វាយរៀងរកការងារផ្គត់ផ្គង់ជីវភាព

ខេត្តស្វាយរៀង៖ ទស្សនិកជននៅចាំបានទេ ម្ចាស់ពានមហោស្រពសិល្បៈចម្រៀងខ្មែរជាសកលឆ្នាំ២០១១ ពានរង្វាន់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលជាប់ចំណាត់ថ្នាក់លេខ១ ផ្នែកចម្រៀងសម័យ ដែលមានសម្លេងពិរោះក្រអួនក្រអៅផ្អែមស្រទន់នោះ កំពុងលាក់ខ្លួនពួនអាត្មា មកធ្វើជាកម្មករសំណង់មួយកន្លែង នៅរាជធានីភ្នំពេញតែត្រូវបានមេការសំណង់មិនបើកប្រាក់ឲ្យ ធ្វើឲ្យជីវភាពគ្រួសារខ្វះខាតយ៉ាងខ្លាំង បន្តដំណើរមករកការងារធ្វើនៅខេត្តស្វាយរៀង ។

ជួបជាមួយអ្នកសារព័ត៌មាន នៅខេត្តស្វាយរៀងលោក ឌី ថារ៉េន ម្ចាស់ពានរង្វាន់លេខ១ផ្នែកចម្រៀងសម័យឆ្នាំ២០១១ បានឲ្យដឹងថា លោកមកខេត្តស្វាយរៀងនាពេលនេះ ដើម្បីស្វែងរកការងារធ្វើក្នុងការផ្គត់ផ្គង់ជីវភាពគ្រួសារដោយមួយរយះចុងក្រោយនេះលោកមិន ដែលបានឡើងច្រៀងតាមស្ថានីយទូរទស្សន៍ ឬក្រុមវង់តន្ត្រីណានោះទេ ធ្វើឲ្យជីវភាពលោកកាន់ដុនដាប ។

លោកបានបន្តទៀតថា មុនមកខេត្តស្វាយរៀងនេះលោកបានធ្វើជាកម្មករសំណង់នៅឯរាជធានីភ្នំពេញបានមួយរយះតែមេការសំណង់មិនបើកលុយឲ្យទើបលោកសម្រេចចិត្តមកខេត្តនេះដើម្បីស្វែងរកការងារធ្វើបន្ត ។

លោក ឌី ថារ៉េន បានរំលឹកអំពីប្រវត្តិ ដែលលោកបានឈានជើងចូលវិថីសិល្បះថាលោកមានស្រុកកំណើតខេត្តកំពង់ចាមក្រោយមកក៏បានទៅរស់នៅខេត្តកំពង់ធំហើយកាលពីឆ្នាំ២០០៩ លោកបានស្ម័គ្រចិត្តចូលបំរើក្នុងជួរកងទ័ពឆត្រយោង៩១១ឈរជើងនៅប្រសាទព្រះវិហារ បានមួយរយះ តែក្រោយមកក៏មានជំងឺគ្រុនចាញ់ ក៏បានឈប់មកសម្រាកព្យាបាលនៅមន្ទីរពេទ្យលោកសង្ឃ រាជធានីភ្នំពេញ ហើយមិនបានវិលត្រឡប់មកបម្រើកងទ័ពវិញទេ ។

នៅឆ្នាំ២០១០ការប្រឡងចម្រៀងមហោស្រពសិល្បៈចម្រៀងខ្មែរជាសកល ក៏បានផ្តល់ឱកាសឲ្យរូបលោកដាក់ពាក្យចូលប្រឡងនៅខេត្តកំពង់ធំ ជាប់ចំណាត់ថ្នាក់លេខ១ ។ ក្រោយពីប្រឡងជាប់នៅខេត្តរួចមកខាងខេត្តក៏បញ្ជូនបន្តមកភ្នំពេញដើម្បីប្រឡងយកពានរង្វាន់សកលផ្នែកចម្រៀងសម័យក្នុងការប្រឡងនេះ គឺគេចំរាញ់យកតែអ្នកជាប់ចំណាត់ថ្នាក់លេខ១ប្រចាំខេត្ត និងមានខ្មែរនៅក្រៅប្រទេសមកប្រឡងយកជ័យលាភីដែរ តែរូបលោកពុំទទួលបានចំណាត់ល្អនោះទេ គឺបានត្រឹមលេខ៤ប៉ុណ្ណោះ ។

