ព័ត៌មានទាន់ហេតុការណ៍៖

យកខ្សែដៃក្លែងក្លាយទៅបញ្ចាំនៅផ្ទះលក់គ្រឿងអលង្កាម្ចាស់ដឹងទាន់ចាប់ប្រគល់ឲ្យសមត្ថកិច្ច

 

ភ្នំពេញ៖ ជនសង្ស័យម្នាក់ ត្រូវអ្នកលក់គ្រឿងអលង្កាចាប់ឃាត់ខ្លួនយកមកប្រគល់ឲ្យសមត្ថកិច្ចប៉ុស្តិ៍ទឹកថ្លា សាកសួរ បន្ទាប់ពីរូបគេបានយកខ្សែដៃក្លែងក្លាយ១ខ្សែទម្ងន់៦ជីយកទៅបញ្ចាំ។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១និង១០នាទីរសៀល ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ ២០១៧ នៅចំណុចផ្ទះលេខ១៦៣ ផ្លូវបេតុង ភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។

ប៉ូលីសនិយាយថា ជនសង្ស័យមានឈ្មោះ ទិត វណ្ឌី ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរមិនពិត ស្នាក់នៅសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំកាមន និងមានស្រុកកំណើតភូមិក្រោលគោ ឃុំក្រោលគោ ស្រុកស្វាយទាប ខេត្តស្វាយរៀង។ ចំណែកដើមបណ្តឹងមានឈ្មោះ សាន់ ស្រីទូច ភេទស្រី អាយុ៣៤ឆ្នាំ មុខរបរលក់គ្រឿងអលង្កា ស្នាក់នៅផ្ទះលេខ១៦៣ ផ្លូវលំ ភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។

ប្រភពពីស្ត្រីដើមបណ្តឹងបានឲ្យដឹងថា នៅមុននិងឃាត់ខ្លួនជនសង្ស័យខាងលើ ដោយសារតែរូបគេ(ជនសង្ស័យ)បានយកខ្សែដៃ១ខ្សែ ដែលមានទម្ងន់៦ជី ហើយដាក់បញ្ចាំក្នុងតម្លៃ៥០ដុល្លារ។ ពេលនោះរូបគាត់បានយកខ្សែដៃនោះទៅពិនិត្យ ក៏ឃើញថាជារបស់ក្លែងក្លាយ ទើបឃាត់ខ្លួនហើយរាយការណ៍ទៅសមត្ថកិច្ចឲ្យចុះមកអន្តរាគមន៍តែម្តង។

ប្រភពដដែលបន្តទៀតថា អ្វីដែលធ្វើឲ្យគាត់សង្ស័យនោះ គឺក្នុងខែកក្កដានេះ មានក្រុមសង្ស័យចំនួន៤នាក់បានយកខ្សែក ខ្សែដៃ កងដៃ មកបន្លំបញ្ចាំ ដោយគាត់ចំណាយប្រាក់អស់ចំនួនជាង៦០០ដុល្លារហើយក៏គេចខ្លួន លុះដល់ថ្ងៃកើតហេតុ ស្រាប់តែមានជនសង្ស័យខាងលើបានយកខ្សែដៃទំងន់ដល់ទៅ៦ជីមកបញ្ចាំ ដោយយកប្រាក់ត្រឹមតែ៥០ដុល្លារធ្វើឲ្យគាត់មានការសង្ស័យ ក៍យកទៅពិនិត្យទើបដឹងថា ក្លែងក្លាយ។

NKD-36x6_outline

នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានឆ្លើយប្រាប់ថា ខ្សែដៃនេះមានទំងន់៤ជីជារបស់ប្រពន្ធខ្លួនដែលទិញនៅផ្សារច្បាអំពៅក្នុងតម្លៃជាង៤០០ដុល្លារ ហើយនៅថ្ងៃកើតហេតុ ប្រពន្ធខ្លួនបានទៅធ្វើការរោងចក្រ ហើយរូបគេអត់លុយចាយ ក៏យកខ្សែដៃនោះទៅដាក់បញ្ចាំចំនួន៥០ដុល្លារ ស្រាប់តែម្ចាស់ផ្ទះលក់គ្រឿងអលង្កាថា ជារបស់ក្លែងក្លាយ ក៏ឃាត់ខ្លួនឲ្យសមត្ថកិច្ចតែម្តង។

បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខដើម្បីចាត់ការបន្តតាមផ្លូវច្បាប់៕ តុង សីហា