ព័ត៌មានទាន់ហេតុការណ៍៖

យកដុំថ្មគប់ដំបូលឃ្លាំងឡានគេមិនដឹងមូលហេតុត្រូវប៉ូលិសចាប់ខ្លួនដាក់ខ្នោះ

ភ្នំពេញ៖ បុរសម្នាក់មិនដឹងយ៉ាងម៉េច បែរជាយកដុំថ្មទៅគប់លើដំបូលឃ្លាំងរថយន្តរបស់គេបណ្តាលឲ្យធ្លុះខូចខាត ត្រូវម្ចាស់គេឃើញទាន់ប្តឹងសមត្ថកិច្ចឲ្យចាប់ខ្លួន ដោយចោទពីបទបំផ្លិចបំផ្លាញទ្រព្យសម្បត្តិអ្នកដទៃ(ធ្លុះដំបូល) កាលពីវេលាម៉ោង៩និង១០នាទីយប់ ថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៧ នៅចំណុចឃ្លាំលេខ៥៨១ ផ្លូវបេតុង ភូមិស្លែងរលើង សង្កាត់អូបែកក្អម ខណ្ឌសែនសុខ។

ប៉ូលិសប្រាប់ថា ជនសង្ស័យមានឈ្មោះ ដឹក ចាន់វណ្ណៈ ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរមិនពិត ស្នាក់នៅផ្ទះលេខ៥៨៣ ផ្លូវបេតុង ភូមិស្លែងរលើង សង្កាត់អូបែកក្អម ខណ្ឌសែនសុខ។

ចំណែកដើមបណ្តឹងមានឈ្មោះ នៅ ចំណាន ភេទប្រុស អាយុ៣៦ឆ្នាំមុខរបរជាងបាញ់ថ្នាំរថយន្ត ស្នាក់នៅផ្ទះលេខ៥៨១ ភូមិស្លែងរលើង សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ។

លោក នៅ ចំណាន ដែលជាដើមបណ្តឹងបានរាយការណ៍ប្រាប់សមត្ថកិច្ចថា៖ នៅមុនពេលកើតហេតុ រូបគាត់កំពុងតែប៉ូលារថយន្តក្នុងឃ្លាំង ស្រាប់តែឃើញជនសង្ស័យយកដុំថ្មគប់មកលើដំបូលស័ង្កសីឃ្លាំងឡានរបស់គាត់បណ្តាលឲ្យធ្លុះ ពេលនោះគាត់ ក៏ចាប់ជននោះប្រគល់ឲ្យសមត្ថកិច្ចប៉ុស្តិ៍ទឹកថ្លាតែម្តង។

NKD-36x6_outline

ដោយឡែកលោក សុខ សុផល នាយនគរបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់ទឹកថ្លាបានប្រាប់ឲ្យដឹថា បន្ទាប់ពីទទួលបានព័ត៌មានថា មានករណីជនសង្ស័យយកដុំថ្មគប់លើដំបូលឃ្លាំងគេ ភ្លាមនោះលោកបានបញ្ជាកម្លាំងឲ្យចុះទៅដល់កន្លែងកើតហេតុ ឃាត់ជនសង្ស័យរូបនោះមកកាន់ប៉ុស្តិ៍សាកសួរតែម្តង។

លោកបន្តថា ក្រោយពីសួរនាំ ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានយកដុំថ្មទៅគប់លើដំបូលស័ង្កសីឃ្លាំងឡានគេពិតប្រាកដមែន។

សមត្ថកិច្ចបញ្ជាក់ថា ជនសង្ស័យនេះមានផ្ទុកនូវសារធាតុញៀនទៀតផង។

បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួននៅធិការដ្ឋាននគរបាលខណ្ឌសែនសុខដើម្បីចាត់ការបន្ត៕
ដោយ៖ តុង សីហា