លោក ឌី ថារ៉េន បញ្ជាក់ថា ក្រោយពីមិនទទួលបានចំណាត់ថ្នាក់ ដែលទីពេញចិត្តនោះនៅឆ្នាំ២០១១ក៏បានដាក់ពាក្យប្រឡងយកជ័យលាភីម្តងទៀតទើបទទួលបានចំណាត់ថ្នាក់លេខ១ ដែលមានអ្នកដាក់ពាក្យប្រឡងយ៉ាងច្រើនកុះករ ។ ពានរង្វាន់ចម្រៀងខ្មែរជាកលផ្នែកចម្រៀងសម័យរបស់សម្តេចតេជោហ៊ុនសែនទទួលបានពានចម្រៀង១ និងថវិការ២៥០០ដុល្លាដោយកាលនោះប្រគល់ដោយឯកឧត្តមសុខអាន ។

លោក ឌី ថារ៉េន បន្តទៀតថា ក្រោយពីទទួលបានជ័យលាភីលេខ១រួចមក ក៏មានស្ថានីយទូរទស្សន៍មួយចំនួនបានហៅលោកឡើងច្រៀង និងច្រៀងតាមក្រុមវង់តន្ត្រីប្រគុំតាមរោងការ បុណ្យ ជប់លៀង រាង្គសាលខ្លះៗដែរក្នុងនោះដូចជាកម្មវិធីដន្ត្រីស្រុកស្រែរបស់ស្ថានីយ៍ទូរទស្សន៍បាយ័ន្ត កម្មវិធីមន្តស្នេហ៍សំនៀងCTN និងទូរទស្សន៍ហង្សមាស ទូរទស្សន៍ អប្សរាផងដែរ ។ តែប៉ុន្មានឆ្នាំចុងក្រោយនេះពុំសូវមានខាងស្ថានីយ៍ទូរទស្សន៍ ក៏ដូចជាក្រុមវង់តន្ត្រីហៅច្រៀងទៀតទេធ្វើឲ្យជីវភាពលោកជួបការលំបាកក៏ឈ្លៀតដើររកការងារធ្វើបន្ថែម ។

ពាក់ព័ន្ធទៅនឹងសំណួរសួរលោកថា អ្វីបានជាលោកសម្រេចចិត្តលាក់ខ្លួនពួនអាត្មាធ្វើជាកម្មករសំណង់បែបនេះលោកថាមកពីជីវភាពខ្វះខាតហើយគ្មានគេហៅច្រៀងម៉្យាងទៀតលោកជាអ្នកចម្រៀង ដែលចូលចិត្តច្រៀងបទពីដើមដូចជាបទអធិរាជសម្លេងមាសសុិនសុីសាមុត លោកអុិនយ៉េន សុះម៉ាត់ អឹុងណារី កែវសារ៉ាត់ជាដើមដូច្នេះគេមិនសូវហៅច្រៀងទេ ។ លោក ឌី ថារ៉េន នៅចំពោះមុខអ្នកសារព័ត៌មានក៏បានអំពាវនាវដល់ស្ថានីយ៍ទូរទស្សន៍ និងរាង្គសាល ក្រុមតន្ត្រីផ្សេងៗក៏ដូចជាសប្បុរសជនសូមជួយឲ្យរូបគាត់ឲ្យបានឡើងច្រៀងវិញផងគ្រាន់បានប្រាក់កំរ៉ៃផ្គត់ផ្គង់គ្រួសារបន្ថែមដោយជីវភាពសព្វថ្ងៃជួបការលំបាកខ្លាំង ។ ដើម្បីងាយស្រួលទំនាក់ទំនងទៅលោក ឌី ថារ៉េន លោកលោកស្រីអាចទំនាក់ទំនងផ្ទាល់តាមរយះលេខទូរស័ព្ទ0973707286 ៕ យឹម សុថាន