ព័ត៌មានទាន់ហេតុការណ៍៖

យកខ្សែនីឡុងចងកធ្វើអត្តឃាតបានសម្រេច

ខេត្តពោធិ៍សាត់៖ នគរបាលស្រុកវាលវែង អះអាងថា បុរសមានសតិមិនប្រក្រតីម្នាក់ បានចងកធ្វើអត្តឃាតបានសម្រេច នៅលើដើមខ្នុរនៅក្បែរផ្ទះ ។

ហេតុការណ៍ខាងលើ បានភ្ញាក់ផ្អើលវេលាម៉ោងរំលងអធ្រាត្រឈានចូលថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១៨ ត្រង់ចំណុចដើមខ្នុរក្បែផ្ទះ ស្ថិតក្នុងភូមិគៀនជង្រុក ឃុំអូរសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់។

ប្រភពព័ត៌មានពីនគរបាលបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ វៀង ប៉ូញ ភេទប្រុស អាយុ ៣០ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅភូមិ.ឃុំកើតហេតុ ។

សមត្ថកិច្ចនគរបាលបានចុះពិនិត្យ និងស្រាវជ្រាវជុំវិញកន្លែងកើតហេតុ ជនរងគ្រោះពិតជាស្លាប់ដោយយកខ្សែនីឡុងប្រវែង ៣ម៉ែត្រ ចងព្យួរទៅនឹងមែកដើមខ្នុរពិតប្រាកដ សាកសពបានធ្វើកំណត់ហេតុប្រគល់ជូនក្រុមគ្រួសារសាច់ញាតិ ដើម្បីទទួលយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី៕ ប៉ឹម ពិន