ព័ត៌មានទាន់ហេតុការណ៍៖

ម្ដាយចុះមកបត់ជើងមួយភ្លែតឡើងទៅវិញឃើញកូនរបស់ខ្លួនចងកធ្វើអត្តឃាតសម្លាប់ខ្លួនបណ្ដាលឲ្យស្លាប់

ខេត្តកណ្ដាល៖ បុរសម្នាក់មានស្មារតីមិនប្រក្រតីបានចងកធ្វើអត្តឃាតសម្លាប់ខ្លួនឯង បណ្ដាលឲ្យស្លាប់ ខណៈដែលម្ដាយជនរងគ្រោះចុះពីលើផ្ទះទៅបត់ជើងមួយភ្លែត ស្រាប់តែឡើងមកវិញឃើញកូនចងកស្លាប់ ។ ករណីខាងលើនេះបានកើតឡើងនៅវេម៉ោង៥និង១០នាទីព្រឹក ថ្ងៃចន្ទ ២រោច ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២ ខែមេសា ឆ្នាំ២០១៨ ស្ថិតនៅក្នុងភូមិ កោះចាស់ ឃុំព្រែកស្តី ស្រុកកោះធំ ខេត្តកណ្តាល ។

មន្រ្ដីនគរបាលផ្នែកកោសល្យវិច្ច័យស្រុកកោះធំបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ឈ្មោះ ជ្រា ចំរើន ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ (មានជម្ងឺវង្វេងស្មារតី) មានទីលំនៅភូមិកោះចាស់ ឃុំព្រែកស្តី ស្រុកកោះធំ ខេត្តកណ្តាល ។

ប្រភពដដែលបន្ដថា យោងតាមការឆ្លើយបំភ្លឺរបស់ឈ្មោះ ស ជា ត្រូវជាម្តាយជនរងគោះ បានឲ្យដឹងថា ជនរងគ្រោះមានប្រពន្ធ ឈ្មោះ លីន នៅខេត្តបាត់ដំបង និងមានកូន២នាក់ ប្រុស១នាក់ និងស្រី១នាក់ ហើយអស់រយៈពេល៤ឆ្នាំមកហើយ ដែលកូនរបស់គាត់មានបញ្ហាឈ្លោះប្រកែកគ្នាជាមួយប្រពន្ធ និងកូន រហូតជនរងគ្រោះជាកូនរបស់គាត់ បានមករស់នៅជាមួយនៅក្នុងភូមិកោះចាស់ ឃុំព្រែកស្តី ស្រុកកោះធំ បានរយៈពេល៧ថ្ងៃ មកហើយ ។ ចាប់តាំងពីកូន(ជនរងគ្រោះ)របស់គាត់មករស់នៅជាមួយមក ស្រ្ដីជាម្ដាយបានសម្គាល់កូនរបស់គាត់មានស្មារតីមិនប្រក្រតី និយាយខុសៗ និងចេះតែវង្វេងម្តងៗ ឃើញដូច្នេះស្រ្ដីជាម្ដាយបានប្រាប់កូនក្មួយនិងអ្នកជិតខាងឲ្យជួយមើលថែជនរងគ្រោះផង ។ លុះមកដល់ថ្ងៃទី២ ខែមេសា ឆ្នាំ២០១៨ វេលាម៉ោងប្រមាណ៥ព្រឹក ស្រាប់តែស្រ្ដីជាម្ដាយបានចុះពីលើផ្ទះមកដីដើម្បីបត់ជើង លុះបត់ជើងបានមួយសន្ទុះក៏ឡើងទៅលើផ្ទះវិញ ក៏ស្រាប់តែឃើញកូនរបស់គាត់ជាជនរងគ្រោះចង.ក ដោយខ្សែអង្រឹងជាមួយនឹងធ្នឹមផ្ទះ ដែលជនរងគ្រោះនៅត្រដរខ្យល់ដង្ហើមចង្រឹត ភ្លាមនោះស្រ្ដីជាម្ដាយក៏ហៅកូនក្មួយឲ្យមកជួយស្រាយចំណងដាក់ជនរងគ្រោះចុះ ដើម្បីសង្រ្គោះ និងនាំគ្នាធ្វើចលនា តែជាអកុសលជនរងគ្រោះបានស្លាប់បាត់ហើយ ។

ក្រោយពីមានហេតុការណ៍កើតឡើង សមត្ថកិច្ចជំនាញស្រុកក៏បានចុះទៅពិនិត្យបញ្ជាក់ថា ជនរងគ្រោះពិតជាស្លាប់ដោយសារចងកធ្វើអត្ដឃាតសម្លាប់ខ្លួនប្រាកដមែន ពុំមានជាប់ពាក់ព័ន្ធទៅនឹងបទល្មើសអ្វីផ្សេងឡើយ ។ ចំណែកសាកសពជនរងគ្រោះសមត្ថកិច្ចប្រគល់ទៅឲ្យក្រុមគ្រួសារយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕ ស្អាងជ័យ