ព័ត៌មានទាន់ហេតុការណ៍៖

ម្ទេសឆ្នាំនេះបានផលច្រើន តែជួបបញ្ហាតម្លៃទីផ្សារ

ខេត្តកំពង់ឆ្នាំង ៖ ម្ទេសនាឆ្នាំនេះបានផលបានក្រាន់បើជាងឆ្នាំកន្លងទៅ ដោយសារទឹកទន្លេឡើងខ្ពស់លិចខ្នងកោះ ពុំសូវមានជំងឺរាតត្បាតមកបំផ្លាញដំណាំរបស់ពួកគាត់នោះទេ ប្រជាកសិករសប្បាយរីករាយ និង ផលដែលបានមកនាពេលនេះ ។ ដំណាំម្ទេសជាដំណាំមួយប្រភេទ ដែលទាមទារឲ្យមានការថែទាំជាប្រចាំ ប្រើទឹកច្រើន ប្រើជី និងថ្នាំគីមីកសិកម្មដើម្បីទប់ស្កាត់និងសត្វល្អិតផងដែរ ។

កសិកឈ្មោះ អិន ហៃ អាយុ៤០ឆ្នាំ រស់នៅក្នុងភូមិកោះឬស្សី ឃុំប្រឡាយមាស ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង បានឲ្យដឹងថាគាត់ជាអ្នកដាំម្ទេសនេះមានរយៈពេលជជាង២០ឆ្នាំមកហើយដំណាំប្រភេទម្ទេសមួយនេះអាចរកប្រាក់ចំណូលសម្រាប់ផ្គត់ផ្គង់ជីវភាពគ្រួសារគាត់បានគ្រាន់បើដែរ ។ នៅឆ្នាំនេះផលនៃម្ទេសរបស់គាត់បានផលគ្រាន់បើ គឺគាត់បានបេះវិលជុំតែម្តង ហើយបានដឹកយកទៅបោះដុំនៅទីផ្សារមាត់ទន្លេផ្សារក្នុងមួយថ្ងៃគាត់អាចបេះផ្លែម្ទេសបានចាប់ ពី៤០០ទៅ៦០០គីឡូក្រាម ក្នុងមួយគីឡូក្រាមសម្រាប់ម្ទេសស្រស់ កាលពីនៅដើមដៃ បានថ្លៃជិត២០០០រៀល ប៉ុន្តែនៅពេលនេះម្ទេសំបូរ ធ្លាក់ថ្លៃមកនៅត្រឹមមួយគីឡូម្ទេសស្រស់ថ្លៃត្រឹមតែ ១១០០រៀល ប៉ុណ្ណោះ ។

កសិកររូបនេះ បានប្រាប់ទៀតថា បើតម្លៃម្ទេបានត្រឹម២០០០រៀល ក្នុងគីឡូក្រាម ឬ លើសនេះ គឺបានចំណេញក្រាន់បើ ប៉ុន្តែបើត្រឹមតែ១០០០រៀលជាងនោះ គឺមិនអាចគ្រប់ថ្លៃនៃការចំណាយនោះទេ ដោយសារថ្នាំក៍ថ្លៃ ជីក៍ថ្លៃ ។

អាជីវកប្រមូលទិញផ្លែម្ទេសនៅស្តង់ផ្សារក្រោមមាត់ទន្លេ ឈ្មោះ សនចន្ថា បានប្រាប់ ឲ្យដឹងផងដែរថាគាត់បានប្រមូលទិញផ្លែម្ទេសនេះយូឆ្នាំមកហើយ កន្លងមកគាត់លក់មួយថ្ងៃ២តោនជាផ្លែម្ទេសស្រស់ របស់កសិកយើងដាំនៅតាមចំការដីកោះតាមដងទន្លេ ។ ប៉ុន្តែមួយរយៈនេះការហូចូលម្ទេសពីបណ្តាប្រទេសជិតខាងច្រើន បានធ្វើឲ្យម្ទេសរបស់កសិកយើងធ្លាក់តម្លៃរហូតតែម្តង ម្ទេសដែលនាំចូលពីក្រៅប្រទេ គឺមានតម្លៃប្រមាណជាង ១៥០០ទៅ ១៧០០រៀល ដោយឡែកម្ទេសរបស់កសិកយើងដែលបានលក់ចេញទៅឲ្យអ្នកធ្វើម្ទេសហាលបានតម្លៃត្រឹមតែ១១០០រៀលទៅ១២០០រៀលប៉ុណ្ណោះ ក្នុង១គីឡូក្រាម។

ប្រជាពលរដ្ឋអ្នកធ្វើម្ទេសក្រៀម ឈ្មោះ អៀហួត អាយុ៥០ឆ្នាំ រស់នៅក្នុងភូមិផ្សារឆ្នាំង សង្កាត់ផ្សារឆ្នាំង ក្រុងនិងខេត្តកំពង់ឆ្នាំងបានឲ្យដឹងថាម្ទេសស្រស់ ចំនួន៦គីឡូក្រាមធ្វើបានម្ទេសឆ្អើត្រឹមតែ១គីឡូក្រាមប៉ុណ្ណោះ។ម្ទេសគ្រាមអាចលក់បានក្នុងមួយគីឡូក្រាមមានតម្លៃចាប់ពី ១៣០០០រៀលទៅ៤០០០០រៀល។

ប្រជាពលរដ្ឋបានឲ្យដឹងថា ពួកគាត់សប្បាយចិត្តនៅពេលដែលផលម្ទេសបានច្រើន បើតម្លៃបានមួយកម្រិតទៀតនោះ រឹតតែធ្វើឲ្យគាត់កាន់តែសប្បាយ ។

ពាក់ព័ន្ធនឹងតម្លៃនេះ លោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំង បានបញ្ជាក់ប្រាប់ថា ពាក់ព័ន្ធនិងតម្លៃទីផ្សារកសិកម្មនេះ មន្ទីរតែងតែបានយកចិត្តទុកដាក់ ប៉ុន្តែដោយសារទីផ្សារសេរី តម្លៃទំនិញមានការប្រកួតប្រជែងដូច្នេះ គឺតម្លៃនេះទៅតាមផលរបស់ប្រជាពលរដ្ឋ បើសំបូរគឺតម្លៃទាប បើផលបានមិនឆ្លើយតបទីផ្សារនោះតម្លៃខ្ពស់ ។ មានតែមន្ទីរពាណិជ្ជកម្មទេដែលអាចរកទីផ្សារនេះបានសម្រាប់កសិករ ៕ ចន្ថា