ខេត្តសៀមរាបៈ ម្ចាស់ការដ្ឋានបូមខ្សាច់បានយល់សប្តិឃើញទូកបុរាណរួចក៏បានបូមខ្សាច់ ប្រទះឃើញទូកបុរាណពិតដូចក្នុងការយល់សប្តិមែនដែលកប់នៅក្នុងដីជម្រៅជាង៧ម៉ែត្រ មាត់លើ៧តឹក ជម្រៅទូក ៥តឹក មានប្រវែង១២,៨៣ម៉ែត្រ ជាប្រភេទទូកឃ្លោង ត្រូវបានគេសន្និដ្ឋានបឋមថា ធ្វើពីដើមគគីរ និងជាប្រភេទទូកដែលធ្វើពីដើមឈើតែមួយដើមគត់ធ្វើឱ្យមានការភ្ញាក់ផ្អើលនៅវេលាម៉ោង១៧និង២៥នាទី ថ្ងៃទី៨ ខែមេសា ឆ្នាំ២០១៦ នៅក្នុងភូមិបំពេញរាជ្យ ឃុំលាងដៃ ស្រុងអង្គរធំ ខេត្ត សៀមរាប ដឹកដល់សមត្ថកិច្ច និងអាជ្ញាធរជាតិអប្សរា រួចទទួលយកមករក្សាទុកក្នុងកសិណអង្គរវត្តហើយ ។
អ្នកជំនាញពុំទាន់ហ៊ានសន្និដ្ឋានថា ទូកនេះត្រូវបានគេធ្វើឡើងក្នុងសម័យកាលណា មានអាយុប៉ុន្មាននៅឡើយ គេគ្រាន់តែដឹងថា ទូកប្រភេទនេះ ជាទូកកម្រដែលអ្នកស្រាវជ្រាវមិនងាយបានប្រទះឃើញ ។
លេខាធិការវិទ្យាសាស្ត្រនៃគណៈកម្មការធិការអាយស៊ីស៊ី-អង្គរ ដែលបានទៅពិនិត្យមើលទូកនៅទីតាំងរកឃើញផ្ទាល់ បានបញ្ជាក់ថា យោងតាមកំណកដីដែលកប់ពីលើទូកមានជម្រៅបែបនេះ វាបញ្ជាក់ប្រាប់ថា ទូកនេះមានអាយុកាលយូរមកហើយ ។
លោកសាស្ត្រាចារ្យបានបន្តថាទូកនេះ ជាប្រភេទទូកដែលគេលែងប្រទះឃើញប្រើប្រាស់ ក្នុងប្រទេសកម្ពុជាបន្តទៀតដែរ ។ នេះពិតជាសំណាងណាស់ដែលយើងបានប្រទះឃើញវត្ថុបុរាណ ដែលជាបេតិកភណ្ឌដ៏មានតម្លៃបែបនេះ ។
លោកសាស្ត្រាចារ្យបន្ថែមថា លោកនឹងយកបំណែកតូចនៃទូកនេះទៅធ្វើការវិភាគតាមបច្ចេកវិទ្យាវិទ្យាសាស្ត្រ ដើម្បីកំណត់កាលបរិច្ឆេទជាក់លាក់នៃទូកនេះ។
ចំណែក លោក ហង់ ពៅ អគ្គនាយករងទទួលបន្ទុកនាយកដ្ឋានគ្រប់គ្រងទឹកបញ្ជាក់ថា ក្រោយពីទទួលបានដំណឹងពីប្រជាពលរដ្ឋដែលថា គេបានប្រទះ ឃើញទូកបុរាណនៅក្នុងការដ្ឋានបូមខ្សាច់មក លោកបានបញ្ជូនក្រុមការងារធ្វើការជាមួយអាជ្ញាធរមូលដ្ឋាន ដើម្បីទទួលបានព័ត៌មានជាក់លាក់តាំងពីថ្ងៃទី១៧ ខែមីនា មកម្ល៉េះ តែរកមិនឃើញ ដោយសារម្ចាស់ការដ្ឋានមិនព្រមសហការជាមួយ។ ប៉ុន្តែ ដោយក្រុមការងារនៅតែបន្តសហការជិតស្និទ្ធជាមួយអាជ្ញាធរភូមិឃុំ និងព្យាយាមពន្យល់ម្ចាស់ការដ្ឋានឱ្យបានយល់ដឹង អំពីតម្លៃនៃបេតិកភណ្ឌនិងច្បាប់នៃការគ្រប់ គ្រងនេះជាច្រើនលើកច្រើនសា ទើបនៅព្រឹកថ្ងៃទី៨ខែមេសានេះគាត់យល់ព្រមសហការជាមួយ ខាងជំនាញ ហើយកាយយកទូកដែលកប់ទៅក្នុងភក់នោះឡើងមកវិញ។
