ព័ត៌មានទាន់ហេតុការណ៍៖

យក​ផ្លូវ​សាធារណៈ​ដាក់​សំរាម​ផ្ទាល់ខ្លួន​ មិន​ខ្វល់​ពី​អ្នក​រស់នៅ​ក្បែរ​ខាង​

​ភ្នំពេញ​ ៖​ បិ​រ​ស្ថាន​ស្អាត​ រមណីយដ្ឋាន​ស្អាត​ សេវា​ល្អ​ គឺជា​ពាក្យស្លោក​មួយ​ដែល​ក្រសួងទេសចរណ៍​បាន​ដាក់​ចេញ​ ដើម្បី​ជា​គោលនយោបាយ​ថែរក្សា​បរិស្ថាន​នៅ​ជុំ​ខ្លួន​ឲ្យ​បាន​ស្អាត​។​ ក្រៅពី​នេះ​ ទៀត​ហូប​ស្អាត​ ផឹក​ស្អាត​ រស់នៅ​ស្អាត​ ក៏​ជា​គោលនយោបាយ​មួយ​ផ្សេង​ទៀត​ ដែល​មាន​ន័យ​ស្រ​ដៀង​គ្នា​នោះ​ដែរ​ ដែល​តម្រូវ​ឲ្យ​ប្រជាពលរដ្ឋ​គ្រប់​រូប​ គួរ​ចូលរួម​អនុវត្ត​ឲ្យ​បាន​ខ្ជាប់ខ្ជួន​ ដើម្បី​ឲ្យ​បរិស្ថាន​ជុំវិញ​ខ្លួន​ម្នាក់ៗ​មាន​ភាពល្អ​ មាន​ផាសុកភាព​ក្នុង​ការ​រស់នៅ​។​

​ផ្ទុយ​ទៅ​វិញ​ គេ​បែរជា​មើលឃើញ​ថា​ម្ចាស់ផ្ទះ​ជួល​មួយ​កន្លែង​ ស្ថិត​នៅ​ភូមិ​ដំណាក់​ធំ​ពីរ​ ក្រុម​១១​ សង្កាត់​ស្ទឹង​មាន​ជ័យ​ ខណ្ឌមានជ័យ​ ត្រូវ​ពលរដ្ឋ​រស់នៅ​ក្បែរ​ខាង​រិះគន់​ ដោយសារ​តែ​ម្ចាស់ផ្ទះ​នោះ​បាន​យក​សំរាម​ទៅ​ចោល​នៅ​នឹង​ផ្លូវ​។​ ហើយ​មិនតែប៉ុណ្ណោះ​ទៀត​សោត​ ម្ចាស់ផ្ទះ​ជួល​នេះ​បណ្តោយ​ឲ្យ​អ្នក​ជួល​ផ្ទះ​របស់​ខ្លួន​ដែល​នៅ​ជាន់​លើ​ បោះ​សំរាម​ពាស​វាល​ពាស​កាល​ថែម​ទៀត​ ដែល​មើលទៅ​ទីនោះ​ហាក់ដូចជា​កន្លែង​ចាក់សំរាម​ទៅ​ហើយ​ ។​

​ក្រុម​ប្រជាពលរដ្ឋ​ដែល​មានផ្ទះ​ក្បែរ​ខាង​នោះ​និយាយ​ថា​ សំរាម​ត្រូវ​បាន​គេ​ចោល​ពាស​វាល​ពាស​កាល​តាម​ផ្លូវ​សាធារណៈ​។​ ជួនកាល​អ្នក​ជួល​ផ្ទះ​នោះ​ បាន​ចោល​សំរាម​ចោល​ពីរ​ជាន់​ទី​1​ ទី​2​រំលង​ក្បាល​ប្រជាពលរដ្ឋ​ដែល​កំពុង​ធ្វើ​ដំណើរ​តាម​ផ្លូវ​ទៀត​។​ ករណី​នេះ​ ត្រូវ​ប្រជាពលរដ្ឋ​ក្បែរ​ខាង​ធ្លាប់​ប្រាប់​ទៅ​ប្រធាន​ភូមិ​ដែរ​ តែ​មិន​ដែល​ឃើញ​ខាង​ភូមិ​ ឬ​អាជ្ញាធរ​ចុះ​មក​ណែនាំ​ដល់​ម្ចាស់ផ្ទះ​នោះ​ទេ​។​ ចំណែក​ម្ចាស់ផ្ទះ​វិញ​ ក៏​ដូច​ជា​មិន​ដែល​ខ្វាយខ្វល់​នឹង​ប៉ះពាល់​ដល់​អ្នក​ជិតខាង​នោះ​ឡើយ​ ហើយ​ក៏​មិន​ដែល​ណែនាំ​អ្នក​មក​ជួល​ផ្ទះ​ខ្លួន​ដែរ​ ដោយ​បណ្តោយ​ឲ្យ​មានការ​ចោល​សំរាម​ពាស​វាល​ពាស​កាល​មិន​គួរ​គប្បី​បន្ដិច​សោះឡើយ​ ។​

​ទាន់​ទិន​នឹង​បញ្ហា​នេះ​ នគរវត្ត​មិន​ទាន់​អាច​ទាក់ទង​សុំ​ការ​បំភ្លឺ​បាន​ទេ​ ពី​ម្ចាស់ផ្ទះ​ជួល​ខាងលើ​ ក៏​ដូច​ជា​អាជ្ញាធរ​មូលដ្ឋាន​ ព្រោះ​ពុំ​មាន​លេខ​ទូរស័ព្ទ​៕​ វិបុល​

samram