ព័ត៌មានទាន់ហេតុការណ៍៖

ម្នាក់ទៀតហើយ! នេះចំលោកគ្រូបង្ក្រៀនទៀត នៅខេត្តកណ្តាលដដែលហ្នឹង

ខេត្តកណ្ដាលៈ បុរសជាគ្រូបង្រៀនម្នាក់ ស្លាប់ក្នុងថ្លុកឈាមយ៉ាងអាណោចអាធ័ម ខណៈកំពុងជិះម៉ូតូត្រូវរថយន្ដមួយគ្រឿងបើកល្បឿនលឿន ខ្វះការប្រុងប្រយ័ត្នបុកពេញមួយទំហឹង នៅ វេលាម៉ោង២០និង២៥នាទី ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៨ លើកំណាត់ផ្លូវជាតិលេខ២១ ស្ថិតក្នុងភូមិព្រែកអុងប៉ាង ឃុំទឹកវិល ស្រុកស្អាង ខេត្តកណ្តាល ។

មន្រ្ដីនគរបាលចរាចរណ៍ស្រុកស្អាងបានឲ្យដឹងថា ជនរងគ្រោះបាត់បង់ជីវិតឈ្មោះ មៃ ប៊ន ភេទប្រុស អាយុ៤៨ឆ្នាំ មុខរបរ ជាគ្រូបង្រៀន មានទីលំនៅភូមិខ្ពបលើ ឃុំ ខ្ពប ស្រុកស្អាង ខេត្តកណ្តាល ជិះម៉ូតូម៉ាកSUZUKI VIVA ពណ៌ខ្មៅ ពាក់ស្លាកលេខ កណ្ដាល1A-3051 ។ ចំណែកឯរថយន្ដមិនស្គាល់ម៉ាក បើកបរជនមិនស្គាល់អត្ដសញ្ញាណ បើករថយន្ដរត់គេចខ្លួនបាត់ស្រមោល ។

ប្រភពដដែលបន្ដថា នៅមុនពេលកើតហេតុ សាក្សីបានឃើញជនរងគ្រោះខាងលើបើកបរម៉ូតូតាមបណ្ដោយផ្លូវជាតិលេខ២១ ក្នុងទិសដៅពីពីត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុ ត្រង់ផ្លូវកោង ស្រាប់តែរថយន្ដមិនស្គាល់ម៉ាកខាងលើបានបើកបោះពួយយ៉ាងលឿន ដែលធ្វើដំណើរច្រាស់ទិសគ្នា បានជ្រុលទៅបុកម៉ូតូជនរងគ្រោះពេញមួយទំហឹង បណ្ដាលឲ្យជនរងគ្រោះជាអ្នកបើកបរម៉ូតូដួលបោកទៅនឹងផ្លូវបាត់បង់ជីវិតភ្លាមៗនៅកន្លែងកើតហេតុ រីឯរថយន្ដបានបើករត់គេចខ្លួនបាត់ស្រមោលតែម្ដង ។

ក្រោយពីមានហេតុការណ៍កើតឡើង សមត្ថកិច្ចចរាចរណ៍ស្រុកបានចុះមកវាស់វែងកសាងឯកសារដកហូតម៉ូតូជនរងគ្រោះយកមកអធិការដ្ឋាននគរបាលស្រុក ដើម្បីចាត់ការតាមច្បាប់ ។ ចំណែកឯសាកសពជនរងគ្រោះត្រូវបានសមត្ថកិច្ចប្រគល់ទៅឲ្យក្រុមគ្រួសារយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕ ស្អាងជ័យ