លោក គឹម ឆន មេឃុំលាងដៃបានលើកឡើងថា លោកបានទទួលដំណឹងនៃការឃើញទូកបុរាណនេះជាងពីរសប្តាហ៍មកហើយ ព្រមទាំងបានបញ្ជូនក្រុមប្រឹក្សាឃុំទៅតាមដានទៀតផង តែក្រោយមក ម្ចាស់ការដ្ឋានបែរជានិយាយថា មិនបានឃើញទូកបុរាណនោះទៅវិញ ប្រហែលជាដោយសារតែគាត់បារម្ភពីការបិទការដ្ឋានបូមខ្សាច់របស់គាត់ ទើបគាត់ព្យាយាមលាក់ពីពួកយើង។ ប៉ុន្តែ ដោយក្រុមការងារចេះតែតាមដានជាប្រចាំ និងពន្យល់គាត់សព្វគ្រប់ទើបគាត់ព្រមបង្ហាញការពិតដល់ពួកយើង។
អ្នកស្រី សំ យិន រស់នៅភូមិប្រដាក និងជាម្ចាស់ការដ្ឋានបូមខ្សាច់ ដែលបានប្រទះឃើញទូកបុរាណនេះរៀបរាប់ថាអ្នកស្រីបានប្រទះឃើញទូកនេះមែន តាំងតែពីជាង១០ថ្ងៃមុនតែអ្នកស្រីបានឱ្យគេពន្លិចទៅវិញ។ អ្នកស្រីបញ្ជាក់ថាការដែលអ្នកស្រីចេះតែលាក់រឿងទូកនោះមក គឺដោយសារអ្នកស្រីបានយល់សប្តិឃើញម្ចាស់ទូកគេមកប្រាប់ថា ត្រូវរៀបចំទូកជាតំណាងឱ្យគេ ព្រមទាំងរៀបចំបាយសី លេងភ្លេងជូនគេទើបអាចយកទូកចេញបាន។ ឥឡូវនេះ អ្នកស្រីបានរៀបចំទូកតំណាងដែលធ្វើពីដើមខ្លែងគង់ប្រវែង២ចំអាមកន្លះ និងរៀបចំបាយសី១២ថ្នាក់បានរួចរាល់ហើយ ទើបអ្នកស្រីសម្រេចប្រាប់ដល់អាជ្ញាធរនៅពេលនេះ។
សូមបញ្ជាក់ថា ក្នុងពិធីទទួលទូកបុរាណនេះ អាជ្ញាធរជាតិអប្សរាក៏បានឧបត្ថម្ភថវិកាដល់ ម្ចាស់ការដ្ឋានក្នុងការរៀបចំបាយសី និងធ្វើពិធីតំឡើងនៅថ្ងៃទី១៣ ខែមេសាខាងមុខចំនឹងថ្ងៃចូលឆ្នាំប្រពៃណីខ្មែរនិងថ្ងៃអង្គរសង្គ្រាន្តផងដែរ ព្រមទាំងបានឧបត្ថម្ភដល់កម្មករទាំង២៥នាក់ និងអាជ្ញាធរមូលដ្ឋាន ដែលបានផ្តល់កិច្ចសហការជ្រោមជ្រែងនាំយកទូកមករក្សាទុកនៅកសិណអង្គរវត្ត ដែលនេះជាគំរូល្អមួយ ក្នុងកិច្ចសហការល្អលើការងារអភិរក្សបេតិកភណ្ឌដូនតាខ្មែររបស់យើង ៕ ប៊ុន រិទ្ធី